ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រីបា​នប​ធិ​សេធ​ការ​សុំទោស​របស់លោក​ សុន ​ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​នឹង​ការ​ចោទ​គណបក្ស​ប្រជា​ជនកម្ពុជា​ពី​ការ​លួច​សន្លឹកឆ្នោត ក្នុងការ​បោះឆ្នោត​កន្លង​មក ដោយ​លោក ​ហ៊ុន សែន ថ្លែងថា​ លោក​ធ្លាប់មាន​បទពិសោធន៍​ជូរចត់​នឹង​ការសុំ​ទោស​ច្រំ​ដែល​នេះ​ច្រើនដង​ហើយ​របស់លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នា​ថ្ងៃទី​ ២៨ កុម្ភៈ តាមរយៈ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​លោក ​ហ៊ុន សែន ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា បានបង្ហាញ​ពី​កិច្ចសន្ទនា រវាង​លោក និង​លោក សយ សុភាព អគ្គនាយក​ស្ថាប័ន​ព័ត៌មាន​ដើមអម្ពិល កាលពី​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ គ្រា​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​។ ក្នុង​សារ​ឆ្លងឆ្លើយ​នោះ លោក ​ហ៊ុន សែន បញ្ជាក់ប្រាប់​លោក​ សយ សុភាព ដើម្បី​ផ្តាំផ្ញើ​ទៅ​លោក​ សុន ឆ័យ ដែល​កំពុង​រង​ក្តីក្តាំ​នៅ​តុលាការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.​ជ​.​ប​.) ថា លោក​មិន​ទទួលយក​ការសុំ​ទោស​នេះឡើយ ព្រោះ​លោក​ចង់​បញ្ចប់​វប្ប​ធម៌​លាប​ពណ៌ និង​ការប្រមាថ ខាង​ផ្លូវ​នយោបាយ​នៅ​កម្ពុជា​។ លោក​មិនអាច​ទទួលយក​បានឡើយ​ចំពោះ​ការចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា​លួច​សន្លឹកឆ្នោត​នោះ​។​

​លោក​ ហ៊ុន សែន គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ធ្លាប់បាន​គេ​សុំទោស​ច្រើនដង​ហើយ តែ​រឿង​ច្រំ​ដែល​នៅតែ​កើតឡើង​ទើប​យើង​ចង់​បញ្ចប់​វប្បធម៌​រឿង​ដដែល ហើយ​សូមទោស​តាមផ្លូវ​តុលា​ការ​ ដើម្បីឱ្យ​មនុស្យ​អាក្រក់​វា​រាងចាល​»​។

លោក​បន្ថែមថា អ្នកគាំទ្រ​របស់​អតីត​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ​ ២០១៧​ មាន​ចរិតលក្ខណៈ​មិន​ខុសពី​មេ​ខ្លួន​ឡើយ ពោលគឺ​លោក​ សម រង្ស៊ី បាន​សុំទោស​លោក ហ៊ុន សែន ច្រើនដង ប៉ុន្តែ​នៅ​ទីបំផុត​នៅតែ​ប្រព្រឹត្ត​ដដែល​។​

​លោក​ ហ៊ុន សែន បញ្ជាក់ថា ៖ «​ត្រូវតែ​ប្រើ​ផ្លូវច្បាប់​ដើម្បី​បញ្ចប់​សំណុំរឿង​ច្រំ​ដែល​នេះ​»​។​

​សូមបញ្ជាក់ថា ក្នុង​លិខិត​ដែល​លោក​ សុន ឆ័យ ផ្ញើ​ទៅកាន់​លោក​ ហ៊ុន សែន ធ្វើឡើង​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ លោក​ សុន ឆ័យ បដិសេធ​ចំពោះ​ការលើកឡើង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ពាក់ព័ន្ធ​ការ​ផ្តល់​បទ​សម្ភាស​រវាង​លោក​ជា​មួយ​សារព័ត៌មាន​ឌឹ ខេ​ម​បូ​ឌា​ដេលី ចេញផ្សាយ​នៅ​ថ្ងៃទី​ ៧ ខែ​មិថុនា ឆ្នាំ​ ២០២២ ថា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ចោរលួច​សន្លឹកឆ្នោត ដោយ​លោក​បានធ្វើ​ការបដិសេធ​ទាំងស្រុង លើ​ការ​ចោទ​នេះ​។ លោក សុន ឆ័យ បន្តថា លោក​មិន​ដែលមាន​ចេតនា​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ឬ គជប ថា ជា​ចោរលួច​សន្លឹកឆ្នោត​ឡើយ បើ​មានការ​ភ័ន្តច្រឡំ លោក​សុំ​អភ័យទោស​

​ជាមួយគ្នានេះ លោក​ សុខ​ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទទួលយក​ការ​សុំទោស​របស់លោក​ សុន ឆ័យ ឡើយ ខណៈ​សំណុំរឿង​វិវាទ​ជាមួយ​លោក ​សុន ឆ័យ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ​ដែល​ជាការ​ហួសពេល​ទៅហើយ ដោយ​លោក​ប្រៀប​​ធៀប​ថា «​អង្ករ​បានក្លាយ​ទៅជា​បាយ​ទៅហើយ​»​ ខណៈ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ទុក​ឱកាស​ឱ្យ​សុំទោស​យូរ​មកហើយ​ដែរ​។

​លោក​ សុខ ឥសាន ថ្លែងថា​៖ «​សម្តេច​ធ្លាប់​ប្រកាស​រួចហើយ​ថា មិន​ឱ្យមាន​វប្បធម៌​លាប​ពណ៌ ការវាយប្រហារ​មកលើ​គណបក្ស​ប្រជាជន ចោទ​ដោយ​អយុត្តិធម៌​ថា គណបក្ស​ប្រជាជន​ជា​ចោរលួច​សន្លឹកឆ្នោត បើ​មិន​ដូច្នេះ​ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ នឹងមាន​ការ​លាប​ពណ៌​ដូច្នេះ​ទៀត​មិន​ខាន​»​។

អ្នកនាំពាក្យ​គណ​​បក្ស​ប្រជាជន​កម្ពុជាបន្ថែមថា រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជា​ជន​មិនមាន​ការព្រួយបារម្ភ​ទេ ចំពោះ​ការដាក់​សម្ពាធ​ពី​អន្តរជាតិ​ថា រដ្ឋាភិបាល​មានការ​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ​មុន​ការបោះ​ឆ្នោត​នោះ​។​

​ទន្ទឹមនឹង​នេះដែរ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីម​សួរ ភី​រិ​ទ្ធ បាន​លើកឡើងថា ក្នុង​ផ្លូវ​នយោបាយ លោក​ចង់ឱ្យមាន​ការយោគយល់ អធ្យាស្រ័យ​គ្នា ព្រោះ​តែងមាន​កំហុសឆ្គង​តិចតួច ចៀស​មិន​រួច ខណៈ​លោក​ សុន ឆ័យ ​ជា​អ្នកនាំពាក្យ​របស់​គណ​បក្ស​ដែលជា​គូប្រកួត​នឹង​គណ​បក្ស​កាន់អំណាច ដែលមាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។ លោក គីម​សួរ ភី​រិ​ទ្ធ បាន​ថ្លែងថា​៖ «​ពី​អ្នក​ខាងក្រៅ​ក៏​មើលឃើញ​ដែរ​ថា វា​ជាការ​ដាក់​សម្ពាធ​មកលើ​ផ្លូវចិត្ត​ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​គូប្រជែង​នយោបាយ​»​។

​លោក​បាន​បន្ថែមថា ករណី​លោក​ សុន ឆ័យ និង​រឿង​ក្តីក្តាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​​ទៀន​ដទៃទៀត ជាការ​បង្ហាញ​ពី​កម្រិត​ដែន​សិទ្ធិ​បញ្ចេញមតិ​មួយ ក្នុង​រង្វង់​ដ៏​តូច​នៅមុន​ការបោះ​​ឆ្នោតជាតិ​នាពេលខាងមុខ​។​

​សម្រាប់​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជាយល់ថា ការ​សុំទោស​របស់លោក ​សុន ឆ័យ ​គឺជា​រឿង​ត្រឹម​​ត្រូវ​មួយ បើសិនជា​ដឹងខ្លួន​ថា មាន​កំហុសឆ្គង ដោយសារ​ជា​កំហុស​អ​ចេតនា​។ ជាមួយគ្នានេះ លោក​ក៏មាន​ការព្រួយបារម្ភ​ផងដែរ ពី​ចំណាត់ការ​ប្រព័ន្ធតុលាការ ដែល​វា​មិនមែន​ជាការ​លុបបំបាត់​វប្បធម៌​លាប​ពណ៌​ឡើយ តែ​ជាការ​ដាក់​សម្ពាធ​ដល់​អ្នកនយោបាយ​ទៅវិញ ខណៈដែល​សាលក្រម​តុលាការ​មាន​លក្ខណៈ​ដាក់បន្ទុក​លោក​ សុន ឆ័យ ជ្រុល​។

​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​យល់ សម្តេច​​នាយករដ្ឋមន្ត្រី​គួរ​ពិនិត្យឡើងវិញ​ទទួលយក​ការ​សុំទោស​ហ្នឹង​ទៅ ហើយ​បង្កើត​ឡើងវិញ​នូវ​វប្បធម៌​សន្ទនា​ជជែក​គ្នា​ឡើងវិញ​ថា ​តើ​យើង​គួរប្រើ​ប្រាស់​ក្រម​សីលធម៌​របៀប​ម៉េច ក្នុងចំណោម​អ្នកនយោបាយ​ធំៗ គួរ​សាបព្រោះ​ដល់​អ្នកជំនាន់ក្រោយ កុំឱ្យ​យក​គំរូ​តាម​ការវាយប្រហារ​គ្នា​ធ្ងន់ធ្ងរ​ទៅវិញទៅមក​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ការ​ថ្លែង​សុំទោស​របស់លោក សុន ឆ័យ មានការ​យឺតយ៉ាវ ហើយ​ជា​កំហុសឆ្គង​នយោបាយ​ច្រំ​ដែល​។

លោក​ថា​៖ «​យើង​ចូលរួម និង​បានដឹង​ពី​ដំណើរការ​បោះឆ្នោត​ហ្នឹង​ទាំង​​អស់​គ្នា ហើយ​ដល់ពេល​មានការ​ចោទប្រកាន់​បែបនេះ ធ្វើឱ្យ​អ្នក​ដែល​ឈ្នះឆ្នោត​ហ្នឹង បើសិន​ជា​គ្មាន​ប្រតិកម្ម​តប​ដូចជា​យល់​ស្រប​នឹង​ការចោទប្រកាន់ថា លួច​បន្លំ​ជាដើម​ហ្នឹង​។ គណបក្សកាន់អំណាច​និយាយឱ្យចំ គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​អ្នកឈ្នះឆ្នោត​ត្រូវការពារ​ភាពស្របច្បាប់​របស់ខ្លួន​»​។

​លោក​បន្តថា ករណី​លោក​ សុន ឆ័យ នេះ​ជា​គំរូ​សម្រាប់​អ្នកនយោបាយ ឬ​ជន​ដទៃទៀត ដែល​មុននឹង​បញ្ចេញមតិ​លើ​បញ្ហា​រសើប​លើ​បញ្ហានយោបាយ គួរ​មានការ​ប្រុងប្រយ័ត្ន ដោយ​សារ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនសូវ​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ងាយ​ជឿ ដែល​ងាយ​នឹង​បង្ក​ភាពច្របូកច្របល់​ដល់​ស​ង្គ​ម​។​

​សូម​រំឭកថា សាលដីកា​របស់​សាលាឧទ្ធរណ៍ កាលពី​ខែធ្នូ ឆ្នាំ​ ២០២២​ បានសម្រេច​ពិន័យ​លោក សុន ឆ័យ ចំនួន​ ១០​ លាន​រៀល ឱ្យ​បង់​ចូល​រដ្ឋ ហើយ​សងជំងឺចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤​ ពាន់​លាន​រៀល ឬ​ប្រមាណ ១​ លាន​ដុល្លារ និង​ចំណែក​ផ្សេងទៀត​ទៅកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​ទាំងស្រុង​របស់​សាលាឧទ្ធរណ៍ លើ​សំណុំ​រឿង លោក ស៊ុន ឆ័យ ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្តឹង​ដោយ គ​.​ជ​.​ប​៕

វីដេអូ៖