ភ្នំពេញៈ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានស្នើទៅកាន់ប្រទេសសិង្ហបុរី ឱ្យបន្តជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានគុណភាពបន្ថែមទៀត។
ការស្នើនេះ បានធ្វើឡើង ស្របពេលដែលប្រតិភូមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០២៣។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចាត់ទុកដំណើរបំពេញទស្សនកិច្ចរបស់ប្រតិភូមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ថា គឺបង្ហាញពីការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-សិង្ហបុរី ស្របពេលកម្ពុជាមានដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកបន្តទៀតថា៖«ទំនាក់ទំនងកម្ពុជា សិង្ហបុរី មានការវិវត្តរីកចម្រើន តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល ការជួយកម្ពុជាឱ្យមានសមាហរណកម្មចូលក្នុងតំបន់ ទាំងវិស័យធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើម»។
នៅក្នុងវិស័យយោធាវិញ លោកថា សិង្ហបុរី ក៏បានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស កងទ័ពជើងទឹក ភាសាបរទេស អភិបាលកិច្ច សេនាធិការព្រមទាំងការផ្ដល់សម្ភារ គ្រឿងបំពាក់មួយចំនួនទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះកងទ័ពពិសេសសិង្ហបុរី ដែលបានជួយកងទ័ពពិសេសកម្ពុជា នាំមកនូវផលប្រយោជន៍ដល់កងទ័ពនៃប្រទេសទាំង២។
លោកថា កន្លងមកកងទ័ពសិង្ហបុរី តែងតែជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជា ហេតុនេះលោកក៏បានស្នើឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្រលើវិស័យហ្វឹកហ្វឺន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានគុណភាពបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ដាវីដ ណេអូ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បានគាំទ្រចំពោះការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់កងយោធពលខេមរភូមិន្ទកន្លងមក ខណៈលោកក៏បានបញ្ជាក់ពីជំហរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំង២បន្ថែមទៀតនាពេលអនាគត។
លោក ដាវីដ ណេអូ ក៏បានឱ្យដឹងដែរថា៖«តាមរយៈលទ្ធផលនៃជំនួបជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានពិភាក្សាអំពីប្រធានបទមួយចំនួន ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់ និងការរៀបចំផែនការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកប្រទេសទាំង២រទៅថ្ងៃអនាគតជាដើម»។
កម្ពុជាជាប្រទេសដំបូងគេបំផុត ដែលបានប្រកាសទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើង ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹង និងរីកចម្រើនជាបន្តបន្ទាប់។
តាមរយៈកិច្ចប្រជុំទ្វេភាគីខាងលើនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក៏បានបង្ហាញការប្តេជ្ញារួមគ្នាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិសុខ ពិសេសឈានឆ្ពោះទៅធ្វើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងនោះវិស័យការពារជាតិទ្វេភាគី៕