ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល នឹងដាក់ឱ្យចរាចរណ៍បណ្តោះអាសន្នតាមស្ពានអាកាសឫស្សីកែវ បន្ទាប់ពីការសាងសង់ជិតរួចទាំងស្រុង ក្រោយពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។
ស្ពានអាកាសឫស្សីកែវដែលប្រសព្វគ្នាជាមួយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដោយត្រូវរដ្ឋាភិបាលសម្រេចដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ នេះបើយោងតាមលិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ២៤ ខែកុម្ភៈនេះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ «ដើម្បីជួយសម្រួលដល់រំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះតទៅ»។
សេចក្តីជូនដំណឹងបានសរសេរបន្តថា បច្ចុប្បន្នស្ពានអាកាស ដែលមានបណ្តោប្រវែងសរុប៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដែលក្រុមហ៊ុនវិនិយោគអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាលសម្រេចការសាងសង់បានស្ទើរតែ១០០ភាគរយហើយនៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។
តាមរយៈសេចក្ដីជូនដំណឹងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យសាធារណៈជនចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។
នៅពេលសួរថាតើការដាក់ដំណើរការចរាចរបណ្តោះអាសន្ននៃស្ពានអាកាសឫស្សីកែវនេះ នឹងជួយស្ថានភាពចរាចរណ៍នៅតំបន់នោះយ៉ាងដូចម្តេចខ្លះ? លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឆ្លើយតបយ៉ាងខ្លីថា៖«វានឹងសម្រួលបានច្រើន»។
ការបើកចរាចរណ៍បណ្តោះអាសន្ននៃស្ពានអាកាសឫស្សីកែវភ្ជាប់ទៅខណ្ឌជ្រោយចង្វារនាពេលនេះ គឺស្របពេលដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលហៅថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី៥រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវនៅព្រឹកថ្ងៃទី ៣១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការកសាងស្ពានអាកាសនេះ គឺជារឿងចាំបាច់ដើម្បីបញ្ចៀសចរាចរណ៍ នៅពេលស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបពីឫស្សីកែវទៅជ្រោយចង្វារត្រូវបានតភ្ជាប់។
តាមសម្រង់សម្តីដើមនៅពេលនោះលោក ថ្លែងថា៖«ការកសាងស្ពានអាកាសនៅទីនេះ គឺជាការចាំបាច់ដើម្បីបញ្ចៀសនូវចរាចរណ៍កកស្ទះ ព្រោះយើងមិនអាចធ្វើដំណើរកើតទេ នៅពេលស្ពានឆ្លងកាត់ពីខាងឫស្សីកែវទៅម្ខាងទៀតជ្រោយចង្វារត្រូវបានតភ្ជាប់ យើងមិនអាចធ្វើទៅរួចទេ ដូច្នេះជម្រើសដែលល្អបំផុត គឺការកសាងស្ពានអាកាសដើម្បីឱ្យផ្លូវនេះចរាចរធម្មតា ក៏ប៉ុន្តែផ្លូវឆ្លងទៅម្ខាងទៀតគឺឆ្លងទៅតាមស្ពានអាកាសនោះឯង»។
ក្នុងពេលបើកការដ្ឋាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសឫស្សីកែវមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ និងស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបក្នុងភូមិសាស្ត្រសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងគឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងសាងសង់រយៈពេល១៥ខែនិងចំណាយថវិកា ៩ ៧១០ ៤៧៤ ដុល្លារសហរដ្ឋអាមេរិកដែលជាកញ្ចប់ថវិកាបានមកពីមូលនិធិកោះនរាហ៍។ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ត្រូវរដ្ឋាភិបាលសម្រេចដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២៣៕
វីដេអូ៖