
លោកហ៊ុន សែន ក្នុងជំនួបជាមួយលោកដូមីនិក វីលៀម(Dominic Williams) កាលពីថ្ងៃទី២០កុម្ភៈ។ រូបថត SPM
ភ្នំពេញៈ អ្នកឃ្លាំមើលនិងអ្នកសិក្សាពីបញ្ហាភូមិសាស្ត្រនយោបាយលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-អង់គ្លេសកំពុងវិវត្តទៅរកភាពកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានការចូលចតរបស់នាវាចម្បាំង HMS SPEY-(P234) នៃកងទ័ពជើងទឹកអង់គ្លេសនៅក្រុងកំពង់ផែក្រុងព្រះសីហនុ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អង់គ្លេស មានការវិវត្តជាវិជ្ជមានគួរឲ្យកត់សម្គាល់។
ការមានទំនាក់ទំនងល្អជាមួយអង់គ្លេសគឺជារឿងចាំបាច់ ព្រោះអង់គ្លេសជាប្រទេសដើរតួនាទីសំខាន់ មានទឹកមាត់ប្រៃនៅសហភាពអឺរ៉ុប។ ការពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប ជាការសបញ្ជាក់ពីការធ្វើពិពិធកម្មនយោបាយ ការបរទេសរបស់កម្ពុជា ដែលបើកទ្វារទទួលកិច្ចសហប្រតិបត្តិការគ្រប់ប្រទេសនានាទាំងអស់ ដែលជាគោលនយោបាយការបរទេសផ្កាចម្រុះពណ៌។
លោកគិន ភា គូសបញ្ជាក់ថា៖ «អង់គ្លេសជាប្រទេសមិត្ត ជាម្ចាស់ជំនួយសំខាន់មួយសម្រាប់កម្ពុជាលើវិស័យធនធានមនុស្ស បរិស្ថាន សុខាភិបាល និងការគាំពារសុខុមាលភាពប្រជាជន ហើយអង់គ្លេសក៏ជាទីផ្សារនាំចេញសំខាន់របស់កម្ពុជាយើងដែរ ដែលទំហំផ្លាស់ប្តូរពាណិជ្ជកម្មមានតម្លៃប្រមាណជិត ១ពាន់លានដុល្លារដែរ កាលពីឆ្នាំទៅ ដែលជាសញ្ញាវិជ្ជមានដែលយើងគួរសាទរ»។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លើកឡើងថា ចាប់តាំងពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសចាប់ផ្តើមយកចិត្តទុកដាក់ជាមួយប្រទេសតូចៗ ជាពិសេសបណ្តាប្រទស នៅអាស៊ីអាគ្នេយ៍ ឬអាស៊ាន ហើយអង់គ្លេសក៏បានក្លាយជាដៃគូសន្ទនាជាមួយអាស៊ានផងដែរក្នុងឆ្នាំ២០២២ ដែលផ្តោតលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាចម្បង។ ប្រទេសណាក៏ដោយ ក្នុងតំបន់អាស៊ាន សុទ្ធតែមានសារៈសំខាន់ សម្រាប់អង់គ្លេស ដោយសារក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អង់គ្លេស។
លោកសេង វណ្ណលី ថា ទំនាក់ទំនងកម្ពុជានិងអង់គ្លេស មានភាពល្អប្រសើរ ដែលកម្ពុជា ជាប្រទេសសកម្មមួយ ដែលបានជួយសម្រួលអង់គ្លេស ឱ្យក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ដែលជាប្រទេសកំពុងមានការរីកលូតលាស់សេដ្ឋកិច្ច ព្រមទាំងមានភាពសកម្មលើនយោបាយការបរទេសក្នុងតំបន់ និងអន្តរជាតិ។
អង់គ្លេសជាប្រទេសប្រភពទីផ្សារដ៏ធំមួយ សម្រាប់កម្ពុជាទាំងគ្រានៅក្នុងសហភាពអឺរ៉ុប និងក្រោយចាកចេញ ខណៈអង់គ្លេសបានសន្យារក្សាលក្ខន្តិកៈដូចប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយកម្ពុជាទោះបីចាកចេញពីសហភាពអឺរ៉ុបក្តី។
សម្រាប់លោកឈួន វណ្ណដាសម្បត្តិ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព(CICP) យល់ថា ទំនាក់ទំនងកម្ពុជា-អង់គ្លេស ក្នុងពេលបច្ចុប្បន្ន វិវត្តមកប្រសើរឡើងជាងពេលណាៗទាំងអស់ ក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ ដែលប្រទេសទាំង២បានធ្វើកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ លើវិស័យជាច្រើន តួយ៉ាងពាណិជ្ជកម្ម សេដ្ឋកិច្ច ការអប់រំ ការវិនិយោគ និង វិស័យបរិស្ថាន។
លោកឈួន វណ្ណដាសម្បត្តិ ថ្លែងថា៖ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអង់គ្លេស គឺជាយុទ្ធសាស្តដ៏សំខាន់សម្រាប់កម្ពុជា ស្របពេលដែលអង់គ្លេស ក៏មានការប្តេជ្ញាចិត្ត និងផ្តល់អាទិភាព ក្នុងការពង្រីកនិងពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងអាស៊ាន ដូចមានជាលទ្ធផលនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចក្រភពអង់គ្លេស ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគត ដែលកំណត់ជាមួយរដ្ឋសមាជិកអាស៊ាន។
លោកឈួន វណ្ណដាសម្បត្តិ យល់ថា ការពង្រឹងទំនាក់ទំនងជាមួយអង់គ្លេស គឺជាយុទ្ធសាស្រ្តល្អរបស់កម្ពុជា លើគោលនយោបាយប្រកបដោយតុល្យភាពក្នុងទំនាក់ទំនងការបរទេស ខណៈអង់គ្លេស សម្លឹងឃើញកម្ពុជាក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ជាមួយការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយ ក្នុងសកលលោកថ្មី។
បច្ចុប្បន្ននេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកដូមីនិក វីលៀម(Dominic Williams) ជាអ្នកការទូតលោកខាងលិចម្នាក់ ដែលតែងព្យាយាមនិយាយនិងប្រើប្រាស់ភាសាខ្មែរ។ លោកបានទទួលការចាប់អារម្មណ៍ជាខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្នុងជំនួបមួយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកដូមីនិក វីលៀម(Dominic Williams)បង្ហាញពីមហិច្ឆតា ចង់ប្រើតួនាទីរបស់លោកដើម្បីពង្រីកទំនាក់ទំនងកម្ពុជា-អង់គ្លេស ឱ្យកាន់តែល្អថែមទៀត។ លោកបានលើកឡើងពីការចង់ជួយលើកស្ទួយវិស័យនានារបស់កម្ពុជាតួយ៉ាង សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវិស័យបរិស្ថានជាដើម ខណៈទំនាក់ទំនងនៃប្រទេសទាំង២មានរយៈពេលជាង ៧០ឆ្នាំមកហើយ។
តាមរយៈសេចក្តីប្រកាសពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឲ្យដឹងថា លោកដូមីនិក វីលៀម និងលោកហ៊ុន សែន បានពិភាក្សាការងារលើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំនេះ រួមទាំងបញ្ហាទាក់ទងនឹងការចូលរួមរបស់ក្រុមភាគីជំទាស់ និងសេរីភាពសារព័ត៌មាន ជាពិសេសបានចែករំលែក លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយប្រព័ន្ធអន្តរជាតិ និងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងក៏បាន ឯកភាពលើសារៈសំខាន់នៃអាស៊ានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក ដូមីនិក វីលៀម ប្រាប់លោកហ៊ុន សែន ដូច្នេះថា៖«មហិច្ឆតារបស់ខ្ញុំ គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង »។
លោក ហ៊ុន សែន បានអបអរចំពោះវត្តមានលោក ដូមីនិក វីលៀម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ លោកក៏ថ្លែងអំណរគុណ និងកោតសរសើរលោកដូមីនិកផងដែរ ហើយក៏បានសម្តែងការអរគុណដល់អង់គ្លេសចំពោះការងារជួយកម្ពុជាក្នុងកាងារដោះមីន។
លោកហ៊ុន សែន គូសបញ្ជាក់ប្រាប់ឯកអគ្គរាជទូតអង់គ្លេសដូច្នេះថា៖ «កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើនជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥»។
លោកហ៊ុន សែន បន្ថែមថា លោកមានបំណងចង់ឱ្យមានសាកលវិទ្យាល័យរបស់អង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលលោកលើកទឹកចិត្តឱ្យមានវិនិយោគិនអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតក្នុងពេលខាងមុខ៕