គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៩៦០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់បានទទួលពីការឧបត្ថម្ភនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយកូវីដ១៩ មានចំនួន ១២ ជុំ មាន ៣២ លើក ដោយក្នុងនោះរដ្ឋបានចំណាយទឹកប្រាក់ចំនួន ៩៦២,៩៧ លានដុល្លារ។
ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបានពីការឧបត្ថម្ភនេះមានចំនួន ២ ៧៨៣ ៥៩១ នាក់នៃចំនួន ៧០៥ ៦១៣ គ្រួសារ។ ពលរដ្ឋដែលទទួលផលក្នុងនោះកុមារចាប់ពីអាយុ ០-៥ ឆ្នាំ មានចំនួន ១១០ ០២៥ នាក់ មនុស្សវ័យចាស់អាយុពី ៦០ ឆ្នាំឡើងទៅចំនួន ៣៨៧ ០៩៧ នាក់ ជនមានពិការភាពចំនួន ៦០ ៦៩២ នាក់ ព្រមទាំងផ្តល់ជូនដល់គ្រួសារដែលមានជំងឺអេដស៍មានប្រមាណ ២ ០៣៧ នាក់ផងដែរ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១២ លើកទី ២ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ដែលមានរយៈពេល ៣០ ថ្ងៃសម្រាប់ទៅដកប្រាក់។
ព្រមជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ចស្នើសុំឱ្យអ្នកទទួលផលទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីនេះឱ្យបានត្រឹមត្រូវដោយចៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឱ្យអបាយមុខផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការអន្តរាគមន៍ជំនួយជាសាច់ប្រាក់នេះ។
ក្រសួងសង្កត់ធ្ងន់ថា៖ «ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ខុសគោលដៅបែបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរ។ បើក្នុងករណីអ្នកទទួលផលទាំងនោះមិនរាងចាលនោះទេ មេឃុំចៅសង្កាត់ ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រនោះឡើងវិញ»។
អគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឈួរ សុបញ្ញា ធ្លាប់បានពន្យល់ថា ការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្របានចែកចេញជា ៣ ប្រភេទ គឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទហើយគ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ទៅតាមទំហំគ្រួសារ។
លោកថា៖ «ជាមធ្យម នៅជនបទ ទទួលបាន ២០ ម៉ឺនរៀលក្នុង ១ ខែ សម្រាប់ ១ គ្រួសារ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែលផ្តល់នេះមិនមែនសុខៗយើងឱ្យសាច់ប្រាក់ខុសគ្នាទេ ផ្តល់នេះផ្អែកលើមូលដ្ឋាននៃការសិក្សាលើប្រាក់ចំណូល។ ការសិក្សានេះមានការចូលរួមពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី»៕