ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវការធនធានមនុស្សផ្នែកបច្ចេកទេសកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់អ្នកវិនិយោគផ្នែកឧស្សាហកម្ម ខណៈអ្នកជំនាញយល់ថា រាជរដ្ឋាភិបាលគួរបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែច្រើន និងបង្កើនបរិយាកាសទីផ្សារការងារ។
នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជយលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លោក ហ៊ុន សែន បានថ្លែងថា នៅចំពោះមុខតម្រូវការខ្លាំងផ្នែកបច្ចេកទេស កម្ពុជាកំពុងមានតម្រូវការធនធានមនុស្សផ្នែកបច្ចេកទេសកាន់តែច្រើន។ លោកសង្កត់ធ្ងន់ថា ក្រៅពីបំពេញចំណែកតម្រូវការក្នុងស្រុក វាក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះ តម្រូវការនៃបញ្ហាបច្ចេកទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះអ្វី ១ ផ្នែកតម្រូវការក្នុងស្រុកដែលកំពុងមានស្រាប់ ប៉ុន្តែ ១ ផ្នែកទៀតការទាក់ទាញវិនិយោគិនឱ្យមកកាន់ទីនេះ»។
លោកបង្ហើបពីបំណងនៃការចង់វិនិយោគបង្កើតឧស្សាហកម្មរោងចក្រផលិតរថយន្តនៅកម្ពុជាពីសំណាក់បណ្តាក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ផងដែរ នាគ្រាលោកជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែកុម្ភៈ។
ការណ៍នេះ លោក ហ៊ុន សែន ថា កម្ពុជាត្រូវដោះស្រាយចំពោះបញ្ហាធនធានមនុស្សជំនាញ និងកម្មករបច្ចេកទេសសម្រាប់បណ្តាក្រុមហ៊ុនទាំងនោះ។ លោកបន្តថា បើសិនកម្ពុជាគ្មានធនធានមនុស្សគ្រប់គ្រាន់ គឺកម្ពុជាមុខជាមិនទទួលជោគជ័យបានឡើយក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន។
ពាក់ព័ន្ធនឹងបញ្ហាធនធានមនុស្ស លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កម្ពុជានៅមានកង្វះខាតធនធានមនុស្សលើវិស័យបច្ចេកវិទ្យា និងការផលិតទំនិញឧស្សាហកម្ម ខណៈធនធានមនុស្សផ្នែកសេវាកម្ម ធនាគារ ហិរញ្ញវត្ថុ មានការរីកចម្រើនច្រើនដោយហេតុវិស័យទាំងនេះមានទីផ្សារការងារស្រាប់។
លោកបានបញ្ជាក់ថា៖ «សម្រាប់វិស័យផលិតគ្រឿងចក្រ យានយន្ត មេកានិច អេឡិចត្រូនិក ជាដើម ការបណ្តុះបណ្តាលរបស់កម្ពុជាយើងនៅកម្រិត ដោយសារមិនសូវមានទីផ្សារ ហើយកត្តាចាប់អារម្មណ៍រៀនរបស់សិស្ស និស្សិតក៏មានកម្រិតដែរ»។
អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាគួរបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានកាន់តែច្រើនបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា និងទំនិញឧស្សាហកម្ម ព្រមទាំងបង្កើតឱ្យមានរោងចក្រកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងជាពិសេសការជំរុញចំណេះដឹងវិជ្ជាជីវៈពីកម្រិតសិក្សាថ្នាក់មូលដ្ឋានពីបឋមសិក្សា និងមធ្យមសិក្សា៕