ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើឱ្យក្រុមការងារ ពិនិត្យសំណើគម្រោងសកម្មភាពសហគមន៍ ដើម្បីនិរន្ដរភាពព្រៃឈើឡើងវិញ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីផ្តល់ប្រយោជន៍ដល់គ្រប់ភាគី ដែលមានទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងជាពិសេសគឺប្រជាពលរដ្ឋ។
ការស្នើរបស់រដ្ឋមន្ត្រីកសិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពី លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី និងធ្វើបទបង្ហាញពីគម្រោងសកម្មភាពសហគមន៍ ដើម្បីនិរន្ដរភាពព្រៃឈើ Community Action for Sustainable Forest (CASFor) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែកុម្ភៈ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ២០ ខែកុម្ភៈ ថា ក្នុងជំនួបនាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ក្រុមការងារនៃអង្គការ FAO បានធ្វើបទបង្ហាញជូនរដ្ឋមន្ដ្រីក្រសួងកសិកម្មអំពីគម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្ដរភាពព្រៃឈើ ដែលផ្ដោតលើការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។
អ្នកនាំពាក្យរូបនេះ ឱ្យដឹងថា បន្ទាប់ពីបានស្ដាប់បទបង្ហាញអំពីគម្រោងនេះរួច រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោកឌិត ទីណា បានណែនាំដល់ក្រុមការងារឱ្យពិនិត្យលើសំណើគម្រោងនេះឡើងវិញគ្រប់ទិដ្ឋភាព ដើម្បីប្រយោជន៍គ្រប់ភាគី រួមទាំងប្រជាពលរដ្ឋផងដែរ។
កញ្ញាបញ្ជាក់ថា៖«សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីឱ្យគម្រោងនេះសម្រេចទៅបានដោយជោគជ័យ ក្រុមការងាររៀបចំគម្រោងត្រូវពិនិត្យលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីផ្ដល់ប្រយោជន៍ដល់គ្រប់ភាគី ទាំងភាគីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងជាពិសេស គឺប្រជាពលរដ្ឋ»។
កញ្ញា អ៊ឹម រចនា បន្ថែមថា បើតាមសំណើដំបូង គម្រោងនេះគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅខែកក្កដា ឆ្នាំ ២០២៣។ ប៉ុន្តែកាលបរិច្ឆេទនេះអាចនឹងត្រូវរក្សាដដែល ឬយ៉ាងណា វាអាស្រ័យលើការសម្រេចចុងក្រោយ បន្ទាប់ពីក្រុមការងាររៀបចំគម្រោងត្រឡប់ទៅពិនិត្យ និងរៀបចំឡើងវិញ តាមអនុសាសន៍ណែនាំ និងអាទិភាពរបស់ក្រសួងកសិកម្ម។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងនេះមានអត្ថប្រយោជន៍ សម្រាប់សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងនោះសហគមន៍ព្រៃឈើ ទាំងចាស់ទាំងថ្មី មានចំនួនសរុប ១៧២ ស្មើនឹងប្រជាជន ៨៨ ៣១៧ នាក់ និងសហគមន៍តំបន់ការពារធម្មជាតិទាំងចាស់ទាំងថ្មី សរុបចំនួន ៤០ ស្មើនឹងចំនួនប្រជាជន ២៨ ៨៨៦ នាក់។
សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា បានបញ្ជាក់នៅថ្ងៃទី ២១ ខែកុម្ភៈថា លោកគាំទ្រចំពោះគំនិតផ្តួចផ្តើមឱ្យមានគម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្ដរភាពព្រៃឈើ ដែលគ្របដណ្តប់ខេត្តទាំង ៤ នៃតំបន់ព្រៃឡង់។ គម្រោងនេះអាចជាផ្នែកមួយ ដើម្បីជួយដល់ប្រជាជនក្រីក្រមួយចំនួន ឱ្យងាកចេញពីការប្រកបរបរ តាមរយៈស៊ីឈ្នួលអារឈើ ឬដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់ ឱ្យងាកមកប្រកបរបរផ្សេង ដែលមិនប៉ះពាល់ទៅដល់ធនធានធម្មជាតិ ធនធានព្រៃឈើ ហើយថែមទាំងលើកកម្ពស់ដល់ជីវភាពពួកគាត់បានទៀតផង។
លោកបានថ្លែងថា៖ «បើមើលឃើញថា គម្រោងនេះល្អ រដ្ឋក៏គួរតែលើកទឹកចិត្ត និងផ្តល់កញ្ចប់ថវិកា ឬជំនួយបច្ចេកទេសបន្ថែម ធានាថា គម្រោង ១ នេះនឹងអាចផ្តល់ផលប្រយោជន៍ជូនប្រជាជននៅក្នុងតំបន់បាន ១០០% ហើយយើងអាចចូលរួមទប់ស្កាត់មិនឱ្យមានប្រជាជនក្រីក្រខ្វះខាតទៅប្រកបរបរអារឈើ ដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃ សហគមន៍ដទៃទៀត»៕
វីដេអូ៖