
កម្ពុជានិងថៃកំពុងពន្លឿននីតិវិធីក្នុងការផ្ទេរអ្នកទោសដែលកំពុងជាប់ឃុំនៅកម្ពុជា ទៅអនុវត្តទោសនៅប្រទេសថៃវិញ ស្របតាមគោលការណ៍នៃការធ្វើបត្យាប័នរវាងប្រទេសទាំង ២ និងតាមរយៈអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែកុម្ភៈ គ្រាលោកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ជាផ្នែកមួយនៃមនុស្សធម៌ និងពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការជាមួយប្រទសជិតខាង។
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកកើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយលោកឆឺតគៀត អាត់ថាកន (CHERDKIAT ATTHAKOR) ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការពន្លឿននីតិវិធីផ្ទេរទណ្ឌិតថៃដែលកំពុងអនុវត្តទោសនៅកម្ពុជា ដើម្បីបន្តអនុវត្តទោសនៅប្រទេសថៃវិញ ដែលជាផ្នែកមួយនៃការធ្វើបត្យាប័នរវាងប្រទេសទាំង ២ លើវិស័យយុត្តិធម៌។
ក្រៅពីនេះ ភាគីទាំង ២ ក៏បានជជែកគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌នៃប្រទេសទាំង ២ ផងដែរ។ នេះបើតាមការបញ្ជាក់ពីសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ អំឡុងដំណើរទស្សនកិច្ចទៅប្រទេសឡាវ លោកហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតថា កម្ពុជាគ្រោងនឹងបញ្ជូនអ្នកទោសជាជនជាតិឡាវ និងថៃ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាទៅបន្តអនុវត្តទោសនៅប្រទេសកំណើតពួកគេរៀងៗខ្លួនវិញឱ្យបាននៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខជាយន្តការនៃការធ្វើបត្យាប័ន ដែលការងារនេះលោកទុកជូនក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃសហការសម្រេចការងារ។
ជាមួយគ្នានេះ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារកំពុងពន្លឿនការរៀបចំឯកសារស្របទៅតាមនីតិវិធីរបស់អ្នកទោស។ លោកយល់ថា ការធ្វើបត្យាប័ននេះ មានសារៈសំខាន់ណាស់ក្នុងកិច្ចការមនុស្សធម៌ និងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសជិតខាង។
លោក នុត សវនា ថ្លែងថា៖ "ជាធម្មតា គ្មាននរណាចង់ជាប់ទោសនៅស្រុកគេឡើយ បើគេបានបញ្ជូនមកប្រទេសកំណើតវិញ មានសាច់ញាតិបងប្អូនអាចសួរសុខទុក្ខបានគ្រប់ពេលវេលា នោះជាបច្ច័យល្អមួយ។ ប្រមុខរដ្ឋាភិបាលយើង លោកមានសន្តានចិត្ត មានគំនិតមនុស្សធម៌ក្នុងការជួយ ហើយម្យ៉ាងជាកាយវិការមួយលើកិច្ចសហប្រតិបត្តិការអន្តរជាតិមានកម្រិតគ្រប់ជ្រុងជ្រោយ ហើយម្យ៉ាងក៏ធូរកន្លែង [ ពន្ធនាគារ] យើងផង"។
បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ គិតមកត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ជនជាប់ឃុំជនជាតិថៃនៅក្នុងពន្ធនាគារកម្ពុជាមានចំនួនសរុប ១១២ នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៧ នាក់ ដែលជនត្រូវចោទមានចំនួន ១៨ នាក់ (ស្ត្រី ៣នាក់) ជនជាប់ចោទចំនួន ១៦ នាក់(ស្ត្រី ១នាក់) ពិរុទ្ធជនចំនួន ១៦ នាក់(ស្ត្រី ១នាក់) និងទណ្ឌិតចំនួន ៣៩ នាក់ (ស្ត្រី ២១នាក់)។ លោកនុត សវនា បញ្ជាក់ថា អ្នកទោសភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកនុត សវនា បន្ថែមថា កិច្ចការបញ្ជូនអ្នកទោសជនជាតិថៃ ទៅប្រទេសកំណើតវិញនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រាប់អ្នកដែលមានសាលក្រមសម្រេចពីតុលាការរួច។
ជុំវិញបញ្ហានេះ លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) យល់ឃើញថា ការធ្វើបត្យាប័នបញ្ជូនអ្នកទោសទៅប្រទេសកំណើតនេះ គឺជារឿងល្អលើកិច្ចការមនុស្សធម៌ ហើយមួយវិញទៀតរដ្ឋាភិបាលកម្ពុជាក៏អាចរួចបន្ទុកខ្លះផងលើការថែទាំនិងទំនុកបម្រុងចំពោះអ្នកទោសបរទេសក្នុងពន្ធនាគារកម្ពុជា។
លោកស៊ឹង សែនករុណា បន្តថា៖ "ប៉ុន្តែអ្វីដែលជាបញ្ហា គឺយើងមិនដឹងទេថា ពេលគេត្រឡប់ទៅវិញហ្នឹង គេបន្តការអនុវត្តទោសគេ នៅប្រទេសរបស់គេទៀតហ្នឹងឬយ៉ាងណា ព្រោះយើងមិនអាចដឹងបានទេ ដោយសារគោលការណ៍គ្រប់គ្រងអ្នកទោស និងការអនុវត្តទោសនៃបណ្តាប្រទេសនីមួយៗតែងមានរបៀបរបបខុសៗគ្នា"។
ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការជួយសម្រួលអ្នកទោសនៅកម្ពុជាផង បន្ថែមលើកិច្ចការសម្របសម្រួលដល់អ្នកទោសបរទេស តួយ៉ាងអ្នកទោសក្នុងបញ្ហានយោបាយ អ្នកទោសជាសកម្មជនជាដើម ដែលលោកសង្កត់ធ្ងន់ថា កាយវិការមនុស្សធម៌គួរមានឡើងសម្រាប់ជនជាតិខ្មែរគ្នាឯងផង មិនសម្រាប់តែជនបរទេសប៉ុណ្ណោះទេ៕