ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) បានព្រមព្រៀងផ្តល់ជំនួយជាង ១,៤ លានដុល្លារអាមេរិក ដល់អង្គការឆាលហ្វាន (ChildFund) កម្ពុជាសម្រាប់រយៈពេល ៣ ឆ្នាំទៅមុខទៀត ដើម្បីពង្រឹងប្រព័ន្ធអប់រំសម្រាប់សាលាបឋមសិក្សាជនបទចំនួន ១៧ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
នៅថ្ងៃទី២៣ ខែកុម្ភៈ ទីភ្នាក់ងារKOICA(កយកា)សហការជាមួយអង្គការឆាលហ្វានកូរ៉េ និងអង្គការឆាលហ្វានកម្ពុជា បានប្រកាសបន្តភាពជាដៃគូសហប្រតិបត្តិការជំហានទី២ ក្នុងការពង្រឹងប្រព័ន្ធអប់រំនេះ ដែលធ្វើឡើងនៅស្រុកឆ្លូង។
កិច្ចសហប្រតិបត្តិការនេះនឹងបន្តអនុវត្តគម្រោងមានឈ្មោះថា «ងាយស្រួលរៀន» ដែលបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ បន្ត៣ឆ្នាំទៅមុខទៀតពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥។
អង្គការឆាលហ្វានកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ថា៖ «កយកាបានព្រមព្រៀងផ្តល់ជំនួយជាថវិកាចំនួនជាង ១លាន ៤សែន ដុល្លារអាមេរិក ដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វានកូរ៉េ ដើម្បីបន្តអនុវត្តគម្រោងលេចធ្លោរបស់ខ្លួន «ងាយស្រួលរៀន» សម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀត។ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទ ហៅកាត់ថា «កាហ្វដុក (KAFDOC)» ដែលមានមូលដ្ឋាននៅខេត្តក្រចេះ នឹងទទួលអនុវត្តគម្រោងនេះ ក្នុងនាមជាអង្គការដៃគូរបស់អង្គការឆាលហ្វាន»។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កុមារ គ្រូបង្រៀន និងសហគមន៍ប្រមាណជាង ២៩ ០០០ពាន់នាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងទទួលផលពីគម្រោងនេះ គិតត្រឹមឆ្នាំ២០២៥។ គម្រោងនេះនឹងបន្តវិនិយោគលើការសាងសង់អគារសិក្សា និងបំពាក់បរិក្ខារទំនើបៗ ដើម្បីបង្កើតបានបរិយាកាសសិក្សាដែលមានភាពទាក់ទាញ ទំនើប បែបកុមារមេត្រី និងពង្រឹងការងារដឹកនាំគ្រប់គ្រងសាលារៀនផងដែរ។
គម្រោងនេះមានទិសដៅពង្រឹងលើគុណភាពនៃការអប់រំ និងការផ្ដល់ឱកាសដល់កុមារគ្រប់រូបឱ្យទទួលបានការអប់រំនឹងប្រើប្រាស់វិធីសាស្ត្រជាច្រើនរួមមាន កម្មវិធីសិស្សធំជួយសិស្សតូច កម្មវិធីបំពាក់ក្នុងថេប្ល៊ិត(tablets) សម្រាប់ការសិក្សាបែបឌីជីថល កម្មវិធីសិក្សាកុំព្យូទ័រ កម្មវិធីបំប៉នសមត្ថភាពគ្រូលើបច្ចេកទេសបែបកុមារមេត្រី។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសិក្សារបស់សិស្សក្នុងសាលាបឋមសិក្សាចំនួន ១៧ នៅក្នុងស្រុកឆ្លូងនៃខេត្តក្រចេះ។
អង្គការឆាលហ្វានបញ្ជាក់ថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ដើម្បីពង្រឹងការចូលរួមរបស់ពួកគាត់ ជាពិសេស ឪពុកម្ដាយ អាណាព្យាបាល និងក្រុមអ្នកដឹកនាំសហគមន៍ ក្នុងការបន្តអភិវឌ្ឍ និងថែរក្សាសមិទ្ធផលក្នុងសាលារៀនសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ និងពង្រឹងភាពជាម្ចាស់របស់ពួកគាត់លើគម្រោងនេះ។
លោក ប្រាស្សានវើម៉ា (Prashant Verma) តំណាងប្រចាំប្រទេសនៃអង្គការឆាលហ្វានកម្ពុជា បានដកស្រង់របាយការណ៍អង្កេតរបស់ឆាលហ្វានកាលពីឆ្នាំ២០១៧ ដែលបានលើកឡើងថា បើទោះបីជាមានការប្រឹងប្រែងយ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអប់រំបឋមសិក្សា ក៏អត្រាត្រួតថ្នាក់នៅខេត្តក្រចេះមានរហូតដល់ជាង ១៧ភាគរយ។ មានន័យថា កុមារម្នាក់ក្នុងចំណោម៥នាក់រៀនត្រួតថ្នាក់ ដែលនេះជាអត្រាមួយខ្ពស់នៅឡើយ។ គម្រោងរបស់អង្គការឆាលហ្វានបានជួយកាត់បន្ថយអត្រានេះ។
លោកថ្លែងថា៖ «អង្គការឆាលហ្វាន សូមថ្លែងអំណរគុណដល់ កយកា សម្រាប់ការបន្តជួយដល់ការងាររបស់យើង ដែលបាននិងកំពុងជួយរួមចំណែកជាមួយរដ្ឋាភិបាលក្នុងកិច្ចខិតខំកែទម្រង់ប្រព័ន្ធអប់រំទូទាំងប្រទេស។ ម្យ៉ាងទៀត បើគ្មានការគាំទ្រពីរដ្ឋាភិបាល គម្រោងនេះ ក៏មិនអាចលេចចេញជារូបរាងបានឡើយ»។
លោក លោក រ៉ូ ស៊ុនជុន (Rho Hyunjun) តំណាងប្រចាំប្រទេសនៃទីភ្នាក់ងារ កយកា បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស ជាផ្នែកអាទិភាពមួយសម្រាប់ កយកា នៅកម្ពុជា។ កយកា បានចាត់ទុក វិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុត នៅក្នុងគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅកម្ពុជា ក្រោមពាក្យស្លោកថា «មិនទុកនរណាម្នាក់ចោល»។
លោកថ្លែងថា៖ «គ្រប់ការគាំទ្ររបស់យើង យើងជឿជាក់ថា ការពង្រឹងសមត្ថភាពអំណានរបស់សិស្ស គួរជាចំណុចអាទិភាពខ្ពស់មួយសម្រាប់គ្រប់ជនជាតិដើមភាគតិច ដោយសារថា អំណាន និងអក្ខរកម្ម ជាជំហានសំខាន់នៃការអប់រំគ្រប់ប្រភេទ។ ខ្ញុំសង្ឃឹមថា សាលារៀននេះនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាព និងកុមារមេត្រីជួយឱ្យកុមារសម្រេចសុបិនរបស់ពួកគេ ដើម្បីភាពប្រសើរឡើងរបស់ពិភពលោក»។
លោកស្រី សូរ៉ា បាអុិក (Sora Baek)តំណាងប្រចាំប្រទេស នៃអង្គការឆាលហ្វានកូរ៉េសង្ឃឹមថា គម្រោងដំណាក់កាលទី២នេះនឹងបន្តផ្តល់ដល់កុមារក្នុងស្រុកឆ្លូង នូវភាពរីករាយក្នុងការសិក្សារៀនសូត្រ និងបន្តផ្តល់ការអប់រំប្រកបដោយបរិយាកាសសុវត្ថិភាព និងមានគុណភាពដល់ពួកគេ។
លោកស្រីថ្លែងថា៖ «បើទោះជាយើងទាំងអស់គ្នាបានជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ យើងនៅតែអាចចូលរួមក្នុងការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារនៅក្នុងស្រុកឆ្លូងកាលពីគម្រោងដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១»។
លោក សុខព្រី ហាណេះ អភិបាលរងខេត្តក្រចេះ ថ្លែងថា៖ «តាងនាមឱ្យអាជ្ញាធរតំបន់ ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ក៏ដូចជា កយកា អង្គការកាហ្វដុក និងឆាលហ្វានកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការលើកកម្ពស់វិស័យអប់រំ ដែលជាវិស័យអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕