ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយ ស្តីពី «កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក» ដោយកម្ពុជា-កូរ៉េ ចាប់ផ្តើមសហប្រតិបត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងនាពិធីចុះហត្ថលេខាថា ការចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់។
លោកបានបន្តថា ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះ នៃទំនាក់ទំនងដ៏រឹងមាំនាពេលអនាគត រវាងបេឡាជាតិសន្តិសុខសង្គមនិងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ។
លោក អុិត សំហេង ថ្លែងថា៖ «តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗរបស់អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និងវិស័យឯកជន»។
លោកបានបន្តថា៖«ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់ទទួលបានសន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃការគ្របដណ្តប់របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ»។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើពលករទេសន្តរប្រវេសន៍ ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។
នាឱកាសនោះ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េលោក Kim Chi-mook បានថ្លែងឡើងដោយលោកសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលចំពោះស្ថាប័ននៃប្រទេសទាំង២ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពីនេះទៀត ប្រព័ន្ធសោធននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍរួមគ្នា។
ចំណែក លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លើកឡើងដែរថា កន្លងមក បេឡាជាតិសន្តិសុខសង្គម មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ។លោកថា កិច្ចសហការទាំងនោះ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕