ភ្នំពេញៈ ក្រោយពីមានបញ្ហាពាក់ព័ន្ធការចាប់យកសត្វក្ងោកពីប្រជាពលរដ្ឋប៉ុន្មានថ្ងៃកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារសំឡេងដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អ្នកច្បាប់ និងមន្ត្រីដែលទទួលខុសត្រូវខាងសត្វ ត្រូវធ្វើវិសោធនកម្មជាបន្ទាន់ ហើយលុបចោលកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វ ដែលជាការរារាំងដល់ចលនាចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
យោងតាមសាររបស់នាយករដ្ឋមន្ត្រីដែលបានផ្សព្វផ្សាយដល់មន្ត្រីតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានឱ្យដឹងថា៖ «ក្នុងប៉ុន្មានថ្ងៃនេះមានបញ្ហាពាក់ព័ន្ធជាមួយនឹងបញ្ហាការចាប់យកនូវសត្វក្ងោកដែលប្រជាពលរដ្ឋបានចិញ្ចឹម បានស្រែករកខ្ញុំដើម្បីជួយទៅលើបញ្ហានេះ។ ខ្ញុំក៏មិនដឹងច្បាស់ថា តើអស់លោកចាប់ដោយមូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែក»។
លោកថ្លែងបន្តថា៖ «ខ្ញុំសុំចេញបទបញ្ជាបន្ទាន់សុំឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញតែម្ដង គឺខ្ញុំមិនយល់ស្របជាមួយនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជជាជាងទៅចាប់យកសត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែង ១ ដែលវាមិនយូរប៉ុន្មានទេសត្វនេះវានឹងស្លាប់ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់»។
លោកនាយករដ្ឋមន្ត្រីបានបញ្ចេញសារនេះក្រោយពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការ Wildlife Alliance កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បានចុះហាមឃាត់ និងដកហូតសត្វក្ងោក ៦ ក្បាល ពីលំនៅឋានរបស់ក្រុមគ្រួសារលោក យឹម សំអឿន នៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សារដដែលនេះបញ្ជាក់ថា៖ «មុននេះខ្ញុំក៏មានចិញ្ចឹមសត្វក្ងោកច្រើនដែរក៏ប៉ុន្តែដោយសារការបារម្ភទៅលើចៅៗរបស់ខ្ញុំ ខ្ញុំក៏ឱ្យយកសត្វក្ងោកនេះទៅទុកនៅកូនប្រុសរបស់ខ្ញុំវិញ អ៊ីចឹងទេគ្មានហេតុផលណាមួយដែលនឹងត្រូវទៅចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកជាអំពើខុសច្បាប់ ក្នុងករណីដែលច្បាប់មានចែង ខ្ញុំក៏សុំស្នើឱ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណាដែលទាក់ទិននឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលយើងគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមដែលជាការដែលធ្វើ (ឱ្យ) ចលនារារាំងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងទទួលបានបទបញ្ជានេះហើយ មន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី ២៨ (ខែកុម្ភៈ) នេះតែម្ដង ទទួលបានបទបញ្ជានេះគឺសូមអនុវត្តភ្លាម គឺគ្មានការរង់ចាំ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រីដែលមិនអាចនឹងមិនអនុវត្តបានឡើយ រឿងដទៃទៀតទុកនិយាយគ្នានៅពេលក្រោយ»។
យោងតាមច្បាប់ស្ដីពីព្រៃឈើ ជំពូកទី១០ ការអភិរក្សសត្វព្រៃ មាត្រ ៤៨ បានចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ។ ពពួកសត្វព្រៃទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ។ [...] គ្រប់ប្រភេទសត្វព្រៃទាំងអស់ គឺត្រូវបានបែងចែកជា ៣ ក្រុម គឺ ១- ក្រុមប្រភេទជិតផុតពូជ ២- ក្រុមប្រភេទមានដោយកម្រ និង ៣- ក្រុមប្រភេទមានដោយបង្គួរ។
យោងតាមច្បាប់ព្រៃឈើ មាត្រាដែលមានចែងពាក់ព័ន្ធនឹងសត្វព្រៃ គឺចាប់ពីមាត្រា ៤៩ ដល់មាត្រា ៥១ ដែលមាត្រាទាំងនោះ បានចាត់ទុកសកម្មភាពក្នុងការធ្វើសន្និធិ ការថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ និងការដឹកជញ្ជូន ឬធ្វើពាណិជ្ជកម្មលើប្រភេទសត្វកម្រ ឬបង្គួរ ថា ជាអំពើខុសច្បាប់។
ប៉ុន្តែ បើយោងតាមប្រកាសលេខ ០២០ ប្រក.កសក ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃ និងក្នុងឧបសម្ព័ន្ធទី ២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES) សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្ត្រ (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា ការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធនឹងសត្វកម្រនេះ គឺជាដំបូង ជាដែនសមត្ថកិច្ចរបស់ក្រសួងសាមី ក្នុងការធ្វើគំនិតផ្តួចផ្តើម ខណៈក្រសួងយុត្តិធម៌ អាចចូលរួមផ្តល់មតិយោបល់ ពាក់ព័ន្ធនឹងច្បាប់ណាដែលមានចែងពីទោសទណ្ឌប៉ុណ្ណោះ។
លោក Nick Marx នាយកកម្មវិធីសត្វព្រៃនៃអង្គការ Wildlife Alliance មិនអាចទាក់ទងបានទេ កាលពីថ្ងៃទី ២៨ កុម្ភៈ ដោយសារតែទូរស័ព្ទចូល មិនមានអ្នកទទួល។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការសម្រេចរបស់សម្ដេច គឺជាការសម្រេចដ៏ត្រឹមត្រូវបំផុត ហើយក្រសួងនឹងគោរព និងអនុវត្តតាម»។
លោក យឹម សំអឿន ជាម្ចាស់ក្ងោកដែលត្រូវបានមន្ត្រីដកហូត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយសម្តែងការអរគុណចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ដែលបានប្រគល់សត្វទាំងនោះត្រឡប់មកលោកវិញ៕