ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​ចំនួន​ ១២ ​នាក់ ពាក់ព័ន្ធ​កុមារី​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​ប្រភេទ H5N1 និង​បាន​ប្រមូល​សំណាក​ទាំង​នោះមក​ធ្វើការ​វិភាគ​រក​មេរោគ ហើយ​លទ្ធផល​បាន​បង្ហាញថា ក្នុងចំណោម​ ១២​ នាក់​នោះ មាន​បុរស​ម្នាក់​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី H5N1​។

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី ២៤ ខែកុម្ភៈ បានឱ្យដឹងថា បន្ទាប់ពី​មាន​ករណី​ស្លាប់​កុមារី​ម្នាក់​អាយុ ១១ ​ឆ្នាំ ៦​ ខែ កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដោយសារ H5N1 ដែល​រស់នៅ​ភូមិ​រលាំង ឃុំ​រំចេក ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ក្រុមការងារ​អង្កេត​ស្រាវជ្រាវ​បន្ទាន់​របស់​ក្រសួងសុខាភិបាល ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង រួមជាមួយ​ដៃគូ​សុខាភិបាល បាន​ចុះ​ដល់​មូលដ្ឋាន​ជាបន្ទាន់ នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​ក្រសួង​បន្តថា​៖«​ក្រុម​ឆ្លើយតប​បន្ទាន់​នេះ បាន​ប្រមូលយក​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​កុមារី​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី H5N1 ចំនួន​១២​នាក់ ដើម្បី​ធ្វើការ​វិភាគ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ដែល​លទ្ធផល​នៃ​ការវិភាគ បានបញ្ជាក់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ថា​មាន​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ ហាស់​៥ អ៊ិន​១ (H5N1) ១​សំណាក ក្នុងចំណោម​វត្ថុ​សំណាក​ទាំង​១២ ដែល​កើតមាន​លើ​បុរស​អាយុ ៤៩ ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​រលាំង ឃុំ​រំចេក ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវជា​ឪពុក​របស់​កុមារី​ដែល​បាន​ស្លាប់​។

​ប្រភព​ដដែល​បញ្ជាក់ថា ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់​បុរស​នេះ មិនទាន់មាន​ចេញ​នូវ​រោគសញ្ញា​អ្វី​គួរឱ្យកត់សម្គាល់​នៅឡើយ​។

​ក្រសួង​បញ្ជាក់ថា នេះ​ជា​ករណី​ទី​២ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​មិនបាន​រកឃើញ​វីរុស​នេះ​លើ​ខ្លួន​មនុស្ស​អស់​រយៈពេល ៩​ឆ្នាំកន្លងមក​ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការ​ណី​ចុង​ក្រោយនេះ គឺជា​ករណី​ទី​៥៨ ដែល​បាន​រកឃើញ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ​២០២៣ នេះ ក្នុងនោះ មាន​៤៥​ករណី​កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​៣១​ករណី​ក្នុងចំណោម​ករណី ទាំង​៥៨ ជានា​រី​។

​ចាប់តាំងពី​មាន​ជំងឺផ្តាសាយបក្សី​លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥ មក នៅក្នុង​ចំណោម អ្នក​ដែលមាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1 ចំនួន​៥៨​ករណី មានតែ​១៩​ករណី​ទេ​ដែលមាន​ជីវិត​។

​ក្រុម​ឆ្លើយតប​បន្ទាន់​ខាងលើ​បាន និង​កំពុង​បន្ត​អង្កេត​ស្រាវជ្រាវ​ការកើតឡើង​នូវ​ជំងឺផ្ដាសាយបក្សី​ប្រភេទ​នេះ និង​ធ្វើការ​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ​នីតិវិធី​របស់​ជាតិ និង​បាន​សហការគ្នា​រវាង​ក្រុម​ឆ្លើយតប​បន្ទាន់​ពេទ្យ​មនុស្ស និង​ពេទ្យសត្វ និង​ស្វែងរក​ប្រភព​ចម្លង ទាំង​លើស​ត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ត ទៅ​អ្នក​ដទៃទៀត ទាំង​ក្នុង​សហគមន៍​ជា​បន្តទៀត និង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើតហេតុ ខាងលើ​ជា​បន្តបន្ទាប់​។

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ថា " ជំងឺ​ជំងឺផ្ដាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​កើតមាន​ច្រើន​លើ​កុមារ​ដែលជា​ក្រុម​មាន​ហានិភ័យ​ខ្ពស់ និង​មាន​ភាព​ងាយ​រងគ្រោះ​ច្រើន​។

​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល រួមមាន ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត មុន​និង​ក្រោយពេល​បរិភោគ​អាហារ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី ត្រូវ​នៅ​ឆ្ងាយ​ពីស​ត្វ​បក្សី ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​ន្លែ​ង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​យកមក​ធ្វើជា​ម្ហូបអាហារ​សម្រាប់​បរិភោគ ត្រូវ​ចម្អិន ឱ្យបាន​ឆ្អិន​ល្អ​។ ត្រូវ​ឆាប់​រាយការណ៍​ទៅ​អាជ្ញា​រធរ​សុខាភិបាល​នៅនឹងកន្លែង ឬ​ក្រសួងសុខាភិបាល ក្នុងករណី​សង្ស័យ ហើយ​ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​៕​

វីដេអូ៖