មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបង្ហាញមោទនភាពចំពោះអត្រានៃអ្នកជក់បារីនៅក្នុងប្រទេសកម្ពុជា មានការថយចុះ ខណៈគិតត្រឹមដើមឆ្នាំ ២០២៣ នេះ អ្នកជក់បារីទូទាំងប្រទេសប្រមាណ ១,៦ លាននាក់ ស្មើនឹង ១៣% នៃប្រជាជនអាយុពី ១៥ ឆ្នាំឡើង។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្តីពី ថ្នាំជក់នៅប្រទេសកម្ពុជាឆ្នាំ ២០២១ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់បានថ្លែងថា លោកមានការសប្បាយចិត្ដ និងមានមោទនភាពដែលកម្ពុជាយើងមានការថយចុះនៃការជក់បារីបែបនេះ។
លោកបន្តថា ការថយចុះនៃអត្រានៃអ្នកជក់បារីនេះ ដោយសារតែមានការចូលរួមពីអន្ដរក្រសួង និងអង្គការដៃគូ ដែលជំរុញឱ្យការផ្សព្វផ្សាយអប់រំរបស់ក្រសួងបានដល់ដៃប្រជាពលរដ្ឋយើងនៅតាមសហគមន៍ ដែលធ្វើឱ្យពួកគាត់មានការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាពដោយសារជក់បារី។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់រូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ទាំងអស់ គួរលះបង់ទម្លាប់ប្រើប្រាស់ និងចៀសវាងឱ្យឆ្ងាយ ដើម្បីសុខភាពផ្ទាល់ខ្លួន និងគ្រួសារ។ លោកក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្ដចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បង្ហាញថា អត្រាអ្នកជក់បារីទូទាំងប្រទេសក្នុងចំណោមប្រជាជនអាយុពី ១៥ ឆ្នាំឡើង នៅឆ្នាំ ២០១៤ មាន ១៧% បានធ្លាក់ចុះមកត្រឹម ១៣% ក្នុងឆ្នាំ ២០២១ នេះ ក្នុងនោះអត្រាបុរសជក់បារី ៣៣% នៅឆ្នាំ ២០១៤ ចុះមក ២៥% ឆ្នាំ ២០២១ នេះបើតាមការអង្កេតក្នុងរយៈពេល ៥ ឆ្នាំម្ដង។
លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ដែលបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្តីពីថ្នាំជក់នៅប្រទេសកម្ពុជា ឆ្នាំ ២០២១ បានថ្លែងទទួលស្គាល់ថា អ្នកជក់បារីសម្រាប់មនុស្សពេញវ័យនៅប្រទេសកម្ពុជាបានការថយចុះដ៏គួរឱ្យកត់សម្គាល់។
លោកស្រីបន្តថា នៅក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា ក៏ដូចជាការអនុវត្តអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ក៏មានវឌ្ឍនភាពផងដែរ៕
វីដេអូ៖