ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យឈប់ចាញ់បោកតាមការឃោសនារបស់ក្រុមមេខ្យល់ក្នុងការទៅទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីកម្មសិទ្ធិឯកជន ខណៈដែលដីនេះត្រូវបានរដ្ឋាភិបាល ប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់។
កាអំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី២៤ ខែកុម្ភៈករណីពលរដ្ឋប្រមាណ២៥០គ្រួសារមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ
កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ប្រវត្តិដើមដីនេះជារបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានបណ្ណកម្មសិទ្ធិចំនួន៣បណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។
ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩មានក្រុមមេខ្យល់បានបំផុសបំផុលពលរដ្ឋឱ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីនេះ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់-ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារដែលបានបង្កើតឡើងនេះទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់។
ប្រភពដដែលបានបន្តថា លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាសម្រេចបង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣បណ្ណខាងលើឱ្យទៅធនាគារកាណាឌីយ៉ា។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ាបានស្នើទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សុំកាត់ឆ្វៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។
ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំសម្របសម្រួលដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនិងអាស្រ័យផលជាក់ស្ដែងលើទីតាំងដីនោះ។
ជាលទ្ធផលមានពលរដ្ឋមួយចំនួនធំបានឯកភាពទទួលយកនិងនៅសល់ពលរដ្ឋមួយចំនួនតូចនៅបន្តជឿតាមការញុះញង់ពីសំណាក់មេខ្លោងនិងមេខ្យល់ដែលបានធ្វើសកម្មភាពញុះញង់បំផុសបំផុលឱ្យពលរដ្ឋនៅបន្តទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធិរបស់អ្នកដទៃដោយពុំទាន់ទទួលយកគោលការណ៍ដោះស្រាយក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ប្រភពដដែលបញ្ជាក់ថា«រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ចាញ់បោកការឃោសនារបស់ក្រុមមេខ្យល់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋនិងដីកម្មសិទ្ធិឯកជនហើយរដ្ឋបាលខេត្តព្រះ
សីហនុ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះក្រុមមេខ្យល់ដែលមានបំណងបង្កចលាចល បំផុសបំផុលចលនាអនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋ និងដីកម្មសិទ្ធិឯកជននៅលើទឹកដីនៃខេត្តព្រះសីហនុដោយគ្មានការលើកលែងឡើយ»។
ទាក់ទិននឹងរឿងនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ សុំមិនធ្វើការអត្ថាធិប្បាយជុំវិញរឿងនេះ ដោយសារលោកថាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។ ចំណែក លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅថ្ងៃទី២៦ ខែកុម្ភៈ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៨០អនក្រ.បក សម្រេចកាត់ឆ្វៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២និងប្រគល់ជូនធនាគារកាណាឌីយ៉ាគ្រប់គ្រងជាកម្មសិទ្ធិ។បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២បណ្ណលេខ១៨០២០៣០១-០០២៩និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕
វីដេអូ៖