ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ឱសថឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ដល់ក្រសួងសុខាភិបាលកម្ពុជា ចំនួន ៣ ០០០ ដូស តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)។ យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី ២៨ ខែកុម្ភៈ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ៖ «ឱសថនេះទទួលបានជំនួយពីអង្គការសុខភាពពិភពលោក (WHO) នឹងប្រើសម្រាប់ឆ្លើយតបការរាតត្បាតផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែងនិងខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដែកអាចកើតមានរាតត្បាតជាយថាហេតុ»។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា រហូតដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាមានជំងឺផ្តាសាយចំនួន២ករណីប៉ុណ្ណោះ ដែលករណីទី១ ជាកុមារីអាយុ១១ឆ្នាំបានស្លាប់ និងករណីទី២ ជាឪពុកកុមារី ដែលបានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែកុម្ភៈ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា៖ «តាមលទ្ធផលអង្កេតស្រាវជ្រាវរកឃើញថា ពួកគាត់ទាំង២នាក់ឆ្លងមកពីសត្វបក្សីក្នុងភូមិ មិនមានការរកឃើញឆ្លងពីឪពុកនិងកូនទេ»។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថា បុរសដែលជាឪពុករបស់កុមារីដែលបានឆ្លងផ្ដាសាយបក្សី H5N1 ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីលទ្ធផលតេស្ដអវិជ្ជមានជាលើកទី៣ ប៉ុន្តែទោះជាយ៉ាងណាក៏គ្រូពេទ្យតម្រូវឱ្យបន្ដនៅដាច់ដោយឡែកពីសមាជិកគ្រួសាររយៈពេល ២ ទៅ៣ថ្ងៃទៀតដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២៧ ខែកុម្ភៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលអត្រាមរណភាពរបស់បុគ្គលដែលបានឆ្លងជំងឺនេះពីបសុបក្សី គឺខ្ពស់ជាងការឆ្លងមេរោគកូវីដ១៩។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រសួងបានរកឃើញមានករណីឆ្លងជំងឺផ្តាសាយបក្សីH5N1 នៅក្នុងខេត្តព្រៃវែង ដែលបានបណ្តាលឱ្យកុមារីអាយុ១១ឆ្នាំ ៦ខែ ម្នាក់ស្លាប់បាត់បង់ជីវិត ហើយជំងឺនេះបានឆ្លងទៅដល់ឪពុករបស់ក្មេងស្រីនោះ ប៉ុន្តែត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងបានធ្វើតេស្តអវិជ្ជមានផងដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាបានរកឃើញ២ករណីនៃជំងឺផ្តាសាយបក្សីH5N1 ក្នុងខែកុម្ភៈ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយនេះជាករណីលើកទី៥៨ ដែលក្នុងនោះមាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង៥៨ ជានារី៕