ភ្នំពេញ: ព្រឹត្ដិការណ៍សៀវភៅធំបំផុតក្នុងពិភពលោក Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១២ ខែមីនា នៅផ្សារទំនើបអូឡាំព្យ៉ា ត្រូវបានបើកសម្ពោធដោយលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោក កាញ៉ារីទ្ធ បានថ្លែងនៅថ្ងៃបើកសម្ពោធពិព័រណ៍សៀវភៅនោះថា លោកមានបំណងទិញសៀវភៅជាច្រើនក្បាលសម្រាប់អានខ្លួនឯង ដាក់បណ្ណាល័យក្រសួង និងដាក់នៅបណ្ណាល័យបញ្ញវន្តសម្រាប់អ្នកចូលចិត្ដអានសៀវភៅ។
លោកថ្លែងថា៖ «ជាមួយសៀវភៅកន្លះលានក្បាលសម្រាប់ឆ្នាំនេះ ខ្ញុំគិតថា ចំនួនលក់អស់យ៉ាងតិច ៣០ ម៉ឺនក្បាល។ ក្មួយៗណាខ្លះគិតថា លក់សៀវភៅថោក សុទ្ធតែជាសៀវភៅចាស់ៗ វាមិនមែនអ៊ីចឹងទេ វាជាសៀវភៅថ្លៃ ល្អ និងថោក។ ជាក់ស្ដែង សៀវភៅខ្លះតម្លៃ ៨០ ទៅ ១០០ ដុល្លារ គាត់លក់តែ ៣០ ដុល្លារ ២០ ដុល្លារ ឬ ១៥ ដុល្លារ។ អ៊ីចឹង គួរតែទិញ»។
លោកថ្លែងបន្តថា សៀវភៅនៅតែមានប្រយោជន៍ ទោះស្ថិតក្នុងសម័យអេឡិចត្រូនិកក៏ដោយ វាចាំបាច់ណាស់ចំពោះការអានសៀវភៅ ក្រៅពីការទទួលចំណេះដឹងពីគ្រូនៅសាលា។ ក្មេងជំនាន់នេះមានការពេញនិយមអានសៀវភៅច្រើន ខុសពីក្មេងសម័យជំនាន់ទសវត្សរ៍ ៨០ និង ៩០ ដែលមានការអានសៀវភៅតិច ដោយសារអត់មានសៀវភៅអាន និងបញ្ហាជីវភាព។
លោកថ្លែងថា៖ «សម័យខ្ញុំ និងសម័យនេះ សៀវភៅសម័យនេះមានច្រើនជាងសម័យខ្ញុំ ១ ពាន់ដង និងគុណភាពលើស ១ ម៉ឺនដង ដោយសម័យមុននោះកម្រមានណាស់សៀវភៅបោះពុម្ពស្អាតៗជាភាសាខ្មែរ។
លោកស្រី ទន់ សាអ៊ីម បានថ្លែងថា ដោយវិវឌ្ឍពីសៀវភៅសខ្មៅចម្លងតៗគ្នារហូតដល់មានការបោះពុម្ពសៀវភៅពណ៌ធម្មជាតិ សៀវភៅប្រកបដោយគុណភាពបានផ្ដល់នូវការជំរុញទឹកចិត្ដអ្នកអានឱ្យមានអារម្មណ៍ស្រស់បំព្រងបន្ថែមទៀត។
លោកស្រី ថ្លែងថា៖ «សៀវភៅជាទុនដ៏សំខាន់នៃបណ្ដុំចំណេះដឹងបន្ថែមទៀត។ ការតាំងពិព័រណ៍សៀវភៅនេះ ជាឱកាសមួយសម្រាប់ក្មួយៗ សិស្សានុសិស្សក៏ដូចជាបងប្អូនស្រឡាញ់ការអានអាចទិញសៀវភៅ ដែលមានការបញ្ចុះតម្លៃ»។
ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅបណ្ដាប្រទេសចំនួន ១៥ ក្នុងនោះមាន ៣៧ ទីក្រុង។
យោងតាមអ្នករៀបចំកម្មវិធីពិព័រណ៍ បានបង្ហាញថា Big Bad Wolf ចង់កសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅទាំងនោះ រួមមានសៀវភៅកុមារ រឿងប្រឌិត រឿងពិតដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកនូវសៀវភៅលក់ដាច់បំផុតសៀវភៅល្បីៗ ប្រលោមលោករឿងប្រឌិតបែបវិទ្យាសាស្ត្រមនោសញ្ចេតនា សៀវភៅអភិវឌ្ឍន៍ខ្លួន អក្សរសាស្ត្រ ប្រលោមលោក ក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្ម និងរចនាសៀវភៅធ្វើម្ហូបនិងសៀវភៅជាច្រើនប្រភេទទៀត។ មិនត្រឹមប៉ុណ្ណោះសម្រាប់មិត្តអ្នកអានដែលមានអាយដលជាអ្នកនិពន្ធក្នុងចិត្តកុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ពីព្រោះថាក្រៅពីសៀវភៅបរទេសក៏មាន និងសៀវភៅខ្មែរដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនផងដែរ។
កញ្ញា យាន បុប្ផា ជានិស្សិតឆ្នាំទី៤ នៃសាលាតិចណូ ចូលចិត្ដអានសៀវភៅប្រលោមលោក មានចំណាប់អារម្មណ៍ចំពោះពិព័រណ៍សៀវភៅនេះ និងចង់ឱ្យមានការរៀបចំជារៀងរាល់ឆ្នាំ។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះតម្លៃ វាពិតជាសមរម្យ ទោះមិនបញ្ចុះតម្លៃក៏ដោយ។ សំខាន់ពិព័រណ៍នេះ សម្បូរសៀវភៅច្រើនប្រភេទ»។
ជាស្ថាបនិកក្រុមហ៊ុន Big Bad Wolf ដែលបានពាំនាំពិព័រណ៍សៀវភៅដ៏ធំបំផុតនេះមកកាន់កម្ពុជាលោក Andrew Yap បានឱ្យដឹងថា ប្រធានបទពិព័រណ៍សៀវភៅឆ្នាំនេះគឺ មិនគួរឱ្យជឿ គឺជាការលក់សៀវភៅមានតម្លៃថោកចាប់ពី ១ ដុល្លារ ជាប្រភេទសៀវភៅមានគុណភាពល្អ និងមិនមែនជាសៀវភៅគេមើលរួចនោះទេ។ សៀវភៅទាំងនេះសុទ្ធតែផ្ដល់ប្រយោជន៍ ចំណេះដឹងដល់ប្រជាជនខ្មែរ។
លោក Andrew បានបន្ដថាមូលហេតុដែលពិព័រណ៍សៀវភៅនេះត្រឡប់មកប្រទេសកម្ពុជាម្ដងទៀត ដោយសារកាលតាំងពិព័រណ៍ឆ្នាំ ២០២០ ការលក់មានការគាំទ្រច្រើន ហើយនៅពេលអវត្ដមានកាលវិបត្ដិកូវីដ មានអ្នកគាំទ្រឆាតសួរលោកថា តើពេលណាត្រឡប់មកវិញ?
លោកថ្លែងថា៖ «ខ្ញុំចង់ណែនាំដល់ប្រជាជនកម្ពុជាគួរចាប់យកសៀវភៅមកអានជាជាងការអានតាមទូរស័ព្ទ ពីព្រោះនៅពេលយើងបានប៉ះកាន់សៀវភៅ ធ្វើឱ្យយើងមានអារម្មណ៍ថា យើងរៀនបានច្រើន និងចេះបានច្រើនជាងនៅក្នុងទូរស័ព្ទ។ យើងចង់ឱ្យបងប្អូនដកឃ្លាពីទូរស័ព្ទខ្លះមកអានសៀវភៅ។ ដូច្នេះ យើងបានយកសៀវភៅមកលក់ក្នុងតម្លៃដ៏សមរម្យ»។
លោក អ៊ុក ចន្ថា ដែលសហការជាមួយលោក Andrew Yap បានឱ្យដឹងថា សម្រាប់ការរៀបចំពិព័រណ៍ឆ្នាំ ២០២៣ នេះ សៀវភៅកាន់តែល្អ និងការបញ្ចុះតម្លៃកាន់តែពិសេសជាងមុនទៀត តម្លៃថោក ទាបជាងតម្លៃនៅទីផ្សារនេះ គឺដើម្បីលើកទឹកចិត្ដឱ្យប្រជាជនកម្ពុជាបង្កើតទម្លាប់នៃការអានសៀវភៅឱ្យកាន់តែច្រើន៕