ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញពាក់ព័ន្ធបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដោយបង្គាប់ឱ្យលោក សុន ឆ័យ សងជំងឺចិត្ត ៣ ពាន់លានរៀល និងពិន័យជាប្រាក់ចូលថវិការដ្ឋ ៨ លាន។ រីឯប្រាក់ពិន័យ ៩ លានរៀលទៀតត្រូវបង់ចូលថវិការដ្ឋពាក់ព័ន្ធបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបណ្តឹងទាំង ២ នេះ ចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈដូចគ្នាបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីថ្ងៃទី ១៧ ខែកុម្ភៈ។
នៅក្នុងបន្ទប់សវនាកាដែលមានវត្តមានលោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា ខណៈអវត្តមានភាគី (គ.ជ.ប.) និងកំបាំងមុខលោក សុន ឆ័យ ប៉ុន្តែមានវត្តមានលោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ នោះ លោកចៅក្រម ជីវ កេង អនុប្រធានតុលាការកំពូលបានអានសាលដីកាថា លោក សុន ឆ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ រីឯភាគី (គ.ជ.ប.) ក៏ប្តឹងក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈដូចគ្នាដែរ។
លោកចៅក្រមបានលើកឡើងតាមពាក្យបណ្តឹងរបស់លោកមេធាវី គី តិច ថា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ លោក សុន ឆ័យ បានធ្វើបទសម្ភាសន៍ជាមួយកាសែត The Cambodia Daily ក្រោមប្រធានបទ (តើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ នេះ មានភាពប្រក្រតីឬមិនប្រក្រតីបែបណា?)។ លោក សុន ឆ័យ បាននិយាយថា៖ «លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុងពីលើដល់ក្រោមគេចង់ធ្វើអ្វីក៏បានដែរ[...]»។
លោកចៅក្រមបន្តទៀតថា នៅថ្ងៃបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកមេធាវី ជូង ជូងី ការពារជនជាប់ចោទឈ្មោះ សុន ឆ័យ បានលើកឡើងតាមសេចក្តីសន្និដ្ឋានថា កាលពីធ្វើបទសម្ភាសន៍ជាមួយ The Cambodia Daily នោះគឺកូនក្តីរបស់ខ្លួនមិនបាននិយាយវាយប្រហារចំឈ្មោះគណបក្សប្រជាជនកម្ពុជាឡើយ។ រីឯការទាមទារសំណងក៏មានលក្ខណៈធ្ងន់ធ្ងរទៀតផង។
លោកចៅក្រម ជីវ កេង បញ្ជាក់ថា៖«ប៉ុន្តែខ្លឹមសារក្នុងបទសម្ភាសន៍នោះបានសំដៅដល់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមួយមានអាយុកាលតាំងពីឆ្នាំ ១៩៥១ មកម្ល៉េះ ហើយជាគណបក្សល្បីល្បាញលើសកលលោកផង។ ដូច្នេះវាធ្វើឱ្យមានព្យសនកម្មធ្ងន់ធ្ងរណាស់»។
លោកចៅក្រមបានថ្លែងថា៖ «ដូច្នេះសំណុំរឿងនេះក្រោយពីក្រុមប្រឹក្សាជំនុំជម្រះបានពិភាក្សារួចមក គឺបានឯកភាពសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានប្រកាសសាលដីកា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ទុកជាបានការដដែល»។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក សុន ឆ័យ និង លោក ជូង ជូងី ដើម្បីឆ្លើយតបនឹងការសម្រេចរបស់តុលាការកំពូលបានទេ នៅថ្ងៃទី ២៣ កុម្ភៈ ដោយសារទូរស័ព្ទគ្មានអ្នកទទួល។
គួរបញ្ជាក់ថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានរងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាផង និងរងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង។ក្នុងសំណុំរឿងទី១ តុលាការ បង្គាប់ឱ្យលោក សុន ឆ័យ សងជំងឺចិត្ត ៣ ពាន់លានរៀល និងពិន័យជាប្រាក់ ៨ លានរៀលចូលថវិការដ្ឋ។ ប៉ុន្តែបណ្តឹងទី២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រាន់តែឱ្យលោក សុន ឆ័យ សុំទោសជាសាធារណៈ តែតុលាការបានពិន័យលោក សុន ឆ័យ ជាប្រាក់ ៩ លានរៀលចូលថវិការដ្ឋ៕