ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នឹង​ប្រារព្វ​ទិវា​នារី​អន្តរជាតិ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ស្ដ្រី និង​អំពាវនាវ​ឱ្យមាន​វិធានការ​ក្នុងការ​បង្កើន​សមភាព​យេនឌ័រ ខណៈ​ដែលមាន​បុគ្គល​ខ្លះ​នៅតែមាន​ឥរិយាបថ​ប្រមាថ​ក្នុង​ទម្រង់​ផ្សេងៗ​មកលើ​ស្ដ្រី តាមរយៈ​កាយវិការ និង​ពាក្យសម្ដី​ជាដើម​។​

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ស្ដី​ការ​ការ​ប្រារព្វ​ទិវា​នារី​អន្តរជាតិ ដែល​ទិវា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ជាការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ការចូលរួមចំណែក​រប​ស់​ស្ត្រី​នៅក្នុង​សកម្មភាព​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​។

ទិវា​នេះ​ក៏​ប្រារព្ធ​ឡើង​ដើម្បី​អំពាវនាវ​ឱ្យ​មាន​វិធានការ​ក្នុងការ​បង្កើន​សមភាព​យេនឌ័រ​ផងដែរ ហើយ​ចំពោះ​ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​នៅ​ឆ្នាំ​២០២៣​នេះ​គឺ «​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​សមភាព​យេនឌ័រ​»​។​

​ នាយក​ផ្នែក​តស៊ូ​មតិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក សួន យុ​ធ្យា បាន​ឱ្យ​ដឹងថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប្រារព្វ​ធ្វើ​ទិវា​នារី​អន្តរជាតិ​នេះ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ស្ដ្រី ហើយ​និង​តួនាទី​ស្ដ្រី​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ​។​

​ លោក​ថ្លែងថា ការ​ប្រារព្វ​ទិវា​នេះ គឺ​មិនមែន​មានន័យថា​ សិទ្ធិ​ស្ដ្រី គឺ​ត្រូវបាន​គេ​គោរព​តែ​រយៈពេល​១ថ្ងៃ​នេះនោះ​ទេ គឺ​ពីព្រោះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានធ្វើ​ទិវា​នេះ​ឡើង​ដើម្បី​ជាសារ​ទៅកាន់​រាជរដ្ឋាភិបាល​ថា ​ត្រូវធ្វើ​យ៉ាងណា ក្នុង​ការគោរព​សិទ្ធិ​ស្ដ្រី​ឱ្យ​បាន​ស្មើៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។

​ លោក​ ថ្លែងថា មិនមែន​មានតែ​ស្ដ្រី​នោះទេ នៅមាន​ក្រុម​ផ្សេងទៀត​ដែរ​ដូចជា កុមារ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ព្រមទាំង​ក្រុម​ជនជាតិដើម​ភាគតិច​ជាដើម ដែល​ត្រូវមាន​ការគោរព​សិទ្ធិ​ឱ្យបាន​ស្មើៗ​គ្នា ក្នុងនាម​ដែល​រាជរដ្ឋាភិបាល​កំពុង​ជា​អ្នកដឹកនាំ និង​អនុវត្ត​ឱ្យមាន​ការគោរព​សិទ្ធិ​ទាំងនេះ ហេតុនេះ​ទើប​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រារព្វ​ទិវា​នេះ​ឡើង​។​

​​ លោក សួន យុ​ធ្យា បាន​ប្រាប់ថា​៖ «​យើង​ប្រារព្វ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិ​ស្ដ្រី ហើយ​និង​តួនាទី​របស់​ស្ដ្រី​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ ប៉ុន្តែ​មិនមែន​មានន័យថា​ សិទ្ធិ​ស្ដ្រី គឺ​ត្រូវបាន​គេ​គោរព​តែ១​ថ្ងៃនេះ​នោះទេ គឺ​យើង​ធ្វើ​ទិវា​នេះ​ឡើង​ដើម្បី​ជាការ​ផ្ញើ​សារ​ជូនទៅ​កាន់​រាជរដ្ឋាភិបាល​ដែលមាន​កាតព្វកិច្ច​ធ្វើយ៉ាងណា​គោរព​សិទ្ធិ​ស្ដ្រី​ឱ្យបាន​ស្មើៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។​

​ ទាក់ទិន​នឹង​ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨មីនា របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នេះ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី លោកស្រី ស ស៊ី​ណែ​ត បាន​ប្រាប់ថា ​ជុំវិញ​សកម្មភាព​នៃ​ការ​រៀ​ចំ​ប្រារព្វ​ទិវា​នារី​អន្តរជាតិ​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ខាង​ក្រសួង​ត្រូវការ​ពេលវេលា ដើម្បី​ពិភាក្សាគ្នា ដែល​មិនទាន់​អាច​ផ្ដល់យោបល់​អ្វី​បាន​នោះទេ​។​

​ យោងតាម​ឯកសារ​ទស្សនទាន​១របស់​ក្រសួង​កិច្ចការនារី កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ក្រសួង​កិច្ចការនារី បាន​លើកឡើងថា ក្រសួង​នឹង​រៀបចំ​យុទ្ធនាការ​ទិវា​នារីអន្ដរជាតិ​ ៨​មីនា ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍន៍ ក្នុង​យុគសម័យ​ឌីជីថល​»​។​

​ ក្រសួង​កិច្ចការនារី​លើកឡើងថា​៖ «​ឆ្លើយតប​នឹង​មូលបទ​នេះ យើង​ត្រូវ​រួមគ្នា​បន្ត​លើកកម្ពស់ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ពង្រឹង សមភាព​យេនឌ័រ​របស់​រាជរដ្ឋាភិបាល ដែល​បានចាត់ទុក ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមជាតិ និង​ការងារ​បញ្ជ្រាប​យេនឌ័រ ដែលជា​កិច្ចការ​អន្តរ​វិស័យ ក្នុងការ​ធានាបាន​នូវ​ចីរភាព​នៃ​សុខសន្តិភាព និង​ព​ន្លឿ​ន​ល្បឿន នៃ​កិច្ច​អភិវឌ្ឍន៍ជាតិ ជាពិសេស​ក្នុង​យុគសម័យ​ឌីជីថល និង​ការកសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ២០៥០»​។​

​ សូមបញ្ជាក់ថា យុទ្ធនាការ ៨​មីនា គឺជា​ព្រឹត្តិការណ៍​ជាស​កល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ បានប្រកាស​ជា ទិវា​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ស្ត្រី និង​សន្តិភាព​ពិភពលោក នា​ឆ្នាំ​១៩៧៧​។ ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា បានរៀបចំ​យុទ្ធនាការ​ទិវា​នារីអន្តរជាតិ​ ៨​មីនា ដើម្បី​រំឭកពី​ការតស៊ូ​ទាមទារ​សិទ្ធិ សេរីភាព និង​ឆ្លុះបញ្ចាំង អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្ដេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា ក្នុងការ​សម្រេចបាន​នូវ​សមភាព យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​គ្រប់រូប​៕