ភ្នំពេញៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន «សម្តេចតេជោ (TYDA)» បានធ្វើការវះកាត់យកក្បាលគ្រាប់កាំភ្លើង ១ គ្រាប់ ចេញពីក្នុងក្បាលបុរសម្នាក់ ដែលបៀមគ្រាប់ ជាង ៣០ ឆ្នាំមកហើយ បានសម្រេចដោយជោគជ័យ កាលពីថ្ងៃទី ១៧ កុម្ភៈ។
លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ អនុប្រធានប្រតិបត្តិនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលមានជំនាញវះកាត់ប្រព័ន្ធប្រាសាទខួរក្បាល និងឆ្អឹងខ្នងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ កុម្ភៈថា បុរសអ្នកជំងឺរូបនោះឈ្មោះ ហ៊ុល ស៊ីដែន អាយុ ៣៥ ឆ្នាំ រស់នៅសង្កាត់ ត្រពាំងក្រសាំង ខណ្ឌកំបូល។
បុរសអ្នកជំងឺរូបនោះត្រូវបានវះកាត់និងកំពុងសម្រាកព្យាបាល នៅគ្លីនិកអង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា (CMMCJeremiah’s Hope) ស្ថិតនៅផ្លូវ ១២៨ (កម្ពុជាក្រោម) សង្កាត់ មិត្តភាព ខណ្ឌ ៧ មករា។ ក្បាលគ្រាប់ ១ គ្រាប់ ដែលបៀមនៅក្នុងខួរក្បាលនោះបានធ្វើឱ្យគាត់ប្រកាច់ជារៀងរាល់ថ្ងៃ។
ករណីនេះក្រុមគ្រូពេទ្យ TYDA បានស្កេនឃើញក្បាលគ្រាប់ ១ គ្រាប់នៅក្នុងខួរក្បាលគាត់ផ្នែកខាងស្តាំ ហើយបានពន្យល់គាត់អំពីលទ្ធភាពក្នុងការវះកាត់លលាដ៍ក្បាល ដើម្បីយកគ្រាប់ចេញ«ហើយយើងទទួលបានជោគជ័យ»។
លោកថ្លែងថា៖«ប្រហែលជាបានដឹងស្គាល់ខ្លះៗហើយ គឺសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលយើងធ្វើសកម្មភាពចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ។ បើជំងឺណាធ្ងន់ៗយើងបញ្ជូនមកព្យាបាលបន្តនៅតាមមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ»។
លោកវេជ្ជបណ្ឌិតបានរំឭកថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមគ្រូពេទ្យ TYDA ដែលដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី និងលោក ហ៊ុន ម៉ាណែត បានចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌកំបូល។ នៅពេលនោះបុរសអ្នកជំងឺឈ្មោះ ហ៊ុល ស៊ីដែន បានស្កាត់ទៅជួប ហើយគាត់បានប្រកាច់ ក៏ត្រូវបានលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ពិភាក្សាជាមួយលោក ហើយបានដឹកយកមកព្យាបាលនៅក្នុងគ្លីនិករបស់អង្គការ ស៊ី.អិម.អិម.ស៊ីក្តីសង្ឃឹមនៃយេរេមា (CMMC Jeremiah’s Hope) តែម្តង។
លោក វេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានស្រង់សម្តីរបស់ម្តាយអ្នកជំងឺថា បុរសឈ្មោះ ហ៊ុល ស៊ីដែន កាលពីគាត់នៅមានអាយុ៣ឆ្នាំមិនដឹងជាមានគ្រាប់កាំភ្លើងហោះមកពីណាទេ បានធ្លាក់ចំក្បាលកូនរបស់គាត់ ហើយត្រូវសន្លប់រយៈពេល ២ សប្តាហ៍។ បន្ទាប់ពី២សប្តាហ៍នោះមកកុមារ ហ៊ុល ស៊ីដែន បានដឹងខ្លួនវិញតែជនរងគ្រោះមានសតិមិនប្រក្រតី ហើយចេះតែរីកចម្រើនធំធាត់ដូចគេដូចឯង គ្រាន់តែគាត់ប្រកបការងារអ្វីមិនបាន ព្រោះប្រកាច់រហូត។
លោកបញ្ជាក់តាមសម្តីស្រ្តីជាម្តាយអ្នកជំងឺទៀតថា ក្រោយៗមកទៀត ម្តាយរបស់អ្នកជំងឺបានទៅរកអង្គកាឯកជនមួយ ដើម្បីព្យាបាល ហើយអង្គការនោះ បានផ្តល់ថ្នាំដល់កូនរបស់គាត់ ដើម្បីលេបសម្រួលដល់ជំងឺប្រកាច់។
ប៉ុន្តែថ្នាំប្រកាច់ដល់ទៅ ៣ មុខ ហើយមានកម្រិតខ្ពស់ទៀត ដែលខាងអង្គការឱ្យលេបនោះ ក៏នៅតែមិនអាចជួយសម្រួលបានដែរ។ ថ្នាំដែលគាត់លេបនោះបានធ្វើឱ្យគាត់ងងុយគេងរហូត ហេតុដូច្នេះហើយ ទើបមិនអាចឱ្យគាត់បានធ្វើការងារអ្វីកើតដើម្បីរកប្រាក់ជួយម្តាយ។
លោក វេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា៖ «សង្ឃឹមថា ទៅថ្ងៃក្រោយ យើងបន្ថយថ្នាំដើម្បីកុំឱ្យគាត់ចេះតែប្រកាច់ញឹកញាប់ពេក។ ក្រោយពីវះកាត់បាន ៤ ថ្ងៃនេះ ហើយ (ថ្ងៃទី ២១ កុម្ភៈ) គឺគាត់លែងប្រកាច់ដែរហើយឃើញថា គាត់គ្រាន់បើជាងមុនហើយ គាត់លែងសូវងងុយគេងដែរ។ ខ្ញុំគិតថា បានផលល្អដែរ។ យើងវៈកាត់ដោយក្រុមគ្រូពេទ្យខ្មែរយើងសុទ្ធសាធតែម្តង»៕
វីដេអូ៖