ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣កុម្ភៈបានសម្រេចឱ្យគ្រប់នាវាពាណិជ្ជកម្មទាំងអស់ដែលចូលមកដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំធ្វើបែបបទនាវាចូល-ចេញតាមរយៈប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។
ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការធ្វើបែបបទនាវា តាមប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) សម្រាប់កំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេស តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្ត្រីបច្ចេកទេសនៃកំពង់ផែស្វយ័តភ្នំពេញជាច្រើនរូបផងដែរ។
បើតាមក្រសួងសាធារណការ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ មុខងារថ្មីៗ និងប្រតិបត្តិការក្នុងប្រព័ន្ធ ព្រមទាំងពិនិត្យបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការងារបំពេញបែបបទនាវា តាមប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ។
លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ ដែលដឹកនាំកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើការត្រួតពិនិត្យនាវាចរណ៍ចូល-ចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដើម្បីជួយសម្រួលដល់នីតិវិធីចូល-ចេញកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ៕