ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បន្តជួយកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ ខណៈ AFD សន្យាបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងឆ្នាំខាងមុខ ប្រមាណជាង ១០០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។
លោកស្នើដូច្នេះក្នុងជំនួបជាមួយលោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារ AFD កាលពីថ្ងៃទី ២១ ខែកុម្ភៈ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។
គេហទំព័រលោកនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបថា៖ «សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាព ដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍលើវិស័យទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង»។
គេហទំព័រដដែលបន្តថា លោក ហ៊ុន សែន បានប្រាប់លោករ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះមានការជំរុញការកែច្នៃស្រូវសម្រាប់ការនាំចេញ។ លោកក៏បានប្រាប់លោក រ៉េមី អំពីកង្វះខាត នូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងនាំអង្ករចេញពីកម្ពុជា។
លោក ហ៊ុន សែន បានបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជាដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃ សម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា ហើយថា ច្បាប់វិនិយោគនៅកម្ពុជា ដែលមានភាពអនុគ្រោះខ្លាំងនោះ គឺអនុញ្ញាត ឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០ ភាគរយ នៅកម្ពុជា។ ជាមួយនោះ ក៏អនុញ្ញាត ឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។
គេហទំព័រដដែលបញ្ជាក់ថា៖ «ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ»។
AFD បានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣។ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ពិធីប្រារព្ធខួប៣០ឆ្នាំរបស់ AFD នៅកម្ពុជា ត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នដៃគូ របស់ AFD លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក រ៉េមី និងលោកស្រី សង់ ឌ្រីន ប៊ូសេ តំណាង AFD ប្រចាំកម្ពុជា។
AFD បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២១ ខែកុម្ភៈ ថា AFD គឺជាដៃគូប្រកបដោយទំនុកចិត្តរបស់កម្ពុជាចាប់តាំងពីការបើកដំណើរការសាជាថ្មីរបស់ខ្លួន។ ក្នុងអំឡុងពេល ៣០ ឆ្នាំ បានផ្តល់ហិរញ្ញប្បទាន ប្រមាណ ៩០០ លានអឺ រ៉ូ(៩៥៩ លានដុល្លារ) សម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ការការពារបរិស្ថាន និងជីវចម្រុះ ថាមពល ទឹក និងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
AFD បានបញ្ជាក់ថា៖ «ការគាំទ្ររយៈពេលវែងនេះ បានជួយកែលម្អលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋ ១ លាននាក់នៅរាជធានីភ្នំពេញបានតភ្ជាប់បណ្តាញទឹកស្អាត ក៏ដូចជាលទ្ធភាពទទួលបានអគ្គិសនី នៅតាមបណ្តាខេត្តដាច់ស្រយាលនានា ដោយមានលំនៅឋានចំនួន ១៦៥ ០០០ បានតភ្ជាប់បណ្តាញអគ្គិសនី»។
ប្រភពដដែលបន្តថា ចាប់តាំងពីឆ្នាំ ២០១៧ សកម្មភាពរបស់ AFD បានកើនឡើងយ៉ាងលឿន ដោយការផ្តល់ហិរញ្ញប្បទានមានការកើនឡើង ៥០ ភាគរយ បើធៀបទៅនឹងហិរញ្ញប្បទានផ្តល់ឱ្យក្រោយឆ្នាំ ១៩៩៣។
AFD បានបន្ថែមថា៖ «ការផ្តល់ហិរញ្ញប្បទានថ្មីៗរបស់ AFD នឹងបន្តក្នុងឆ្នាំខាងមុខ ដោយមានទឹកប្រាក់ ១០០ លានអឺរ៉ូ [១០៦លានដុល្លារ] ទៅ ១៥០ លានអឺរ៉ូ [១៥៩ លានដុល្លារ] ក្នុង ១ ឆ្នាំ ដោយធ្វើការកៀរគររួមគ្នាជាមួយក្រុមអឺរ៉ុប (Team Europe) AFD ចូលរួមយ៉ាងសកម្មក្នុងការគាំទ្ររបស់អឺរ៉ុបក្នុងការអភិវឌ្ឍប្រទេសកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរបស់ AFD បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការប្រារព្ធខួប ៣០ ឆ្នាំនៃដំណើរការរបស់ AFD នៅកម្ពុជាក៏មានពិធីបើកការដ្ឋានខួងដាក់បំពង់ទឹកស្អាតក្រោមបាតទន្លេសាប ដោយប្រើប្រាស់ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច ក្នុងក្របខ័ណ្ឌគម្រោងបាក់ខែងដ៏ធំ ដែលផ្តល់សហហិរញ្ញប្បទានដោយ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មាន បាន ឱ្យដឹងថា ក្រៅពីនេះ ក៏មានការចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានជាមួយបេឡាជាតិសន្តិសុខសង្គម (បសស) ស្តីពីការអនុវត្តគម្រោងពង្រឹងធានារ៉ាប់រងសង្គម ដែលអាចសម្របខ្លួនបាន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើភាពជាដៃគូ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គិសនីកម្ពុជា និងសាកលវិទ្យាល័យ Grenoble Alpes របស់បារាំង ដើម្បីដាក់ឱ្យដំណើរការវេទិកាស្រាវជ្រាវសម្រាប់បំផ្លាស់ប្តូរថាមពល។
ប្រភពដដែល ក៏បានបញ្ជាក់ដែរថា ក្រៅពីចុះហត្ថលេខាជាមួយ បសស ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់សកម្មភាពរបស់ Expertise France នៅកម្ពុជា ដែលបើកផ្លូវដល់ការពង្រីកសកម្មភាពរបស់ស្ថាប័នបុត្រសម្ព័ន្ធរបស់ AFD នៅកម្ពុជានេះ៕