ភ្នំពេញៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហាញពីភាពរីករាយរបស់ចិនក្នុងការសហការជាមួយកម្ពុជា ដោយយក «ឆ្នាំមិត្តភាពចិន-កម្ពុជា» នៅឆ្នាំនេះជាឱកាសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិន-កម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយទៀត។
លោកលើកឡើងដូច្នេះក្នុងពិធីបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ នៃវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ។
ស្ថានទូតចិនបញ្ជាក់ថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីនេះ ខណៈលោក Lin Ruihua ទីប្រឹក្សាវប្បធម៌នៃស្ថានទូតចិនប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននិងបរទេស មន្ទីរអប់រំខេត្តJiangsuនៃប្រទេសចិន និងសាកលវិទ្យាល័យឧស្សាហកម្មវិជ្ជាជីវៈបច្ចេកវិទ្យាNanjing បានចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត។
លោក Wang Wentian រំឭកថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីដើមខែនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានព្រមព្រៀងគ្នាកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី និងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
លោកថ្លែងថា៖ «ភាគីចិនរីករាយសហការជាមួយកម្ពុជាតាមគ្រប់ទម្រង់ យក «ឆ្នាំមិត្តភាពចិន-កម្ពុជា» នាឆ្នាំនេះជាឱកាស ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិន-កម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយទៀត»។
លោក Wang Wentian បានលើកទឹកចិត្តដល់សិស្សឱ្យរក្សាស្រឡាញ់ «ឱកាសដ៏ល្អនេះ» ខិតខំរៀនភាសាចិននិងជំនាញវិជ្ជាជីវៈ រួមដំណើរលើរថភ្លើងល្បឿនលឿនក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ខិតខំធ្វើជាស្ថាបនិកអភិវឌ្ឍន៍ប្រទេសជាតិ ជាអ្នកបន្តមរតកនៃចំណងមិត្តភាពចិន-កម្ពុជា។
ស្ថានទូតចិនបានដកស្រង់សម្ដី លោក ហង់ ជួនណារ៉ុន ផ្សព្វផ្សាយក្នុងហ្វេសប៊ុកនាថ្ងៃទី២៥ ខែកុម្ភៈ ថា ភាគីចិនតែងផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់ការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាក្នុងការជំរុញទំនាក់ទំនងមនុស្សសាស្រ្តនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២។
លោកសង្ឃឹមថា វិទ្យាស្ថានខុងជឺនេះនឹងបណ្តុះបណ្ដាលធនធានមនុស្សដែលចេះភាសាចិនក្នុងវិស័យបច្ចេកវិទ្យា ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជានិងសម្រាប់ការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំង២។
វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា គឺជាវិទ្យាស្ថានខុងជឺទី៣ដែលបង្កើតឡើងដោយសហការគ្នារវាងចិននិងកម្ពុជា ដែលផ្អែកលើការបង្រៀនជាភាសាចិននិងមានលក្ខណពិសេសសម្រាប់ការអប់រំវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស «ចិន+អប់រំវិជ្ជាជីវៈ» បណ្តុះបណ្តាលកម្រិតខ្ពស់នៃគរុកោសល្យ និងការកសាងមូលដ្ឋានគ្រឹះបណ្តុះបណ្តាលជាក់ស្ដែងដែលមានលក្ខណៈផលិតកម្ម។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang មកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២បានចូលរួមជាសក្ខីភាពក្នុងពិធីសម្ពោធស្លាកវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា៕