ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ កំណត់យកថ្ងៃទី ៣ ខែមីនាខាងមុខ ដើម្បីធ្វើការសម្របសម្រួលវិវាទរបស់ពលរដ្ឋ និងម្ចាស់បំណុល ជាមួយក្រុមហ៊ុនបុរីវីអាយភីបន្តទៀត បន្ទាប់ពីការជជែកពិភាក្សាដោះស្រាយកាលពីថ្ងៃទី ២៣ កុម្ភៈ មិនទាន់មានការសម្រេចណាមួយច្បាស់លាស់នៅឡើយ។
កំណត់ហេតុស្តីពីដំណោះស្រាយចុះថ្ងៃទី២៣ កុម្ភៈ បានឱ្យដឹងថា ករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ ដែលបានកើតឡើងកន្លងមក គឺមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយចប់កិច្ចប្រជុំកាលពីថ្ងៃទី២៣ កុម្ភៈ តំណាងក្រុមហ៊ុន បុរី វីអាយភី តំណាងប្រជាពលរដ្ឋ និងភាគីម្ចាស់បំណុល បានសម្រេចរួមគ្នាចំនួន២ ចំណុច ដោយចំណុចទី១ បានកំណត់ថ្ងៃដើម្បីធ្វើការប្រជុំពិភាក្សាជាថ្មីទៀត ដោយតម្រូវឱ្យមានភាគីទាំងអស់ចូលរួម បន្ទាប់ពីការជជែកពិភាក្សាដោះស្រាយគ្នារបស់គ្រប់ភាគី មិនអាចសម្រេចបានក្នុងការរកដំណោះស្រាយច្បាស់លាស់ណាមួយនៅឡើយ។
ចំណែកចំណុចទី២ រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីការបន្តខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បានការសាងសង់សំណង់បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចហើយ ខណៈដំណោះស្រាយបន្តនាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់ម្ចាស់បំណុលទាំងអស់ ចូលរួមសហការរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។
កំណត់ហេតុនេះ បញ្ជាក់ថា៖«ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់កម្មវិធីប្រជុំដោះស្រាយម្ដងទៀត នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុន បុរី វីអាយភី និងម្ចាស់បំណុលទាំង៣ រួមមាន លោកជំទាវ សេង រួចលាង, លោកឧកញ៉ា លី ហាក់ និងលោកស្រី ឈន សៀកលាង ចូលរួមប្រជុំដោយផ្ទាល់ ដើម្បីពិគ្រោះគ្នារកដំណោះស្រាយ»។
លោក ហេង សុភាព តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលជាអតិថិជនទិញផ្ទះពីក្រុមហ៊ុនបុរី វីអាយភី បានឱ្យដឹងថា ចំនួនអតិថិជនសរុបទាំងអស់ដែលរងគ្រោះពីគម្រោងនេះ គឺមានចំនួន៣៧៣គ្រួសារ ឬស្មើនឹង៤២៧ល្វែង ដោយបានបង់ប្រាក់សរុប១២លានដុល្លារទៅកាន់ក្រុមហ៊ុន។
លោក អះអាងថា៖«យើងខ្ញុំសូមសំណូមពរដូចខាងក្រោម១ ចង់បានផ្ទះ។ ២ បើមិនទាន់បានផ្ទះ សុំប្លង់សិន។ ៣ប្រសិនបើក្រុមហ៊ុនអស់លទ្ធភាព យើងខ្ញុំចង់បានប្រាក់ដើមត្រឡប់មកវិញ។ បើក្រុមហ៊ុនមានទិន្នន័យ ក្នុងដៃ សុំឱ្យក្រុមហ៊ុនផ្ដល់ទិន្នន័យជូនក្រុមការងារ»។
មេធាវីតំណាងឱ្យក្រុមហ៊ុន បុរី វីអាយភី ដែលមិនបានបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ម្ចាស់ក្រុមហ៊ុនបុរី វីអាយភី បានជាប់បំណុលចំនួន៣នាក់ រួមមានលោកស្រី សេង រួចលាង ក្រុមហ៊ុនជំពាក់ចំនួន១២លានដុល្លារ (បានដាក់បណ្ណចំនួន ២ ១០០បណ្ណ) លោក លី ហាក់ ក្រុមហ៊ុនជំពាក់ចំនួន២លាន ៣សែនដុល្លារ និងលោកស្រី ឈន សៀកលាង ក្រុមហ៊ុនជំពាក់ចំនួន៤លាន ៧សែនដុល្លារ។
មេធាវីរូបនេះ បានឱ្យដឹងបន្តថា សម្រាប់ចំនួនផ្ទះសរុបក្នុងគម្រោង គឺមានចំនួនសរុប២៥៩៩ផ្ទះ បានលក់ឱ្យទៅអតិថិជនបានចំនួន១៧០០ផ្ទះ ក្នុងនោះមានអតិថិជនបានបង់ផ្តាច់ចំនួន៣៦២ផ្ទះ និងចំនួន១៣៣៨ផ្ទះ អតិថិជនបានបង់ជាដំណាក់កាល និងបង់រំលស់។
មេធាវីរូបនេះបានបញ្ជាក់ថា៖«សរុបជាទឹកប្រាក់ ក្រុមហ៊ុនទទួលបានកន្លងមករួមមាន បង់ផ្តាច់ (៣៦២ផ្ទះ) ស្មើនឹងទឹកប្រាក់សរុប ១៦ ៥៨៨ ៤៤៨ ដុល្លារ។ បង់ដំណាក់កាល (៣ដំណាក់កាល ២០%- ៥០% និងបង់ផ្តាច់ ១០០%) សរុបប្រាក់៧ ៧៤៧ ៦២២ ដុល្លារ។ បង់រំលស់ (ប្រចាំខែ) ស្មើនឹងប្រាក់សរុប ១៦ ៦៨២ ៩៧២ ដុល្លារ សរុបជាទឹកប្រាក់ ៤១ ០១៩ ០៤២ ដុល្លារ»។
ក្រៅពីការរៀបរាប់បែបនេះ មេធាវីរបស់ក្រុមហ៊ុន ក៏បានសំណូមពរដល់ម្ចាស់បំណុល សុំផ្អាកការយកការប្រាក់ និងដកពាក្យបណ្តឹងសិន ដើម្បីឱ្យម្ចាស់បុរី មានលទ្ធភាពក្នុងការដោះស្រាយជូនអ្នកពាក់ព័ន្ធ ដោយអះអាងថា ក្រុមហ៊ុន មានជំហរក្នុងការផ្តល់ដំណោះស្រាយដល់ភាគីពាក់ព័ន្ធ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ បានថ្លែងថា កន្លងមក ករណីនេះ លោកបានឱ្យក្រុមការងារធ្វើការស្រាវជ្រាវដោយរកឃើញថា ម្ចាស់ក្រុមហ៊ុន បុរី វីអាយភី មានជាប់បំណុលខាងក្រៅជាមួយតតិយជនផ្សេងទៀត។ ក្រោយទទួលបានរបាយការណ៍ហើយ រដ្ឋបាលខេត្ត បានអញ្ជើញទាំងភាគីម្ចាស់បំណុល មកចូលរួមស្តាប់ និងពិភាក្សារកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថា៖«ករណីសំណុំរឿងក្រុមហ៊ុន បុរី វីអាយភី នេះ បើអនុវត្តតាមច្បាប់គឺម្ចាស់ ក្រុមហ៊ុន បុរី វីអាយភី ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត មិនចង់ឱ្យយកជម្រើសនេះជាដំណោះស្រាយនោះទេ គឺដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយ សមស្របណាមួយ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបានផលប្រយោជន៍រៀងៗខ្លួន ចៀសវាងការអនុវត្តច្បាប់ ដោយឱ្យម្ចាស់ក្រុមហ៊ុនត្រូវទទួលទោសទៅតាមច្បាប់»។
យ៉ាងណាក្តី លោក គួច ចំរើន រំពឹងថា នៅថ្ងៃប្រជុំសម្របសម្រួលខាងមុខ គ្រប់ភាគី នឹងផ្តល់ការចូលរួមសហការរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ខណៈលោកស្នើឱ្យម្ចាស់បំណុលទាំងអស់ពិចារណាអំពីការស្នើសុំរបស់ក្រុមហ៊ុនបុរីវីអាយភី ក្នុងការបញ្ឈប់ការយកប្រាក់ផងដែរ៕