ភ្នំពេញៈ គម្រោងរោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែខែឧសភា ឆ្នាំនេះ ស្របពេលដែលជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៤ ខាងមុខ។ គម្រោងទាំង ២ នេះ ត្រូវសង់ឡើង ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនៅតំបន់ជាយក្រុងភ្នំពេញនិងនៅភ្នំពេញ។
ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ ២ ម៉ែត្រក្រោមបាតទន្លេសាប កាលពីថ្ងៃទី ២១ ខែកុម្ភៈលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួងអាណាព្យាបាល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអនុម័តឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តគម្រោងវិនិយោគសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២។
លោករដ្ឋមន្ត្រីរូបនេះ បានបង្ហាញជំនឿថា៖ «គម្រោងបាក់ខែងទី៣ នឹងលេចជារូបរាងឡើងជាបន្តទៀត បន្ទាប់ពីគម្រោងបាក់ខែងទី១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភា និងគម្រោងបាក់ខែងទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់នាត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខនេះ»។
ជាមួយគ្នានេះលោកចមប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD រួមជាមួយសហគមន៍អឺរ៉ុប ដែលបានផ្តល់ជំនួយនិងកម្ចីដ៏មានសារៈសំខាន់ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតសរុបចំនួន ៣៩ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃនេះឡើង។
លោក ឡុង ណារ៉ូ អគ្គនាយកនៃអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ គ្រោងផលិតទឹកស្អាតចំនួន ៣៩០ ០០០ ម៉ែត្រត្រីគុណ ក្នុង ១ ថ្ងៃ ពោលគឺស្មើនឹង ៦០ ភាគរយ នៃសមត្ថភាពផលិតទឹកស្អាតនាពេលបច្ចុប្បន្ន ខណៈគម្រោងទាំង ២ នេះ គឺបានបន្ថែមការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរហូត ២៦៣ ០០០ គ្រួសារថែមទៀត។
លោកបានបញ្ជាក់ទៀតថា៖ «ក្រោយដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតបាក់ខែងទាំង ២ ជំហានខាងលើនេះ នឹងធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឡើងដល់ ១ ០២០ ០០០ ម៉ែត្រត្រីគុណ ក្នុង ១ ថ្ងៃ ផ្គត់ផ្គង់ចេញពីរោងចក្រទាំង ៥ និងគ្រោងអតិថិជនសរុប ៧១៤ ០០០ គ្រួសារ និងប្រវែងចែកចាយសរុប ៤ ៨៧០ គីឡូម៉ែត្រ នៅឆ្នាំ ២០២៤» ។
អាជ្ញាធរជំនាញធ្លាប់បញ្ជាក់ថា រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតថ្មីទាំង ២ នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញទទួលបានការផ្គត់ផ្គង់ទឹកស្អាត ដែលធានាបាននូវសម្ពាធទឹកល្អប្រសើរនៅពេលខាងមុខ។
ជុំវិញការសាងសង់រោងចក្រទាំង ២ ជំហាននេះ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ហ៊ីប៊ុណ្ណា បានបង្ហាញការសាទរចំពោះវត្តមានរោងចក្រទាំង ២ នេះ ដោយលោកថ្លែងថា រោងចក្រទឹកស្អាតទាំងនេះ នឹងជួយធានាដល់ការកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅទីក្រុងភ្នំពេញ ពិសេសនៅតំបន់ទីប្រជុំជនដែលងាយរងគ្រោះកាន់តែប្រសើរឡើង ១ កម្រិតទៀត។
អ្នកធ្វើការលើវិស័យទឹកស្អាត និងអនាម័យរូបនេះបានបញ្ជាក់ដែរថា៖ «ថ្វីដ្បិតតែនៅតំបន់ទីប្រជុំជនមានការអភិវឌ្ឍ តែក៏ឃើញមានតំបន់ប្រជុំជនខ្លះនៅជួបបញ្ហាប្រឈមនឹងការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត»។
បើតាមក្រសួងឧស្សាហកម្ម គម្រោងរោងចក្រផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ គឺជាសហហិរញ្ញប្បទានរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយទីភ្នាក់ងារបារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប(EU) រីឯគម្រោងរោងចក្រទឹកស្អាតបាក់ខែងជំហានទី២ វិញ គឺជាសហហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារបារាំង (AFD)៕