សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុន ULS ក្រុមហ៊ុន AJE កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានរួមគ្នាដាំស្មៅ និងដើមឈើចម្រុះ ចំនួនប្រមាណ ២ ០០០ ដើម លើផ្ទៃដីសរុបជិត ២ហិកតា នៅបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ។
ការដាំដើមឈើ និងដាំស្មៅនេះ គឺដើម្បីកែលម្អដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានពណ៌បៃតង មានដើមឈើ និងវាលស្មៅស្រស់ស្អាតដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាសាទអង្គរ និងក៏ដើម្បីបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។
ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ ដែលចូលរួមដាំកូនឈើមានថេរដីការថា នេះមិនមែនជាលើកទី១ឡើយ ដែលព្រះអង្គបានចូលរួមក្នុងការការដាំដើមឈើនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ។
សកម្មភាពទាំងនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃព្រៃឈើ ដែលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។
ចំណែកយុវតី ទួន ជាលីល័យ អាយុ ១៨ ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាប និយាយថា នាងពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ វាថែមទាំងបានជួយឱ្យគុណភាពជីវិតរបស់មនុស្ស និងសត្វមានភាពល្អប្រសើរថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃយុទ្ធនាការដាំដើមឈើនិងដាំស្មៅនេះលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសកលលោកតែងតែប្រាថ្នាចង់មកទស្សនា។លោកថា៖«ដូច្នេះ ការងាររៀបចំសោភណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូរខ្ពស់»។
បើតាមលោកហង់ ពៅ ការដាំដើមឈើនិងស្មៅនៅទីនេះ គ្រាន់តែជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថា នៅមានផ្ទៃដីជាច្រើនទីតាំងទៀត ដែលត្រូវដាំដុះឡើងវិញ ហើយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ ខណៈក្នុងខែមេសា ខាងមុខនេះ នឹងមានប្រារព្ធព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕