ភ្នំពេញៈ កម្ពុជាស្នើចិនជួយរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសឆ្នាំនេះឱ្យទទួលបានលទ្ធផលខ្ពស់ ខណៈកងទ័ពប្រទេសទាំង២ នឹងបន្តធ្វើលំហាត់សមយុទ្ធរួមគ្នាឡើងវិញនៅខែក្រោយ។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិកងទ័ពរំដោះប្រជាជនចិន ដែលដឹកនាំដោយលោក យ៉ាង យ៉ាង សេនាធិការចម្រុះគណៈកម្មាធិការយោធាមជ្ឈឹម នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ។
គណៈប្រតិកងទ័ពរំដោះប្រជាជនចិនបានមកបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ឈានឡើងមួយកម្រិតទៀត។
លោក វង្ស ពិសេន បានអរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារបច្ចេកទេស និងថវិកា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដោយលោកថ្លែងថា វិស័យការពារជាតិចិនបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ការកែទម្រង់ ការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទ។
កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទនឹងបន្តធ្វើលំហាត់សមយុទ្ធរួមគ្នាឡើងវិញ ដែលមានឈ្មោះថា «នាគមាស ឆ្នាំ២០២៣» ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា បន្ទាប់ពីត្រូវខកខានអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺកូវីដ១៩។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ក្នុងហ្វេសប៊ុក នាថ្ងៃទី២៤ ខែកុម្ភៈ ថា៖ «ឯកឧត្តមអគ្គបញ្ជាការ [លោក វង្ស ពិសេន] បានសំណូមពរដល់កងទ័ពរំដោះប្រជាជនចិន នៅក្នុងការជួយបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងផ្សេងៗ និងជួយផ្ដល់ជាសម្ភារបរិក្ខារ ដល់កងយោធពលខេមរភូមិន្ទ និងការជួយរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសឆ្នាំ២០២៣ ឱ្យដំណើរការល្អ និងទទួលបានលទ្ធផលខ្ពស់»។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដីលោក យ៉ាង យ៉ាង ថ្លែងក្នុងជំនួបនេះថា លោកនឹងខិតខំពង្រឹងការផ្លាស់ប្ដូរព័ត៌មានជាមួយកម្ពុជា ក្នុងគោលដៅបង្ក្រាបឧក្រិដ្ឋកម្មផ្សេងៗ ធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខនៃប្រទេសទាំង២ ក៏ដូចជាក្នុងតំបន់។
ប្រភពដដែលបន្តថា លោក យ៉ាង យ៉ាង បានទទួលយកការស្នើរបស់លោក វង្ស ពិសេន ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សដោយលោកសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក វង្ស ពិសេន កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២នឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ទៀត៕