ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍន៍ (CAPPD) លោកស្រី ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំក្នុងគោលបំណងឱ្យអ្នកសិក្សាគ្រប់រូបបានទទួលការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សាពេញ១ជីវិត។
លោកស្រីបានលើកឡើងដូចនេះនៅថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន៖ការអប់រំ ការងារ និងសុខភាព» នៅមជ្ឈមណ្ឌលម៉ានីអគារដឹខេមភឹស (The Kampus) រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រសួងស្ថាប័ន និងអង្គការដៃគូជាច្រើនទាំងដោយផ្ទាល់ និងតាមរយៈអនឡាញផងដែរ។
លោកស្រី ម៉ែន សំអន បានថ្លែងថា៖ «ការកំណត់ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជនចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថា បញ្ហាទាំងនេះ មានឥទ្ធិពលពេញ១ជីវិតរបស់ពួកគាត់»។
ប្រធាន (CAPPD) រូបនេះ បានបញ្ជាក់ផងដែរពីសារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិតសម្រាប់ការអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យកនិងផ្គូផ្គងអាជីពការងារសមស្រប។
លោកស្រី ម៉ែន សំអន បានបន្ដថា៖ «ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិជាកាតាលីករមួយដ៏សំខាន់ដើម្បីជួយដល់យុវជនក្នុងការបង្ការហានិភ័យសុខភាពផ្លូវភេទ ដែលអាចកើតមានហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ ការសិក្សា និងអនាគតរបស់ខ្លួន»។
បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏ដូចជាឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលតម្រូវឱ្យគ្រប់គ្នាយកចិត្តទុកដាក់បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឱ្យសមស្របទៅតាមការវិវឌ្ឍនៃវិស័យទាំងអស់នេះផងដែរ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា៖ «រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំក្នុងគោលបំណងឱ្យអ្នកសិក្សាគ្រប់រូបបានទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សាពេញ ១ ជីវិត។ ចំពោះវិស័យការងាររាជរដ្ឋាភិបាលប្រឹងប្រែងបង្កើនមុខរបរ ធានាលក្ខខណ្ឌ ការងារសមរម្យ អភិវឌ្ឍរបបសន្តិសុខសង្គមនិងពង្រឹងការផ្តល់សេវាគាំទ្រ»។
ជាមួយគ្នានេះ លោកស្រីក៏បានរំឭកផងដែរថា វិស័យសុខាភិបាល ស្ថានភាពសុខភាពប្រជាពលរដ្ឋ និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌ជាអាទិភាពចម្បងដែលជានិច្ចកាលតែងផ្តោតលើការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ តាមរយៈកម្មវិធីសុខភាពបន្តពូជសុខភាពផ្លូវភេទ សុខភាពមាតាទារក កុមារ កម្មវិធីអាហារូបត្ថម្ភ និងការប្រយុទ្ធនឹងជំងឺឆ្លងនិងជំងឺមិនឆ្លង។
យោងតាមគណៈកម្មការទី៧ នៃរដ្ឋសភាបានឱ្យដឹងដែរថា សិក្ខាសាលារយៈពេល១ថ្ងៃពេញនេះ នឹងផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន ដំណោះស្រាយបញ្ហាសិទ្ធិ និងសុខភាពបន្តពូជរបស់យុវជនដើម្បីសម្រេចបានសង្គមមួយដែលមានសុខភាពល្អ។
គណៈកម្មការទី៧ នៃរដ្ឋសភាបានបន្ថែមថា៖ «ប្រធានបទទី២ គឺអនាគតដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ការយល់ដឹងអំពីបរិវត្តកម្មឌីជីថលប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាពក្នុងការអប់រំសម្រាប់ទាំងអស់គ្នា និងទី៣ គឺអនាគតដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ ការលើកកម្ពស់បរិយាប័ន្នឌីជីថលសម្រាប់សមត្ថភាពការងារយុវជន»។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសមាគមសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា, គណៈប្រតិភូនិងសមាជិកនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (AFPPD) តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ វាគ្មិនជំនាញ និងសិក្ខាកាមសរុបចំនួន ១៥០ រូប។
ទាក់ទងនឹងការអប់រំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងដែរថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពទី១ ទៅលើការអភិវឌ្ឍធនធានមនុស្សដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕