ភ្នំពេញៈ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងប្រភេទថ្មីចំនួន ២០០ គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មីនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយមានការចូលរួមពី លោក ផាក ជុកវុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា, លោក លី ជុងគឿន ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក លី ជុងគឿន ថ្លែងថា រាជធានីភ្នំពេញមានការអភិវឌ្ឍគួរឱ្យភ្ញាក់ផ្អើល ដែលបានធ្វើឱ្យបញ្ហាចរាចរណ៍ក្លាយជារឿងអាទិភាព១ផ្នែក ដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្ដទុកដាក់ខ្លាំង ជាពិសេសការសម្រួលការធ្វើដំណើរកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ។
លោក លី ជុងគឿន បានថ្លែងថា៖«មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០គ្រឿងជូនដល់រដ្ឋបាលរាជធានី ដើម្បីរួមចំណែកដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅភ្នំពេញ ពិសេសកាត់បន្ថយហានិភ័យ ដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកម្ដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុកភាព និងអាចអានសៀវភៅបានទៀតផង»។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានឱ្យដឹងថា តាមរយៈការដោះស្រាយបញ្ហាចរាចរណ៍ ក្រៅពីការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសការសាងសង់ស្ពានអាកាសជាច្រើនកន្លែង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ដំណើរការរថយន្ដក្រុងសាធារណៈប្រភេទថ្មី ពីគោលដៅ១ទៅគោលដៅ១ រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរដោយមិនចាំបាច់ប្រើយានជំនិះផ្ទាល់ខ្លួនឡើយ ហើយចំណាយក៏តិចផងដែរ។
លោក ថ្លែងថា ការផ្ដល់ជំនួយរបស់ក្រុមហ៊ុនដែលប្រគល់រថយន្តក្រុងប្រភេទថ្មីនាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការរួមចំណែក បង្កើនទំនាក់ទំនង និងកិច្ចសហប្រិបត្ដិការ រវាងរដ្ឋាភិបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក ឃួង ស្រេង បញ្ជាក់ថា៖«ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ ស្ថានភាពចរាចរណ៍នៅភ្នំពេញនឹងកាន់តែកកស្ទះណែនណាន់តាន់តាប់ខ្លាំងឡើង។ ដូចនេះ រថយន្តក្រុងថ្មី២០០គ្រឿងនេះ នឹងរួមចំណែកកាត់បន្ថយបានជាអតិបរមា នូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន»។
លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ថ្លែងថា ជំនួយរបស់ក្រុមហ៊ុនប៊ូយ៉ុងគ្រុប ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ នឹងជួយឱ្យរាជធានីភ្នំពេញកាន់តែមានសោភណភាព ពិសេសឈានទៅជួយបង្កើនប្រសិទ្ធភាពខ្សែរត់ជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យកាន់តែជឿនលឿនមួយកម្រិតទៀត។
លោក ផាក ជុងវុក ថ្លែងថា កម្ពុជា និងប្រទេសកូរ៉េ មានទំនាក់ទំនង សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុង ទាំង២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់កូរ៉េខាងត្បូង ដែលបានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។
តំណាងក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានថ្លែងថា ក្រុមហ៊ុនពិតជាមោទនភាព និងរីករាយដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ខណៈក្រុមហ៊ុននេះក៏បានប្តេជ្ញាពង្រីកការវិនិយោគបន្ថែម ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕