ភ្នំពេញៈ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ក្នុងការពង្រីកសក្តានុពលរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តរភាពដែលអ្នកធ្វើការក្នុងវិស័យកសិកម្មអាចនឹងទទួលបានអត្ថប្រយោជន៍នេះ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន (Strengtheningadaptive social insurance)។
លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង(ប.ស.ស.)បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីនាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឱ្យប.ស.ស.កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តការងារឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តរភាព។ ជាពិសេសអាចគ្របដណ្តប់ទៅដល់វិស័យកសិកម្មក្នុងការការពារហានិភ័យដែលអាចកើតឡើងក្នុងអំឡុងពេលមានវិបត្តិបច្ចេកវិទ្យានិងការប្រែប្រួលអាកាសធាតុដើម្បីរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។
លោកបានបង្ហាញក្ដីសង្ឃឹមថា៖«គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឱ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះដើម្បីចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។
បើតាមលោក ហេង សុផាន់ណារិទ្ធ បច្ចុប្បន្ននេះ ប.ស.ស. និងអង្គការហ្រេ្គត (GRET) កំពុងអនុវត្តគម្រោងស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(SPIN Project)ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និងមូលនិធិ Weave Our Future។
លោកបានបញ្ជាក់ថា៖«គម្រោងស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដើម្បីរួមចំណែកពង្រីកវិសាលភាពការគ្របដណ្តប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយ
ប្រសិទ្ធភាពសម្រាប់ក្រុមជនគោលដៅចំនួន២ក្រុមគឺ(ទី១)សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)និង(ទី២) សមាជិកសមាគមអ្នកបម្រើការងារក្នុងផ្ទះ(ADW)នៅក្នុងរាជធានីភ្នំពេញ»។
លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានថ្លែងក្នុងឱកាសនោះថា៖« គោលបំណងក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងគ្នានាពេលនេះ គឺផ្តោតសំខាន់ទៅលើការកំណត់អត្តសញ្ញាណ ដែលជាជម្រើសជាក់ស្តែងសម្រាប់បន្តការធានារ៉ាប់រងប្រកបដោយនិរន្តរភាពនៃការធានារ៉ាប់រងសង្គមទៅលើប្រជាជនក្រុមគោលដៅ»។
ចំណែកអង្គការ ហ្គ្រេតកម្ពុជា បានប្រកាសដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលនេះ គឺដើម្បីផ្ដល់ការប្តេជ្ញាចិត្តរបស់យើងក្នុងការបម្រើនិងសម្រួលដល់ក្រុមប្រជាជនងាយរងគ្រោះ ខណៈគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន គឺជាគម្រោងថ្មី។
អង្គការ ហ្គ្រេតកម្ពុជា បានបញ្ជាក់ថា៖«នៅក្នុងគម្រោងថ្មីដែលផ្តល់មូលនិធិដោយ AFD អង្គការហ្គ្រេត នឹងធ្វើការជាមួយ ប.ស.ស ដើម្បីស្វែងរកលទ្ធភាពនៃការពង្រីកការធានារ៉ាប់រងសង្គមដល់អ្នកធ្វើការក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលងាយប្រឈមនឹងហានិភ័យពីការប្រែប្រួលអាកាសធាតុ»។
តាមការអះអាងរបស់អង្គការ ហ្គ្រេតកម្ពុជា នៅប្រទេសកម្ពុជា ៧០ ភាគរយ នៃចំនួនប្រជាជនសរុបមិនទាន់មានការប្រើប្រាស់សន្តិសុខសង្គមនៅឡើយទេ ហើយអ្នកធ្វើការក្នុងវិស័យកសិកម្មស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតពីបញ្ហាអាកាសធាតុទាក់ទងនឹងសុខភាព អាហារ អាហារូបត្ថម្ភ ក៏ដូចជាប្រាក់ចំណូល។
អង្គការហ្គ្រេតកម្ពុជាបានបញ្ជាក់ថា«យើងមានមោទនភាពក្នុងការបន្តភាពជាដៃគូជាមួយ AFD និងNSSF ដើម្បីធ្វើការលើគម្រោងនេះដើម្បីជួយបម្រើប្រជាជនកម្ពុជា ជាពិសេសនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនេះ»៕