
កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកពៅ ប៉ឺង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថត សហការី
សៀមរាបៈ ការមានធនធានពិតជាសំខាន់ ប៉ុន្តែការចេះកែច្នៃធនធានបន្ថែម រឹតតែសំខាន់ថែមទៀត ព្រោះវាអាចផ្ដល់ចំណូលបន្ថែមបាន ១ ផ្នែកទៀត។ ក្រៅពីអ្វីដែលអាចធ្វើបានជាប្រចាំ ការរិះរកគំនិតថ្មីៗ គឺជារឿងដែលប្រជាជនគួរធ្វើ ដើម្បីធ្វើយ៉ាងណាកុំឱ្យជីវភាពពួកគេពឹងតែលើចំណូលតែ ១ ច្រក។
ដីស្រែ ដែលកសិករប្រើប្រាស់ក្នុងការដាំដុះស្រូវ សម្រាប់បរិភោគក្នុងគ្រួសារ ឬសម្រាប់លក់ បែរជាត្រូវបានកសិករ១រូបយកទៅប្រើប្រាស់ជាទីតាំងសម្រាប់ចិញ្ចឹមបង្កងទៅវិញ។ ច្បាស់ណាស់ វាជារឿងដែលចម្លែកមួយ ប៉ុន្តែកសិកររូបនេះបានទទួលផលមិនគួរឱ្យជឿ ចេញពីការច្នៃធនធាននេះ។
លោកពៅ ប៉ឹង ជាកសិករម្នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលពីបរមបុរាណមក ពឹងផ្អែកលើដីស្រែ។ ពី១ឆ្នាំ ទៅ១ឆ្នាំ លោកប្រើដីក្នុងគោលបំណងតែ១គត់ គឺដាំដុះស្រូវ រហូតដល់ឆ្នាំ២០១៩ លោកចាប់ផ្ដើម កែប្រែទម្លាប់ទៅសាកប្រើអ្វីដែលថ្មីវិញម្ដង។
ដោយសារតែកសិកររូបនេះមានបំណងចង់ផ្លាស់ប្ដូរទៅចិញ្ចឹមបង្កង ប៉ុន្តែលោកមិនមានស្រះ ដូច្នេះរូបលោកក៏ចាប់ផ្ដើមធ្វើការស្រាវជ្រាវរកទីតាំងដែលអាចចិញ្ចឹមបាន ក្រៅពីស្រះទឹក។ លោកបានសម្រេចចិត្តប្រើប្រាស់ដីស្រែ ដែលលោកបានទុកចោលជាច្រើនឆ្នាំ ព្រោះតែការដាំដុះស្រូវមិនសូវទទួលបានផលចំណេញ។
លោកពៅ ប៉ឹង រៀបរាប់ថា៖«ចិញ្ចឹមបង្កងក្នុងស្រែដូចខ្ញុំធ្វើនេះ ចំណេញគួរសមដែរ ដោយសារមិនចាំបាច់ត្រូវចំណាយលើការរៀបចំប្រព័ន្ធចិញ្ចឹម ដូចជាអាងទឹក បណ្តាញទឹកចេញចូល ហើយនិងដំបូលនោះទេ។ និយាយទៅ គឺអាចចិញ្ចឹមនៅក្នុងស្រែតាមធម្មជាតិ ព្រោះអាកាសធាតុអំណោយផលនៅក្នុងស្រុកយើង ហើយម្យ៉ាងទៀតនៅក្នុងស្រែក៏[មាន]ទឹកល្មមគ្រប់នឹងអាចចិញ្ចឹមបង្កងបានផលល្អ»។
សម្រាប់បង្កងដែលលោកពៅ ប៉ឹង ចិញ្ចឹមនេះ ជាប្រភេទបង្កងអូស្ត្រាលី ដោយលោកអះអាងថា វាជាបង្កងមានទីផ្សារល្អ ព្រោះមានតម្រូវការច្រើន។
លោកថា៖«យើងអាចលក់ទៅឱ្យខាងភោជនីយដ្ឋាននៅរាជធានីភ្នំពេញ និងខាងខេត្តព្រះសីហនុ ហើយតម្លៃយើងអាចលក់បានខ្ពស់គួរសម គឺមិនក្រោម ២០ដុល្លារទេ ក្នុង១គីឡូក្រាម»។
ដោយហេតុថា ការចិញ្ចឹមរបស់កសិកររូបនេះ ជាការចិញ្ចឹមបែបធម្មជាតិ ដូច្នេះបង្កងដែលទទួលបាន ក៏មានគុណភាពខុសពីបង្កងក្នុងទីផ្សារឯទៀត ហើយនេះក៏ជាមូលហេតុដែលអតិថិជននិយម ចូលចិត្តជាវបង្កងពីលោកផងដែរ។ ផ្ដើមចេញពីការចិញ្ចឹមកូនបង្កងត្រឹមតែប្រមាណជា ៣០០ក្បាល មកដល់ពេលនេះបង្កងរបស់លោកពៅ ប៉ឺង មានរហូតទៅដល់រាប់ម៉ឺនកូន និងបានពង្រីកស្រែដើម្បីចិញ្ចឹមបង្កងបន្ថែមផងដែរ។
សម្រាប់បច្ចេកទេសក្នុងការចិញ្ចឹម លោកពៅ ប៉ឹង បានបែងចែកជា៣ខ្នាតខុសៗគ្នា។ ខ្នាតលេខ១ ត្រូវចំណាយពេលចិញ្ចឹមយ៉ាងតិច៦ខែ លេខ២ត្រូវការរយៈពេលជាមធ្យម ៤ខែ និងខ្នាតលេខ៣ ត្រូវការរយៈពេលចិញ្ចឹមយ៉ាងតិច ៣ខែ។
ចំណីសម្រាប់បង្កងវិញ លោកពៅ ប៉ឹង ឱ្យដឹងថា៖«ចំពោះការឱ្យចំណីបង្កង យើងអាចប្រើចំណីធម្មជាតិក៏បាន ប្រើចំណីនាំចូលក៏បាន ប៉ុន្តែភាគច្រើនគេក៏អាចប្រើចំណីធម្មជាតិដែលមាននៅក្នុងស្រែ ឬនៅក្នុងស្រះស្រាប់ ដូចជា សារាយ ចក ប្លង់តុង និងកសិផលជុំវិញផ្ទះ ដូចជា ផ្លែស្វាយទុំ បន្លែ ល្ពៅ សណ្ដែកបាយ ដែលជាផលិតផលក្នុងស្រុក ដែលអាចចំណេញដល់យើងបាន១ផ្នែកដែរ»។
ទោះយ៉ាងណា ការចិញ្ចឹមតាមរបៀបនេះ លោកក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដោយបញ្ហាសំខាន់បំផុត គឺការរងឥទ្ធិពលពីថ្នាំពុល ដែលកសិករផ្សេងទៀតប្រើប្រាស់នៅក្បែរទីតាំងចិញ្ចឹមបង្កងរបស់លោក។ បញ្ហាសំខាន់១ទៀត គឺបញ្ហាទឹកជំនន់ កន្លងមកលោកធ្លាប់បានបាត់បង់បង្កងចេញពីស្រែអស់ជាច្រើនផងដែរ។
បើទោះជាយ៉ាងនេះក្ដី ការកែច្នៃធនធានរបស់លោក ចាត់ទុកថា ជាភាពជោគជ័យមួយ ម្ល៉ោះហើយ លោកមានបំណងចង់ពង្រីកការចិញ្ចឹមបន្តទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានកាន់តែច្រើនថែមទៀត ព្រមទាំងអាចឈានទោដល់ការនាំចេញទៅក្រៅប្រទេសផងដែរ៕