ភ្នំពេញៈ​ ក្រសួងកា​របរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កម្ពុជា​នឹង​រៀបចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​នៅ​ដើម​ខែ​មីនាខាង​មុខ​ ដើម្បី​វាយ​តម្លៃ​លើ​សមិ​ទ្ធ​ផល​ការងារ​ការ​ទូត និង​រៀបចំ​ផែនការ​សកម្ម​ភាព​ថ្មី​​ដើម្បី​ពិនិត្យ​ភូមិសាស្ត្រ​ន​យោបាយ ​បញ្ហា​តំបន់ ​ការ​ទូត​សេដ្ឋ​កិច្ច​ ព្រម​ទាំង​កំណែ​ទម្រង់​ស្ថាប័ន​ផង​នៅ​ចំពោះ​មុខ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​សកល និង​វិបត្តិ​តាន​តឹង​ភូមិ​សាស្ត្រ​នយោ​បាយ​អន្តរ​ជាតិ​។​

​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិបាន​ឱ្យ​ដឹង​ថា ក្រសួង​នឹង​រៀបចំ​សន្និបាត​ប្រចាំ​ឆ្នាំ​ ដែល​មាន​ការ​ចូ​លរួម​ពី​ថ្នាក់​ដឹក​នាំ ម​ន្ត្រី​ក្រសួង ​ប្រធាន​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​និង​តំណាង​ជាន់​ខ្ពស់​ពី​ស្ថា​ប័ន​ជាតិ​ពាក់​ព័ន្ធ​។​

​សន្និ​បាត​ប្រចាំ​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ​៣ ខែមីនា ឆ្នាំ​ ២០២៣ ដើម្បី​វាយ​តម្លៃ​លើ​សមិទ្ធ​ផល​ការ​ងារ​កា​រទូត​ និង​រៀបចំ​ផែន​ការ​សកម្ម​ភាព​ថ្មីសម្រាប់​នយោ​បាយ​ការ​បរទេស​ឯក​រាជ្យ​ និង​ផ្អែក​តាម​ច្បាប់​។​

​ក្រសួង​បាន​បញ្ជាក់​ថា «​សន្និ​បា​ត ២ ​ថ្ងៃ​ដំបូងនឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ការដឹក​នាំ​ដោយ​លោក ​ប្រាក់ សុខុន ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីកា​របរទេស​ ដើម្បី​ពិនិត្យ​លើ​ការប្រែ​ប្រួល​ភូមិ​សាស្ត្រ​នយោ​បាយ​សកល ​ការ​វិវត្ត​នៃ​បញ្ហា​តំបន់ ក្នុងការ​ត្រួត​ពិនិត្យ​ផល​ប្រយោជន៍​ និង​ក្តី​បារម្ភ​របស់​កម្ពុជា សិក្សា​យុទ្ធ​សាស្ត្រ​ការ​ទូត​សេដ្ឋ​កិច្ច​នៅ​ចំពោះ​មុខ​វិបត្តិ​សេដ្ឋ​កិច្ច​សកល ​ព្រម​ទាំង​ការ​ពិភាក្សា​លើ​កំណែ​ទម្រង់​ស្ថា​ប័ន​»​។​

​បើតាមក្រសួង​ការ​បរទេស​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​គោល​ការណ៍​ណែនាំ និង​ទិសដៅ​គោល​នយោ​បាយដល់​មន្ត្រីការ​ទូត​កម្ពុ​ជា​សំដៅ​រក្សា​ផលប្រ​យោជន៍​ស្នូល​របស់​កម្ពុជា ធា​នា​ឱ្យ​បានអធិប​តេយ្យ​ និង​សន្តិភាព ព្រម​ទាំង​ជំរុញ​ទំនាក់​ទំនង​សេ​ដ្ឋកិច្ច​។​

​ជុំវិញ​បញ្ហា​នេះ លោក គិ​ន ភា ប្រ​ធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិ​ត្យសភាកម្ពុជាបានថ្លែង​ថា ​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំនេះពិត​ជាមាន​សារៈ​សំខាន់​ដើម្បី​រដ្ឋាភិ​បាល​អាច​ស្ទាប​ស្ទង់​មើល​លទ្ធ​ផល​ការងារ​ខ្លួន ​និង​ដាក់​ចេញ​ការងារ​ស្រប​តាម​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុងន័យ​ប្រើ​នយោ​បាយ​ការបរទេសឱ្យ​ចំ​ទិសដៅ​ និង​ស្រប​ស្ថាន​ការណ៍​។

​លោក​ថា​ កម្ពុជា​បាន​អនុវត្ត​នយោបាយ​ការ​បរទេស​ដែល​ទទួលបាន​លទ្ធផល​វិជ្ជមាន​ច្រើន​នៅ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ពិសេស​ក្នុង​ឆ្នាំ​២០២២​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​។​

​លោក​គិន ភា បាន​បញ្ជាក់​ថា ៖ «​កម្ពុជា​ជួប​ភា​ពអវិជ្ជមាន​មួយចំនួន​ដែល​កម្ពុជា​មិនអាច​សម្រប​សម្រួល​បាន​លើ​បញ្ហា​ក្នុង​តំបន់​ខ្លះ​ដែល​កម្ពុជា​នៅ​មាន​កម្រិត ​ជាពិសេស​កម្ពុជា​រង​ការ​រិះគន់​លើ​ទំនាក់​ទំនងជិត​ស្និ​ទ្ធជាមួយ​ចិន​ពី​មហា​អំណាច​លោក​ខាង​លិច​ តួយ៉ាង​បញ្ហា​បំណុល មូល​ដ្ឋានទ័ព​រាម​ជា​ដើម​»​។​

​លោកបាន​សង្កត់​ធ្ងន់ថា​៖«​កម្ពុជា​គួរ​បន្ត​នយោ​បាយ​ការបរ​ទេស​ពហុ​ភាគី​និយម​ ដែល​ផ្អែកលើ​ទិដ្ឋ​ភាព​ច្បាប់​ដែល​ឱ្យ​តម្លៃ​លើ​សម​ភាព ​ស្ថិរភាព ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្ន​។ កម្ពុជា​គួរ​រក្សា​នយោ​បាយ​ការ​បទេស​ភាព​ជា​អ្នកជិត​ខាង​ល្អជា​មួយ​បណ្តា​ប្រទេស​ជុំវិញ​យើងជា​រឿង​ចាំបាច់​។ កម្ពុជា​គួរ​បន្ត​ប្រយ័​ត្នប្រយែង​លើ​ការបត់​បែន​ក្នុង​បញ្ហា​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​ដើម្បី​ធានាថា ​វា​មិន​បង្ក​ហានិ​ភ័យ​ដល់​កម្ពុជា​»​។​

​លោក គិ​ន ភា បាន​បន្ថែម​ថា កម្ពុជា​ក៏គួរ​បន្ត​ការយក​ចិត្ត​ទុក​ដាក់​លើ​ម​ជ្ឈ​ភាព​អាស៊ាន​ដែល​អង្គ​ការ​តំបន់​នេះ ផ្តល់​ប្រយោ​ជន៍​សម្រាប់​កម្ពុជា​ទាំង​ជា​ច្រក​សេដ្ឋ​កិច្ច និង​ការទូត ហើយ​កម្ពុជា​ត្រូវ​បន្តធ្វើ​ពិពិធ​កម្ម​ការទូត បើក​ចំហទ្វារ​ការ​ទូត ​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​មាន​ភាព​ជា​ដៃគូ​យុទ្ធ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​បណ្តា​ប្រទេស​ឱ្យ​កាន់តែច្រើ​ន​បន្ថែម​ពី​លើ​ចិន និង​ជប៉ុន ដែល​កំពុង​មាន​ស្រាប់​។​

​សម្រាប់​លោក​វណ្ណ ប៊ុន​ណា អ្នក​សិក្សា​ភូមិសាស្ត្រ​នយោ​បាយ​បាន​ថ្លែង​ថា សន្និ​បាត​នេះ​នឹង​បញ្ចូល​ធាតុ​ចូល​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​នយោ​បាយ​ការប​ទេស​កម្ពុជា ក្នុង​បរិបទ​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ ​ដែល​ពិភព​លោក​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ពី​ឥទ្ធិពល​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន​។

​លោក​ថា កម្ពុជា​គួរ​ផ្តោត​លើ​ការ​ទូត​សេដ្ឋ​កិច្ច​ដែល​ចង​មិត្ត​ដើម្បី​ប្រយោ​ជន៍​សេដ្ឋ​កិច្ច​។​

​លោក​វណ្ណ ប៊ុន​ណា បាន​ថ្លែងថា​៖ «​កម្ពុ​ជា​មាន​ធន​ធាន​មនុស្ស​សម​ស្រប​ មាន​មន្ត្រី​មាន​សមត្ថ​ភាព​ខ្ពស់ សម្រាប់​ការ​អនុវត្ត​នយោ​បាយ​ការ​បរទេស​ជា​មួយ​បណ្តា​ប្រទេស​នានា ​ទាំង​ថ្នាក់​អង្គការ​តំបន់​ អន្ត​រជាតិ​ ដែល​ជា​ចំណុច​ល្អ ហើយ​កម្ពុជា​បាន​បង្កើន​មិត្ត​កាន់​តែ​ច្រើន​»​។

លោក​បាន​បញ្ជាក់​ថា៖​«​លើ​ចំណុច​អវិជ្ជមាន​អ្វីដែល​យើង​ខ្វះ​ដោយ​សារ​យើង​ជា​ប្រទេស​តូច ហើយ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នេះ​ជា​ឧបសគ្គហើយ​ជា​ពិសេស​ទំនាក់​ទំនង​ផ្ទៃក្នុង​កម្ពុ​ជាមាន​ភាព​ជា​ប់​គាំង ការ​ធ្លាក់ចុះ​លទ្ធិប្រ​ជាធិ​បតេយ្យ​ ដែល​ធ្វើ​ឱ្យ​កម្ពុ​ជាមាន​បញ្ហា​រកាំរ​កូស​លើ​ទំនាក់​ទំនង​ជាមួយ​លោកខា​ងលិច​»​។

​​

​ចំពោះ​សាស្ត្រា​ចារ្យ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ​លោក​ សេង វណ្ណ​លី បាន​លើក​ឡើង​ដែរ​ថា សន្និបាត​ប្រចាំឆ្នាំ ២០២៣ នេះ​មាន​សារៈ​សំខាន់ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​ ដោយ​សារ​ការ​ខក​ខាន​រយៈ​ពេល២​ឆ្នាំ​ដោយ​សារ​វិបត្តិ​កូ​វីដ​១៩ ហើយ​ស្ថិត​ក្នុង​បរិបទ​ភូមិ​សាស្ត្រ​នយោ​បាយ​ដែល​កំពុង​ឡើងក​ម្តៅ​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិក ដើម្បី​ផ្តល់​អាទិ​ភាព​ដល់​គោល​នយោ​បាយ​ការប​រទេស​កម្ពុជា​នៅ​ឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់​។​

​លោក​បាន​ថ្លែង​ថា​៖ «​សន្និបាត​នេះ​ក៏​បង្ហាញ​ថា ជា​ការ​បើក​ទូលំទូ​លាយ​ឱ្យ​មាន​ការ​ផ្តល់​ជា​អនុ​សាសន៍ឬ​ធាតុ​ចូល របស់​អ្នក​ជំនាញ​ក្នុង​វិស័យ​ការទូត​សម្រាប់​រដ្ឋាភិ​បាល​កម្ពុជា ជាពិសេស​ក្រសួង​ការ​បរទេស​ត្រៀម​សកម្ម​ភាព​ការ​ងារ​ខ្លួន​ក្នុង​ការ​ចូលរួម​ជា​មួយ​អង្គការ​តំបន់​និង​អន្ត​រជាតិ​»​។

​លោក​សេង វណ្ណ​លី បាន​បន្ត​ថា សន្និបាត​នេះ អាច​នឹង​ជជែក​ពី​ការ​សម្លឹង​ឃើញ​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការទូត​ជា​មួយ​មិត្ត​ប្រពៃ​ណី​ដែល​មាន​ស្រាប់ និង​ការពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​មិត្ត​ថ្មី​ តួយ៉ាង​បណ្តា​ប្រទេស​នៅ​

មជ្ឈិម​បូព៌ា តំបន់​អាស៊ី​កណ្តាល និង​អាមេរិក​ឡាទីន ជា​ដើម ក្រោយ​បិទ​បញ្ចប់​ភាព​ជា​ម្ចាស់ផ្ទះ​អាស៊ាន​រួច ដើ​ម្បី​អនុវត្ត​ការទូត​ឯក​រាជ្យ​របស់​កម្ពុជា​ធ្វើយ៉ាង​ណា​បញ្ចៀស​បញ្ហា​ពី​កា​រប្រណាំ​ង​ប្រជែង​ភូមិ​សាស្ត្រ​ដ៏​តានតឹ​ង​របស់​មហា​អំណាច​នៅ​ពេល​បច្ចុ​ប្បន្ន​​៕