ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំឭកដល់រដ្ឋបាលដែនដី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍ និងការអភិរក្ស លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។
ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ»ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖«ការអនុវត្តចលនាប្រឡងប្រណាំងទីក្រុងស្អាត បានរួមចំណែកកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន លើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុងនិងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញនិងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀត»។
ដោយលើកឡើងពីប្រធានបទសម្រាប់ទិវាជាតិទីក្រុងស្អាតនៅឆ្នាំនេះ គឺ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» លោកនាយករដ្ឋមន្ត្រី បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋនិងឯកជន រួមទាំងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ ត្រូវរួមគ្នាបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន។ មិនមែនតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ តែតាមទីជនបទផងដែរ។
លោកបានថ្លែងថាប្រធានបទនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។
យោងតាមរបាយការណ៍អង្កេតរបស់ក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ កម្ពុជាមិនកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ។ នេះជាការស្តែងឱ្យឃើញពីភាពប្រសើរនៃសុខភាពប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ។
កាលពីឆ្នាំមុនរាជរដ្ឋាភិបាលបានដាក់ចេញនូវប្រធានបទ «ភូមិស្អាត ស្រែល្អ» ដើម្បីជាចលនាមួយលើកកម្ពស់ការរស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។ នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែចង្វាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍។
ដោយភ្ជាប់ជាមួយការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍វៃឆ្លាត ដូចជាកម្មវិធីទូរស័ព្ទ «ទស្សនាទីក្រុង[City Tales App] » លោកសែន បានធ្វើការណែនាំដល់ក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ថា «ការផ្សព្វផ្សាយពីទេសចរណ៍របស់កម្ពុជា មិនបាច់ប្រើ CNN ឬ BBC នោះទេ តែត្រូវផ្សព្វផ្សាយតាមរយៈអ្នកទេសចរដែលចូលមកលេងនៅកម្ពុជា»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,២លាននាក់ ដែលតួលេខនេះបង្ហាញថាវិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាទីក្រុងចំនួន៧ដែលទទួលបានពានរង្វាន់ទីក្រុងស្អាតសម្រាប់ឆ្នាំ២០២២-២០២៥ នឹងតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតប្រជែងជាមួយនឹងទីក្រុងអាស៊ានផ្សេងទៀតនៅក្នុងការប្រកួតទីក្រុងអាស៊ានទាំងអស់។ទីក្រុងទាំងនោះមានក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និងក្រុងកំពង់ចាម។ ផ្ការំដួលជាផ្កាជាតិសម្រាប់ឆ្នាំ២០២២-២០២៥។
លោកបានបន្តថា រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលមូលដ្ឋាន ត្រូវចូលរួមប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិ ហើយត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ ដើម្បីអភិវឌ្ឍទីក្រុងប្រកបដោយបរិស្ថានស្អាត អនាម័យ និងទាក់ទាញសម្រាប់ជាតិ និង ភ្ញៀវទេសចរអន្តរជាតិ។
លោកបានបញ្ជាក់ថា៖«គោលបំណងនៃការប្រឡងទីក្រុងស្អាត គឺដើម្បីលើកទឹកចិត្តទីក្រុងរបស់យើងឱ្យមានអនាម័យ ទាក់ទាញភ្ញៀវទេសចរ។ អាជ្ញាធរមូលដ្ឋានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុងស្អាត ក៏ដូចជាការលើកទឹកចិត្តដល់ការចូលរួមរបស់ពលរដ្ឋក្នុងមូលដ្ឋាន»៕