ភ្នំពេញៈ ជប៉ុននឹងផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតចំនួន ៣០,៦ លានដុល្លារ ដែលមានគោលដៅអភិវឌ្ឍន៍ប្រព័ន្ធទឹកស្អាតនៅខេត្តស្វាយរៀង ដោយរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជំនួយនេះ ជាកាយវិការសប្បុរសដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។
សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២២ កុម្ភៈ ឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៣ ៩៨៦ លានយ៉េន ឬស្មើនឹង ៣០,៦ លានដុល្លារអាមេរិក ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ ជំនួយនេះនឹងត្រូវចុះហត្ថលេខាលើលិខិតប្តូរសារ ដែលមានតំណាងពីភាគីជប៉ុន គឺលោក តាកេ ហ្សឹសឺកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងភាគីកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី ២៤ កុម្ភៈ។
ក្រសួងការបរទេសបានចាត់ទុកជំនួយហិរញ្ញប្បទានឥតសំណងនេះជា «កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុនដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា»។
តាមរយៈជំនួយឥតសំណងនេះក្រសួងការបរទេសលើកឡើងថា នឹងធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជប៉ុន នឹងវិវត្តទៅរកភាពស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យដែលល្អស្រាប់ នៅចំពោះមុខខួប ៧០ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតប្រទេសទាំង ២។
ជាមួយគ្នានេះ ជប៉ុនក៏នឹងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលចំនួន ៣ ដែលមានទំហំទឹកប្រាក់ជាង ៨,៤ សែនដុល្លារអាមេរិកផងដែរ ក្រោមគម្រោងការនៃកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ដែលនឹងត្រូវចុះហត្ថលេខាដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូ ស៊ី (UENO Atsushi) នៅថ្ងៃទី ២៧ ខែកុម្ភៈ។
អង្គការដែលទទួលបានជំនួយមានអង្គការ Nature Center Risen លើផ្នែកបរិស្ថានប្រកបដោយចីរភាព និងលើកកម្ពស់ចំណេះដឹងបរិស្ថានដល់ពលរដ្ឋកម្ពុជា, អង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់លើកកម្ពស់ការ សិក្សាបំប៉នបន្ថែមដល់សាលា បឋមសិក្សាក្នុងតំបន់ដាច់ស្រយាល និងអង្គការបេះដូងមាសសម្រាប់ការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ។
កាលពីដើមខែកុម្ភៈ ក្នុងជំនួបទ្វេភាគីជាមួយនឹងឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សមិទ្ធផលជាតិសំខាន់ៗលើការអភិវឌ្ឍសង្គមកម្ពុជាជាច្រើន រួមនឹងការបោះឆ្នោតនាពេលកន្លងមក ដែលកម្ពុជាសម្រេចបានគឺជាសមិទ្ធផល ដែលកើតមានឡើង ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន។
ពាក់ព័ន្ធបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជា ថ្លែងថា ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀងនេះ និងជំនួយឯទៀតៗ របស់រដ្ឋាភិបាលជប៉ុនជាទង្វើសប្បុរសធម៌ថ្លៃថ្លាណាស់សម្រាប់កម្ពុជា ដែលជប៉ុនតែងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពរហូតមកដល់បច្ចុប្បន្ន។
សម្រាប់ទំនាក់ទំនងរវាងកម្ពុជាជប៉ុននេះ លោក យង់ ពៅ យល់ឃើញដូច្នេះថា៖ «មកដល់ឆ្នាំ ២០២៣ នេះ ទំនាក់ទំនងកម្ពុជា និងជប៉ុនឈានមកដល់ខួប ៧០ ឆ្នាំហើយ ហើយបើកិច្ចព្រមព្រៀងកាលពីកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ នោះ រដ្ឋាភិបាលប្រទេសទាំង ២ បានព្រមព្រៀងធ្វើឱ្យទំនាក់ទំនងការទូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកថ្លែងថា៖ «ទំនាក់ទំនងនេះវិវត្តមកជាភាពល្អប្រសើរ។ ជប៉ុនមិនដែលប្រើភាសាការទូតអវិជ្ជមាន ទ្រគោះបោះបោកជាមួយកម្ពុជាឡើយ ចំពោះកម្ពុជាវិញក៏ដូច្នេះដែរ មិនដែលមានភាពអវិជ្ជមាននឹងគ្នា ហើយប្រ ជាជនកម្ពុជាតែងឱ្យតម្លៃខ្ពស់ដល់ជប៉ុនផងដែរ»។
ស្រដៀងគ្នានេះ លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ មក ទាំងលើការអភិវឌ្ឍផ្នែករូបវន្ត និងការអភិវឌ្ឍផ្នែកធនធានមនុស្ស។
បន្ថែមពីនេះលោកប៉ា ច័ន្ទរឿន បាននិយាយថា៖ «តាមរយៈកាយវិការ និងសកម្មភាពផ្តល់ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននេះ ជាកាយវិការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជាថែម ១ កម្រិតទៀតផងដែរ»៕