ត្បូងឃ្មុំ/ស្វាយរៀងៈ មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងនៅថ្ងៃទី ២៧ ខែកុម្ភៈ បានចាប់ផ្តើមរៀបចំប្លង់គោលដីសម្បទានសង្គមកិច្ច ៣០០ ឡូត៍ សម្រាប់ចែកជូនកងទ័ព និងនគរបាលដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម និងពលរដ្ឋក្រីក្រនៅតំបន់នោះ។
ការចាប់ផ្តើមអនុវត្តការងាររបស់មន្ត្រីជំនាញដែនដីខេត្តត្បូងឃ្មុំនេះ ធ្វើឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិចុះទៅពិនិត្យទីតាំងដីនោះកាលពីថ្ងៃទី ២៦ ខែកុម្ភៈ។
យោងតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដីនេះជាដីដែលកម្ពុជាទទួលបានបន្ទាប់ពីការបោះបង្គោល និងខណ្ឌសីមាព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ទំហំសរុប ១ ២៦៥ ហិកតា ៩ អា។ ក្នុងនោះផ្ទៃដីទំហំ ៦១១ ហិកតា ៨២ អា ស្ថិតនៅខេត្តត្បូងឃ្មុំ និងផ្ទៃដីទំហំ ៦៥៣ ហិកតា ២៧អា ស្ថិតនៅខេត្តស្វាយរៀង។ បច្ចុប្បន្នដីនេះត្រូវបានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ប្រគល់ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនកងទ័ព និងនគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ។
លោក ប៉ូច សុធារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅថ្ងៃទី ២៧ ខែកុម្ភៈថា រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នឹងសាងសង់ផ្ទះជាង ៣០០ ខ្នងជូនដល់កងកម្លាំង និងគ្រួសារ នៅព្រំដែនកម្ពុជា-វៀតណាម លើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងស្វាយរៀង។
លោកបញ្ជាក់ថា សម្រាប់ចំណែកដីនៅខេត្តត្បូងឃ្មុំ ជំហានដំបូងនេះ នឹងធ្វើការសាងសង់ផ្ទះចំនួន ២០០ ខ្នង នៅទីតាំងចំនួន ៤ ដែលក្នុង ១ ទីតាំង ៥០ ខ្នង សរុបទាំងអស់ ៤ ទីតាំង និងគ្រោងចំណាយពេលសាងសង់ប្រមាណកន្លះឆ្នាំ។
លោកបានឱ្យដឹងថា ទីតាំងទី១ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ទីតាំងទី២ ស្ថិតក្នុងភូមិឃ្លៃ ឃុំទ្រៀក ស្រុកមេមត់។ ទីតាំងទី៣ ស្ថិតក្នុងឃុំរូង ស្រុកមេមត់ និងទីតាំងទី៤ ស្ថិតក្នុងភូមិចន្ទមូល ឃុំចន្ទមូល ស្រុកមេមត់ ហើយទាំង ៤ ទីតាំងនេះត្រូវរៀបចំដីក្នុង ១ ឡូត៍ទំហំ ៣០ គុណនឹង ៤០ ម៉ែត្រ។
លោកថ្លែងថា៖ «ដីនេះត្រូវមានផ្លូវខ្វាត់ខ្វែងជុំវិញទាំងអស់ ហើយដី ១ ណាក៏ជាប់ផ្លូវដែរ ព្រោះយើងបង្កើតទៅជាផ្លូវថ្មីទាំងអស់ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានផ្លូវចេញ-ចូល ហើយផ្លូវហ្នឹងទទឹង ១៨ ម៉ែត្រ»។
លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង ក៏បានឱ្យដឹងនៅថ្ងៃទី ២៧ កុម្ភៈដែរថា ខេត្តស្វាយរៀងនឹងរៀបចំដីចំនួន ១០០ ឡូត៍ សម្រាប់សាងសង់ផ្ទះចំនួន ១០០ ខ្នង ស្ថិតនៅ ២ ទីតាំង គឺនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដែលក្នុង ១ ទីតាំង សាងសង់ផ្ទះ ៥០ ខ្នង។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងរៀបចំផែនការមេ ចំណែកការអនុវត្តជាក់ស្តែងក្រោយពេលថ្នាក់ដឹកនាំក្រសួងដែនដី ចុះមកពិនិត្យទីតាំងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកថ្លែងថា៖ «កន្លែងទីតាំងដែលខ្ញុំកំពុងអភិវឌ្ឍ ទាំង ២ ស្រុកនេះ មានទំហំប្រហែលជាង ៣០០ ហិកតា ហើយក្រោយពីការអភិវឌ្ឍនេះរួចហើយ យើងនឹងបន្តធ្វើតាមផែនការផ្សេងៗបន្តបន្ទាប់ទៀតដែលថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក៏ដូចជារដ្ឋបាលខេត្តគាត់បង្ហាញឱ្យធ្វើកន្លែងណាទៀតយើងនឹងធ្វើបន្ថែម»។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ថ្លែងនៅថ្ងៃទី ២៧ ខែកុម្ភៈដោយបានសម្តែងក្តីត្រេកអរចំពោះប្រជាពលដ្ឋដែលអាចទទួលបានដីធ្លីផ្ទះសំបែងពីកម្មវិធីដីសម្បទានសង្គមកិច្ចដែលរៀបចំដោយរាជរដ្ឋាភិបាល ប៉ុន្តែអ្វីដែលលោកបានកត់សម្គាល់ក្នុងពេលកន្លងមកឃើញថា នៅមានភាពចម្រូងចម្រាស់ជុំវិញបញ្ហាដីសម្បទានសង្គមកិច្ចដោយទី១ សម្បទានសង្គមកិច្ចធ្វើឡើងដោយមិនបានសិក្សាបញ្ហាដីធ្លីឱ្យបានល្អ ដែលធ្វើឱ្យប៉ះពាល់ដីកម្មសិទ្ធិរបស់ពលរដ្ឋផ្សេងទៀត ចំណែកទី២ គឺពាក់ព័ន្ធនឹងទីតាំងដីដែលមិនមានជីជាតិ ពិបាករស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាផ្លូវទឹក វត្តអារាម សេវាសាធា
រណៈផ្សេងៗជាដើម។
លោកថា៖ «ក្នុងការធ្វើសម្បទានដីសង្គមកិច្ចហ្នឹងគួរតែមានការពិនិត្យពីអ្វីដែលជាចំណុចខ្វះខាតទាំងអស់ហ្នឹង ឱ្យល្អប្រសើរមុននឹងផ្តល់ជូនពលរដ្ឋទៅកាន់កាប់នៅដីតំបន់ហ្នឹង ហើយមានទីផ្សារមានអីសម្រាប់គាត់ចរាចរផលិតផលកសិកម្មចិញ្ចឹមសត្វ ឬក៏ដាំដុះផ្សេងៗនូវផលដំណាំរបស់គាត់»។
ប៉ុន្តែពាក់ព័ន្ធបញ្ហាដែលបានលើកឡើងនេះ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីខេត្តស្វាយរៀងបានគូសបញ្ជាក់ថា ក្នុងការរៀបចំបែងចែកដីសង្គមកិច្ចនេះ មានការបែងចែកដីឡូត៍សម្រាប់ដីសាលារៀន មណ្ឌល សុខភាព ផ្សារ ដីវត្ត ស្នាក់ការភូមិ រៀបចំដីសាលាខេត្តសម្រាប់ច្រកចេញចូលតែមួយ រៀបចំប៉ុស្តិ៍ការពារព្រំដែន ដីសាខាវរការពារព្រំដែន និងប៉ុស្តិ៍រៀបចំដីបម្រុងទុកសម្រាប់ការងារផ្សេងៗពោលគឺមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងមិនមានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះដីសង្គមកិច្ចនេះក៏មាន ដីបម្រុងទុកសម្រាប់សមាគមនារី ដីសម្រាប់ទុកជាត្រពាំងដីរួមសម្រាប់សហគមន៍ ផងដែរ។
តាមរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឱ្យដឹងថា ការអភិវឌ្ឍការតាំងទីលំនៅតាមបណ្ដោយព្រំដែន ក្រសួងបានផ្ដល់ដីកសិកម្មទំហំ ២ ៨៣៣,៤៩ ហិកតាក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជូនគ្រួសារកងទ័ព និងនគរបាលជាតិតាមបណ្តោយព្រំដែន។ ក្រសួងក៏បានចុះពិនិត្យនិងធ្វើបច្ចុប្បន្នភាព នៃតម្រូវការផែនការសាងសង់ផ្ទះបឋមជូនគ្រួសារកងទ័ព និងនគរបាលជាតិតាមបណ្ដោយព្រំដែនសម្រាប់ឆ្នាំ ២០២៣ នៅតាមបណ្តាអង្គភាពដែលបានស្នើសុំក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរដោយសហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្រសួងបានសាងសង់ផ្ទះចំនួន ៣៦ ខ្នង ជូនគ្រួសារកងទ័ព ចំណុះកងពលតូចថ្មើរជើងលេខ ៤២ នៅភូមិតាមាន់សែនជ័យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕