ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ជា​កិច្ចការ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អនុវត្ត​យុទ្ធ​ស្រា​ស្ត​ចតុកោណ​ដំណាក់កាល​ទី​​៤ របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ និង​ផែនការ​​យុទ្ធសាស្ដ្រ​នារីរតនៈ​ទី​៥ ២០១៩-២០២៣ ដែល​សំដៅ​ពង្រឹង​សមភាព​យេនឌ័រ​នៅ​គ្រប់​កម្រិត និង​ពង្រឹង​តួនាទី​ស្ដ្រី​ដែលជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០១៦-២០២០ កន្លងមក ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ តាម​​រយៈ ការសម្រេច​សមភាព​យេន​ឌ័​រ​ក្នុង​វិស័យ​អប់រំ ការបង្កើន​ការចូលរួម​របស់​បុគ្គ​លិ​ក​អប់រំ ជា​ស្ដ្រី​ក្នុងការ​គ្រប់គ្រង​វិស័យ​អប់រំ និង​កសាង​ឥរិយាបថ​វិ​ជ្ជ​មាន​របស់​សង្គម​។ ដូចនេះ​ខ្លឹមសារ​អត្ថបទ​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​ការលើកកម្ពស់ និង​បញ្ជ្រាប​សមភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ​។

​ក្រសួង​អប់រំ យុវជន និង កីឡា កំណត់​ច្បាស់​ថា ការអប់រំ គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ធានា​សមភាព និង​ការផ្ដល់អំណាច​ស្ត្រី​។ សារៈសំខាន់​នៃ​ការលុបបំបាត់​គម្លាត​យេនឌ័រ​គឺ​ត្រូវខិតខំ​អនុវត្ត​ឱ្យបាន​ល្អ​នូវ​ការចុះឈ្មោះ​ចូលរៀន​របស់​សិស្ស ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន កម្មវិធីសិក្សា និង​លំនាំ​នៃ​ការ​សិក្សា​ដើម្បីឱ្យ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ និង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។ ប្រការនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង តាមរយៈ​ការ​អនុវត្ត​គោលការណ៍​សមធម៌​ក្នុងការ​ចូលរៀន ពោលគឺ​ការ​​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ជាពិសេស​សិស្សស្រី ការកសាង​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស គរុ​សិស្ស និង​និស្សិត​ស្ត្រី​។ ការកសាង​អគារសិក្សា និង​ការបង្កើត​អនុ​វិទ្យា​​ល័យ​លើ​មូល​ដា្ឋ​ន​សាលា​បឋម​សិក្សា​ដែលមាន​ស្រាប់ ដោយ​បន្ថែម​គ្រូ និង​បន្ទប់រៀន បានផ្ដល់​ឱកាស​ឱ្យ​សិស្សស្រី​បាន​រៀន​បន្ត និង​បញ្ចប់​ការសិក្សា​យ៉ាងតិច ៩​ ឆ្នាំ និង​ខ្ពស់ជាង​។ ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព និង​តួនាទី​របស់​ស្ត្រី ក្រសួង​អប់រំ យុវជន និង កីឡា បាន​បើក​វគ្គ​​បណ្តុះបណ្តាល និង​បំប៉ន​លើ​ជំនាញ​រដ្ឋបាល គ្រប់គ្រង ការ​យល់ដឹង​ពី​យេនឌ័រ ការបញ្ជ្រាប​យេនឌ័រ​ទៅក្នុង​ការអភិវឌ្ឍ​គោលនយោបាយ​ផែនការ និង​កម្មវិធី​នានា​។​

​ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី៤ ស្តីពី​ការអប់រំ និង​គោលដៅ​ទី​៥ ស្តីពី​សមភាព​យេនឌ័រ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​វិធានការ​អាទិភាព​មួយចំនួន​៖ (១) ធានា​សម្រេច​ឱ្យបាន​សមភាព​យេនឌ័រ​ក្នុងការ​​ចូលរៀន និង​រៀន​ប្រកបដោយ​គុណភាព​នៅ​គ្រប់​សេវា​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ (២) ធានា​បង្កើន​ការចូលរួម​របស់​បុគ្គ​លិ​ក​អប់​រំជា​នារី​ក្នុងការ​ផ្ដល់​សេវា​អប់រំ (៣) ធានា​កសាង​បរិស្ថាន​អប់រំ និង​ឥរិយា​បថ​វិជ្ជមាន​របស់​សង្គម ដើម្បី​ឆ្លើយតប​ទៅនឹង​យេនឌ័រ (៤) ចុះ​អន្តរាគមន៍ និង​ចាត់​វិធាន​ការ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ការទទួលបាន​ការអប់រំ​សម្រាប់​កុមារី រាប់បញ្ចូល​ទាំង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​និង​បង្កើន​ចំនួន​សាលា​មធ្យម​​សិក្សា ជាពិសេស​នៅតាម​ឃុំ សង្កាត់ (៥) អន្តរាគមន៍ និង​ចាត់វិធានការ​នានា សំដៅ​ធានា​ឱ្យបាន​នូវ​ការរក្សា​សិស្សស្រី​នៅក្នុង​សាលារៀន ជាពិសេស ការបន្ត​ការសិក្សា​ពី​កម្រិត​បឋម​សិក្សា​ទៅ​មធ្យមសិក្សា និង​ឧ​ត្ត​ម​​សិក្សា (៦) អន្តរាគមន៍ និង​ចាត់វិធានការ​នានា​សំដៅ​ជំរុញ​និង​លើកទឹកចិត្ត​និស្សិត​នារី​ឱ្យ​ជ្រើស​រើសយក​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិត​វិទ្យា ក៏ដូចជា​កម្មវិធី​តម្រង់ទិស​សិក្សា និង​ប្រឹក្សា​អាជីព​ដល់​សិស្សស្រី​នៅ​មធ្យមសិក្សា​ទុតិយភូមិ និង​ឧ​ត្ត​មសិ​ក្សា (៧) ការអប់រំ​អំពី​សិទ្ធិ​ផ្លូវភេទ និង​សិទ្ធិ​បន្ត​ពូជ​នៅតាម​សាលារៀន ទំនាក់ទំនង​យេនឌ័រ និង​ការ​ប្រ​​ព្រឹ​ត្ត​ផ្លូវភេទ ដែលមាន​ការ​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់​ការ​មានគភ៌​វ័យក្មេង (៨) ការ​​លើកកម្ពស់​គុណភាព​នៃ​ការ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ធានាថា គ្រូ​បង្រៀន ទទួលបាន​ប្រាក់​បំណាច់​គ្រប់គ្រាន់ (៩) ពិនិត្យឡើងវិញ​ពាក់កណ្តាល​អាណត្តិ ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០១៦-២០២០ (១០) រៀបចំ​ផែន​​ការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេន​​ឌ័​រ​ក្នុង​វិស័យ​អប់រំ ២០២១-២០២៥ (១១) បន្ត​បំប៉ន​សមត្ថភាព​ស្តីពី «​ការបញ្ជ្រាប​យេនឌ័រ​នៅក្នុង​ការបណ្តុះ​បណ្តាល​គ្រូបង្រៀន​» ដើម្បី​ជួយ​បំប៉ន​បន្ត​ដល់​គណ​:​គ្រប់គ្រង និង​គ្រូឧទ្ទេស​នៅតាម​វិទ្យាស្ថាន​​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ និង​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ និង (១២) បន្ត​បំប៉ន​សមត្ថភាព​ស្តីពី ​«​ការបង្កើត និង​គ្រប់គ្រង​ទីប្រឹក្សា​កុមារី​» ​ដល់​នាយក​សាលា និង​ទីប្រឹក្សា​កុមារី ដើម្បី​ជួយផ្ដល់​ប្រឹក្សា​ដល់​កុមារី​មាន​បញ្ហា​នៅតាម​សាលារៀន​។

ក្រសួងអប់រំ យុវជន និងកីឡា លើកកម្ពស់ និងបញ្ជ្រាបសមភាព​យេនឌ័រ​ក្នុង​វិស័យអប់រំ។ រូបថត MoEys

​លទ្ធផល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេចបាន​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០១៦-២០២០ សបញ្ជាក់​ឱ្យឃើញ​ពី​៖ (១) កុមារា កុមារី​ទទួល​សេវា​អប់រំ​កុមារ​តូច​គ្រប់​រូបភាព មាន​ភាព​​ប្រហាក់ប្រហែលគ្នា ក្នុង​រយៈពេល​ ៥ ​ឆ្នាំកន្លងមក ដោ​យស​ន្ទ​ស្សន៍​យុគ​ភាព​យេនឌ័រ​នៅ​បន្ដ​ស្មើនឹង ១,០ (២) ការចូល​រៀន​នៅ​បឋមសិក្សា​របស់​កុមារា និង​កុមារី គឺមាន​សមភាព​យេនឌ័រ ដោយមាន​ស​ន្ទ​ស្សន៍​យុគ​ភាព​យេនឌ័រ​នៃ​អត្រា​រួម និង​អត្រា​ពិត​នៃ​ការសិក្សា ស្ថិតនៅក្នុង​រង្វង់ ១,០ (៣) ស​ន្ទ​ស្សន៍​យុគ​ភាព​យេនឌ័រ​នៅ​មធ្យម​សិក្សា​ទុតិយភូមិ​គឺ ១,៣ បង្ហាញ​ពី​ការបន្ដ​ការសិក្សា​របស់​សិស្ស​​ស្រី​ខ្ពស់ជាង​សិស្ស​ប្រុស​នៅ​មធ្យមសិក្សា​ទុតិយភូមិ (៤) អត្រា​រួម​នៃ​ការសិក្សា​នៅ​ឧ​ត្ត​ម​​សិក្សា​គឺ ១២,០ ភាគរយ (​ប្រុស ១២,២​ភាគរយ ស្រី ១១,៨ ភាគរយ​) នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០ (៥) អត្រា​អក្ខរ​ភាពបុរស និង​ស្ដ្រី​ខុសគ្នា​ច្រើន​តាម​ក្រុម​អាយុ និង​ទីតាំង​ភូមិសាស្ដ្រ ប៉ុន្ដែ​អត្រា​របស់​ស្ដ្រី​ខ្ពស់ជាង​បុរស​បន្ដិចបន្ដួច​ចំពោះ​ក្រុម​អាយុ ១៥-១៩ ឆ្នាំ ហើយ​ទាប​ជាង​ខ្លាំង​ធៀប​នឹង​ក្រុម​អាយុ ៦០ ឆ្នាំ​ឡើង (៦) ផ្នែក​យុវជន និង​អប់រំ​កាយ និង​កីឡា ក៏មាន​សមភាព​យេនឌ័រ​រវាង​សិស្ស​​ប្រុស និង​សិស្សស្រី ក្នុងការ​​ចូលរួម​កម្មវិធី​ស្ម័គ្រចិត្ត ការ​អភិ​​វ​ឌ្ឍ​សមត្ថភាព​យុវជន ការ​ប្រ​កួត​កីឡា​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ (៧) កំណើន​ចំនួន​ស្ដ្រី​ជា​មន្ដ្រីរាជការ​គ្រប់​កម្រិត និង (៨) ការពង្រឹង​សមត្ថភាព​ស្ដ្រី​ក្នុង​ភាពជា​អ្នក​​ដឹកនាំ តាមរយៈ​ការចូលរួម​វគ្គ​​បណ្ដុះបណ្ដាល​នានា និង​ការ​បន្ដ​ការសិក្សា​នៅក្រៅ​ប្រទេស​ជាដើម​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​អនុវត្ត​ផែនការ​​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០២១-២០២៥ ដោយ​ផ្អែកលើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការអនុវត្ត ផែនការ​យុទ្ធសាស្ដ្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០១៦-២០២០ ​និង​គ្របដណ្ដប់​លើ​គ្រប់​អនុវិស័យ សំដៅ​លុបបំបាត់​អំពើ​ហឹ​ង្សា ការជួញដូរ​ស្ដ្រី​និង​កុមារ ការកេងប្រវ័ញ្ច​រំលោភបំពាន​ផ្លូវភេទ​គ្រប់​រូបភាព ការផ្ដល់សេវា​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិ​យាប​ន្ន ការផ្ដល់​ភាព​អង់អាច​ដល់​ស្ដ្រី ព្រមទាំង​បន្ដ​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​ក្នុង​ការងារ​គ្រប់គ្រង និង​ដឹក​នាំឱ្យ​កាន់តែ​ប្រសើរ ឡើង​។ ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ២០២១-២០២៥ មាន​ចក្ខុវិស័យ លុបបំបាត់​គម្លាត​យេនឌ័រ ដើម្បី​ទាំងអស់គ្នា​ទទួលបាន​ឱកាស​ពេញលេញ និង​ស្មើភាព​ពី​សេវា​អប់រំ និង​មាន​បេស​កក​ម្ម ក្នុង​ការផ្ដល់​លទ្ធភាព​ឱ្យ​កុមារ និង​មនុស្សពេញវ័យ​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា ទាំង​ការចុះឈ្មោះ​ចូលរៀន ការបន្ដ​ការសិក្សា និង​លទ្ធផល​សិក្សា​នៅ​គ្រប់​កម្រិត និង​គ្រប់​ទិដ្ឋភាព​នៅ​ទូទាំងប្រទេស​។ ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​អប់រំ​នេះ មាន​គោលបំណង «​ធានា​ឱ្យ​កុមារ និង​មនុស្សពេញវ័យ ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមភាព សមធម៌ បរិ​យាប​ន្ន និង​សម្រេចបាន​លទ្ធផល​សិក្សា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។

​ដើម្បី​សម្រេច​គោលបំណង​នេះ ក្រសួង​បានដាក់​ចេញ​នូវ​គោលដៅ​ចំនួន ​៣ ដូចជា​៖ (១) ធានា​សម្រេច​ឱ្យបាន​សមភាព​យេនឌ័រ​ក្នុងការ​ចូលរៀន និង​រៀន​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន​នៅ​គ្រប់​សេវា​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ (២) ធានា​បង្កើន​ការចូលរួម​របស់​បុគ្គ​លិ​ក​អប់​រំជា​នារី​ក្នុង​ការផ្ដល់សេវា​អប់រំ និង​ (៣) ធានា​កសាង​បរិស្ថាន​អប់រំ និង​បណ្ដុះ​ឥរិយាបថ​វិជ្ជមាន​របស់​សង្គម​ដើម្បី​ឆ្លើយតប​ទៅនឹង​យេនឌ័រ​។ ដើម្បី​ធានាបាន​ការសម្រេច​សម​ភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ ក្រសួង​បានដាក់​នូវ​យុទ្ធសាស្ដ្រ​ដូចខាងក្រោម​៖ (១) ស្រាវជ្រាវ ធ្វើការ​វិភាគ ផ្សព្វផ្សាយ​ព័ត៌មាន និង​លើកកម្ពស់​ការយល់ដឹង​អំពី​យេនឌ័រ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ (២) បញ្ចុះបញ្ចូល និង​ស្វែងរក​ការគាំទ្រ (៣) ពង្រឹង​ការអភិវឌ្ឍ​សមត្ថភាព (៤) បញ្ជ្រាប​យេនឌ័រ​ក្នុង​ដំណើរ​ការរៀន និង​បង្រៀន តាមរយៈ​កម្មវិធីសិក្សា កម្មវិធី​បណ្ដុះ​​បណ្ដាល​គ្រូ ការដឹកនាំ​និង​ការគ្រប់គ្រង​អង្គភាព​និង​សាលារៀន និង​ការរៀបចំ​បរិស្ថាន​អប់រំ​ឆ្លើយតប​នឹង​យេនឌ័រ (៥) លើកកម្ពស់​សកម្មភាព​ឆ្លើយតប​នឹង​យេនឌ័រ និង​ការពិនិត្យ​តាមដាន និង (៦) បង្កើន​ភាពជា​ដៃគូ​។​

​ជារួម ក្រសួង​អប់រំ យុវជន និង កីឡា បាន​ប្ដេជ្ញាចិត្ត​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុងការ​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​គុណភាព​សមធម៌ បរិ​យាប​ន្ន និង​ឱកាស​សិក្សា​ពេញ​មួយជីវិត ការបង្កើន​ការចូលរួម​របស់​បុគ្គ​លិ​ក​អប់​រំជា​នារី​ក្នុង​ការផ្ដល់សេវា​អប់រំ និង​ការកសាង​បរិស្ថាន​អប់រំ និង​ឥរិយាបថ​វិជ្ជមាន​របស់​សង្គម ដើម្បី​ឆ្លើយតប​ទៅនឹង​សមភាព​យេនឌ័រ​។

​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​នានា នឹង​បន្ដ​ខិតខំ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ដើម្បី​អនាគត​កុមារ និង​យុវជន​ជំនាន់​ក្រោយ​៕