ភ្នំពេញៈ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ជឿជាក់ថា សហគមន៍វាសនារួមរវាងចិន និងកម្ពុជា នឹងត្រូវបានចារក្នុងទំព័រថ្មី អភិវឌ្ឍកាន់តែល្អប្រសើរឡើង ហើយចំណងមិត្តភាព «ដែកថែប» នឹងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។
លោកលើកឡើងដូច្នេះ ក្នុងពេលលោកចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាថ្ងៃទី២៤ ខែកុម្ភៈ នៅឯ Yangyuanzhai នៃសណ្ឋាគាររដ្ឋ Diaoyutai រដ្ឋធានីប៉េកាំង ប្រទេសចិន។ ព្រះអង្គទាំងទ្វេបានយាងទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព។
ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុក នាថ្ងៃទី២៥ ខែកុម្ភៈ ថា លោក ស៊ី ជីនពីង បានសម្ដែងក្តីសោមនស្សជាខ្លាំងដែលលោក និងភរិយាបានចូលគាល់ព្រះអង្គទាំងទ្វេម្តងទៀត ដោយទីនោះ គឺជាព្រះរាជដំណាក់របស់ព្រះអង្គទាំងទ្វេ ដោយលោកថ្លែងថា៖ «សូមស្វាគមន៍ព្រះអង្គទាំងទ្វេយាងត្រឡប់ទៅមកកាន់ព្រះរាជដំណាក់វិញ»។
ប្រធានាធិបតីចិន រូបនេះថ្លែងថា ព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់លើស្ថានភាពនៅក្នុងប្រទេសចិន ហើយលោកក៏បានដឹងដែរថា សម្ដេចព្រះមហាក្សត្រីតែងសព្វព្រះទ័យទតកម្មវិធីព័ត៌មាននៃប្រទេសចិន។
លោក ស៊ី ជីនពីង រំឭកថា បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិន លើកទី ២០ ត្រូវបានរៀបចំរួច ព្រះករុណាព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរដល់លោកផ្ទាល់។
ស្ថានទូតចិនបញ្ជាក់ថា៖ «ឯកឧត្តម [លោក ស៊ី ជីនពីង] ជឿជាក់ថា សហគមន៍វាសនារួមរវាងចិន និង កម្ពុជា នឹងត្រូវបានចារក្នុងទំព័រថ្មី អភិវឌ្ឍកាន់តែល្អប្រសើរឡើង ហើយចំណងមិត្តភាព «ដែកថែប» នឹងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់»។
ស្ថានទូតចិនបញ្ជាក់ថា៖ «ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាបឋម ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងស្មោះជូនចំពោះឯកឧត្តមប្រធានាធិបតីចិន និង លោកជំទាវជាទីរាប់អាន សម្តេចព្រះមហាក្សត្រី និង ព្រះអង្គផ្ទាល់មានកិត្តិយសយ៉ាងក្រៃលែងដែលមានឱកាសជំនួបគ្នាជាមួយឯកឧត្តមប្រធានាធិបតី ចិន និងលោកជំទាវ។ ព្រះអង្គបានថ្លែងអំណរគុណដោយស្មោះ ចំពោះឯកឧត្តមប្រធានាធិបតីចិនដែលតែងផ្តល់ការគាំទ្រនិងជួយដល់ប្រទេសកម្ពុជា អស់រយៈពេលយូរមកហើយ»៕