ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានលើកឡើងថា ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ មានប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងលក្ខខណ្ឌការងារមានភាពល្អប្រសើរ បានរួមចំណែកធ្វើឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារកន្លងមកទទួលបានលទ្ធផលជាទីមោទនៈ។ ជាមួយគ្នានេះ ស្ថានភាពទីផ្សារការងារកម្ពុជាមានភាពរឹងមាំរក្សាបាននូវអត្រាអ្នកមានការងារធ្វើខ្ពស់រហូតជាង ៩៩ ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណ ១០ លាននាក់។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០១៩-២០២៣ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
នាពិធីនោះលោក អ៊ិត សំហេង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និយោជក និងកម្មករ និយោជិតជាពិសេសដៃគូត្រីភាគី និងត្រីភាគីបូក ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។
លោកគូសបញ្ជាក់ថា៖ «ជោគជ័យទាំងនេះបានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋមានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទីផ្សារការងារ»។
លោកបន្ថែមទៀតថា លទ្ធផលគួរជាទីមោទនៈនេះក៏ដោយសារមានការធ្វើបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីបង្កឱ្យមានលក្ខណៈងាយស្រួលដល់សេរីភាពអង្គការវិជ្ជាជីវ:កាន់តែប្រសើរ កាត់បន្ថយវិវាទការងារមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈដោះស្រាយទាន់ពេលវេលាករណីរោងចក្រក្ស័យធន ឬបិទទ្វារដោយថៅកែរត់ចោល។
បើតាមរបាយការណ៍ក្រសួងការងារ ស្ថានភាពទីផ្សារការងារកម្ពុជាមានភាពរឹងមាំ រក្សាបានអត្រាអ្នកមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨ លាននាក់ ក្នុងនោះ អ្នកកំពុងធ្វើការក្នុងប្រទេសក្នុងវិស័យឧស្សាហកម្ម ចំនួន ២,៥ លាននាក់ (ស្មើនឹង ២៣%) វិស័យសេវាកម្ម ចំនួន ៣,១ លាននាក់ (ស្មើនឹង ២៩%) វិស័យកសិកម្ម ចំនួន ៣,៤ លាននាក់ (ស្មើនឹង ៣១%) មន្ត្រីសាធារណៈ ចំនួន ៥០ ម៉ឺននាក់ (ស្មើនឹង ៥%) និងពលករទេសន្តរប្រវេសន៍មាន ១,៣ លាននាក់ (ស្មើនឹង ១២%)។
ប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី លើកឡើងថា ការអនុវត្តផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមកនេះ អាចនិយាយបានថា មិនល្អពេក ក៏មិនអាក្រក់ពេកដែរ។
លោកបញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាល បានធ្វើយើងឯកភាពថា បានធ្វើពិតប្រាកដមែន ប៉ុន្តែមកដល់ពេលនេះអត់ទាន់បានផ្តល់នូវអ្វីដែលជាទីពំនាក់ដល់បងប្អូនកម្មករយើងឱ្យមានជីវភាពថ្កុំថ្កើងឬសុខុមាលភាពបានល្អនិងទូលំទូលាយនៅឡើយទេ សូម្បីតែប្រាក់ឈ្នួលនៅមានកម្រិតនៅឡើយ។ អ៊ីចឹងនៅទ្រឹងពាក់កណ្តាល មានន័យថា អត់ទាន់បានផលវិជ្ជមានច្រើនដល់កម្មករ ដែលធ្វើឱ្យកម្មករសល់ប្រាក់ឈ្នួលនោះទេ»៕