ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលអត្រាមរណភាពរបស់បុគ្គលដែលបានឆ្លងជំងឺនេះពីបសុបក្សី គឺខ្ពស់ជាងការឆ្លងមេរោគកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈថា ក្រសួងសុខាភិបាលតែងតែធ្វើការណែនាំជារឿយៗ ជាពិសេសនៅមុនចូលឆ្នាំប្រពៃណីចិននាពេលកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានចេញនូវសេចក្តីជូនព័ត៌មាន ណែនាំ និងរំឭកផងដែរពីការការពារពីជំងឺផ្តាសាយបក្សីនេះ។
លោកស្រីមានប្រសាសន៍ថា ៖ «ឆ្លៀតឱកាសនេះ ខ្ញុំសុំធ្វើការក្រើនរំឭកជាថ្មីម្តងទៀតថា សុំបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នេះ បើយើងឆ្លងពីសត្វបសុបក្សីមកខ្លួនយើង អត្រាមរណភាពគឺខ្ពស់ណាស់ ខ្ពស់ជាងកូវីដ១៩»។
លោកស្រីបន្តបន្តថា ៖ «នៅពេលដែលយើងឈឺជំងឺផ្តាសាយបក្សីនេះហើយ គឺអត្រាស្លាប់ច្រើនមែនទែន។ យើងគិតមើលនៅលើសកលលោក គេនិយាយមានពី៥០ទៅ៦០ភាគរយហើយ ដែលអត្រាស្លាប់ដោយសារជំងឺផ្តាសាយបក្សីនេះ។ ដូចនេះ សុំឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្ន ដោយកុំប៉ះជាមួយនឹងសត្វបសុបក្សី ដែលមានស្ថានភាពឈឺ ឬងាប់»។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងផងដែរ ទៅដល់ប្រជាពលរដ្ឋមួយចំនួនដែលមានការស្តាយនូវសត្វមាន់ ឬទាដែលឈឺហើយយកមកធ្វើជាអាហារបរិភោគ ដែលចំណុចនេះលោកស្រីបានបញ្ជាក់ថា សុំកុំមានការស្តាយ តែត្រូវយកទៅដុតឬកប់ចោលនូវសត្វបសុបក្សីដែលឈឺឬងាប់នេះ ដើម្បីចៀសវាងនូវការចម្លងនូវជំងឺផ្សេងៗ។
លោកស្រីបញ្ជាក់ថា ៖ «ការលាងដៃឱ្យបានញឹកញាប់ជាមួយទឹកស្អាត និងសាប៊ូគឺជារឿងសំខាន់ណាស់ ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយបន្ទោរបង់ ហើយនឹងក្រោយពីការចាប់កាន់បសុបក្សី គឺត្រូវតែលាងដៃភ្លាមៗជាបន្ទាន់។ បើយើងអនុវត្តបានបែបនេះ ខ្ញុំគិតថា យើងនឹងកាត់បន្ថយជាអតិបរមានូវហានិភ័យនៃការចម្លងជំងឺផ្តាសាយបក្សី H5N1 បាន»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រសួងសុខាភិបាលបានរកឃើញមានករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង ដែលបានបណ្តាលឱ្យកុមារីអាយុ១១ឆ្នាំ ៦ខែ មួយរូបបានស្លាប់ ហើយជំងឺនេះបានឆ្លងទៅដល់ឪពុករបស់ក្មេងស្រីនេះផងដែរ។
បន្ទាប់ពីត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងបានធ្វើតេស្តអវិជ្ជមាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅថ្ងៃទី២៨កុម្ភៈបុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាបានរកឃើញ២ករណីនៃជំងឺផ្តាសាយបក្សីH5N1 ក្នុងខែកុម្ភៈ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយនេះជាករណីលើកទី៥៨ ដែលក្នុងនោះមាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង៥៨ ជានារី។
លោកស្រី ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី២៧ ខែកុម្ភៈថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 ដែលកើតមាននៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ ដោយរកឃើញមានតែ២ករណីប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍។
លោកស្រីថា មិនទាន់មានសញ្ញាណាដែលបង្ហាញថា វាមានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលក្រសួងសុខាភិបាលកំពុងរង់ចាំ គឺការធ្វើការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលគាត់បានចុះទៅអង្កេត និងស្រាវជ្រាវពីករណីនេះ ប៉ុន្តែមកដល់ពេលនេះ មិនទាន់រកឃើញថា មានការឆ្លងទៅណាទៀតនោះទេ៕
វីដេអូ៖