ព្រៃវែងៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ នៅ​ថ្ងៃទី ២៧ ​កុម្ភៈថា ស្ថានភាព​ជំងឺផ្តាសាយបក្សី ​H5N1​ ដែល​កើត​មាននៅ​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង នៅពេលនេះ​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​ហើយ​។​

​លោកស្រី​មានប្រសាសន៍ថា​៖ «​មានតែ​ ២​ ករណី​នៃ H5N1 ត្រូវបាន​រកឃើញ​មកទល់​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដែល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​។ ក្មេងស្រី​ម្នាក់​អាយុ ១១ ​ឆ្នាំ ៦ ​ខែ បានទទួល​មរណភាព ហើយ​ឪពុក​របស់​នាង ត្រូវបាន​បញ្ជាក់ថា មាន​ផ្ទុកមេរោគ H5N1 ក្រោម​ការមើល​ថែទាំ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​»​។

​លោកស្រី ឱ វណ្ណឌី​ន ថ្លែងបន្តថា មិនទាន់មាន​សញ្ញា​ណា​ដែល​បង្ហាញថា វា​មានការ​រាតត្បាត​ធំធេង​នោះទេ ហើយ​អ្វីដែល​កំពុង​រង់ចាំ​គឺ​ការធ្វើការ​សន្និដ្ឋាន​ច្បាស់​លាស់​ពី​ក្រុម​ដែល​គាត់​បាន​ចុះទៅ​អង្កេត និង​ស្រាវជ្រាវ​ពី​ករណីនេះ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ប៉ុន្តែ​មកដល់ពេលនេះ​យើង​មិនទាន់​រកឃើញថា មានការ​ឆ្លង​ទៅណា​ទៀត​ទេ ដែល​នេះ​ក៏​ជាស​ញ្ញា​មួយ​ដ៏​ល្អ សម្រាប់​យើង ដែល​យើង​អាច​គ្រប់គ្រង​បាន​ទាំង​​ស្រុង​ហើយ​ផងដែរ​នូវ​ស្ថានភាព​ជំងឺ​នេះ​ក្នុង​តំបន់​នោះ​»​។​

​បើតាម​លោកស្រី​ ឱ វណ្ណឌី​ន បន្ទាប់ពី​ព្យាបាល​ឪពុក​ក្មេងស្រី វត្ថុ​សំណាក​បន្ថែម​របស់គាត់​ត្រូវបាន​យកទៅ​ធ្វើតេស្ត និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃទី​ ២៧ ខែកុម្ភៈ ប៉ុន្តែ​គាត់​នៅតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​ដើម្បី​បញ្ចប់​វគ្គ​ព្យាបាល​របស់គាត់​តាម វិធី​នៃ​ការប្រើប្រាស់​ថ្នាំ​។

​លោក​​ស្រីបញ្ជាក់ថា​៖ «​ក្រុមគ្រូពេទ្យ​មិនទាន់​ឱ្យ​គាត់​ចេញ​ទៅណា​នោះទេ ដូច​ទៅនឹង​ករ​ណី​ជំងឺឆ្លង​មួយចំនួន​ផងដែរ ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​។ ដូច្នេះ​ក្រុមគ្រូពេទ្យ​ឱ្យ​គាត់​ស្នាក់​នៅ​បន្ត និង​ធ្វើការ​តាមដាន​ទៀត​ដើម្បី​ឱ្យមាន​ភាពច្បាស់​លាស់ ហើយ​គាត់​នៅ​បន្ត​ពិសា​ថ្នាំ ហើយ​ថ្នាំ​នេះ​មិន​អាចឱ្យ​គាត់​យកទៅ​ពិសា​ខ្លួន​គាត់​កើត​ទេ គឺ​ត្រូវ​ឱ្យមាន​ការត្រួតពិនិត្យ​ត្រឹម​​ត្រូវ​ពី​ក្រុមគ្រូពេទ្យ ហើយ​គាត់​ក៏ត្រូវ​ពិសា​ឱ្យ​គ្រប់​ចំនួន​ថ្ងៃ​ត្រឹម​​ត្រូវ​ផងដែរ និង​ត្រូវ​ពិនិត្យពិច័យ​ជា​បន្តទៀត​ដែរ​»​។​

​លោកស្រី​បានឱ្យដឹង​ទៀតថា សរុប​វត្ថុ​សំណាក​ចំនួន​ ២៩ ក្នុងនោះ​អ្នក​ប៉ះពាល់​ផ្ទាល់ ១៦ ​នាក់ និង​អ្នកមាន​ជំងឺ​ដូចជា​គ្រុន​ផ្តា​សាយ​ ១៣ ​នាក់ ដែល​ប្រមូលបាន​ដោយ​ក្រុម​អង្កេត​ស្រាវជ្រាវ​ត្រូវបាន​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

​ជាមួយគ្នានេះ​លោកស្រី ឱ​ វណ្ណឌី​ន បាន​អំពាវនាវ ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន ដោយ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អនុវត្ត​វិធានការ​ការពារ​ដោយ​ការ​លាងដៃ​ជាមួយនឹង​សាប៊ូ និង​ទឹកស្អាត​ឱ្យបាន​ទៀងទាត់ មិនត្រូវ​ប៉ះ ឬ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ ឬ​ងាប់ បរិភោគ​អាហារ​ឆ្អិន​ល្អ ជាដើម​។

លោកស្រី​ថា ៖ «​បើ​មាន​ករណី​សង្ស័យ​ត្រូវ​រាយ​កា​រណ៍​មក​អាជ្ញាធរ​សុខាភិបាល​មូល​ដ្ឋា​ន​ឬ​បើ​មាន​រោគសញ្ញា​សង្ស័យ ត្រូវ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​ បានឱ្យដឹងថា ក្នុង​ខែកុម្ភៈ ឆ្នាំ ​២០២៣ មាន​ករណី​នៃ​ជំងឺ​ផ្តាសាយ​​បក្សី​ចំនួន ​២ ​ករណី បន្ទាប់ពី​មិនបាន​រកឃើញ​វីរុស​នេះ​លើ​ខ្លួន​មនុស្ស​អស់​រយៈពេល​ ៩​ ឆ្នាំកន្លងមក​ហើយ​នៅ​កម្ពុជា ដែល​ករណី​ចុង​ក្រោយនេះ​គឺជា​ករណី​ទី​ ៥៨ ដែល​បាន​រកឃើញ​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្នុងនោះ មាន ​៤៥ ​ករណី កើត​លើ​កុមារ​អាយុ​ក្រោម​ ១៤ ​ឆ្នាំ និង​ ៣១ ​ករណី ក្នុងចំណោម​ករណី​ទាំង​ ៥៨ ជានា​រី​។​

​ក្រសួង​បន្ថែមថា ចាប់តាំងពី​មាន​ជំងឺផ្តាសាយបក្សី​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៥​ មក​នៅក្នុង​ចំណោម​អ្នក​ដែលមាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1 ចំនួន​ ៥៨ ​ករណី​មានតែ​ ១៩​ ករណី​ទេ​ដែលមាន​ជីវិត​៕