ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីការពារនិងអភិរក្សសត្វផ្សោត ជាអ្វីដែលមន្ត្រីបរិស្ថាន និងសង្គមស៊ីវិលរំពឹងថា អនុក្រឹត្យនេះនឹងធ្វើឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យចំនួនសត្វផ្សោតកាន់តែកើនឡើងផងដែរ។
អនុក្រឹត្យនេះចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
អនុក្រឹត្យបានបញ្ជាក់ថា «កំណត់ពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដើម្បីការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋប្រកបដោយប្រសិទ្ធភាពសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោតផងដែរ»។
ក្រៅពីនេះ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។
នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះនេះ ត្រូវបានហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោតរួមមាន៖ ការធ្វើនេសាទគ្រប់ប្រភេទ,ការធ្វើវារីវប្បកម្ម,ការធ្វើនាវាចរណ៍ឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ,ការធ្វើនាវាចរណ៍ ដែលមានល្បឿនលើសពី ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង,ការតាំងលំនៅ និងការធ្វើសកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ពិសេសសត្វផ្សោត។
អនុក្រឹត្យនេះក៏បានលើកឡើងដែរថានៅកន្លែងការពារសត្វផ្សោតក៏ត្រូវបានហាមឃាត់ការធ្វើនេសាទរួមមាន៖ ការធ្វើនេសាទដោយប្រើមង ឬសន្ទូចរនង និងការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យម និងខ្នាតធំផងដែរ។
ប្រភពដដែលបញ្ជាក់ថា តាមអនុក្រឹត្យនេះក៏ត្រូវបានកំណត់ប្រវែង ១២០ គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមាន ៣៥ គីឡូម៉ែត្រ និងខេត្តក្រចេះមាន ៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែងក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះមានទំហំសរុប ៦២១ គីឡូម៉ែត្រការ៉េត្រូវកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្រៃ្តយ៍)ទំហំ ២១៦,៤ គីឡូម៉ែត្រការ៉េ និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រការ៉េ ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបំផ្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។
ជុំវិញរឿងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់នៅថ្ងៃទី ២៨ ខែកុម្ភៈថា សម្រាប់ក្របខ័ណ្ឌក្រសួងបរិស្ថាន លោកសម្ដែងភាពរីករាយ និងថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីដែលបានចេញអនុក្រឹត្យនេះដែលនឹងផ្ដល់ការការពារ និងអភិរក្សតឹងរ៉ឹងផងដែរ។
ជាមួយគ្នានេះ លោកក៏រំពឹងថា ចំនួនសត្វផ្សោតនឹងត្រូវបានទប់ស្កាត់កុំឱ្យមានការស្លាប់ជាបន្តបន្ទាប់ដោយសារការនេសាទខុសច្បាប់ និងការចូលទៅតំបន់ការពារទាំងអស់នោះពីអ្នកនេសាទដែលប្រើឧបករណ៍ប៉ះពាល់ដល់សត្វផ្សោត។
លោកនេត្រ ភក្ដ្រា បានថ្លែងថា៖ «យើងជឿជាក់ថា តាមរយៈអនុក្រឹត្យនេះ នឹងធ្វើឱ្យតំបន់ទាំងនោះ ទទួលបានសុវត្ថិភាពបន្ថែមទៀត ហើយចំនួនសត្វផ្សោតនឹងកើនឡើងដោយវានឹងមិនស្លាប់ច្រើន»។
លោកបន្តថា៖ «មួយវិញទៀត ការកំណត់គ្រប់គ្រងសត្វផ្សោតតំបន់ទន្លេមេគង្គនេះ វាក៏នឹងធ្វើឱ្យដំណើរការក្នុងការរៀបចំចុះបញ្ជីត្រៀមសម្រាប់តំបន់បេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីបម្រុង ឬបញ្ជីត្រៀមរបស់អង្គការយូណេស្កូ គឺកាន់តែមានភាពរឹងមាំបន្ថែមទៀត ពីព្រោះនេះជាការបង្ហាញអំពីការតាំងចិត្តខ្ពស់ទាំងផ្នែកនយោបាយទាំងផ្នែកបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ ជាពិសេសសត្វផ្សោតទឹកសាប ដែលជាសត្វកម្រនៅលើពិភពលោក»។
លោក នេត្រ ភក្ដ្រា បានឱ្យដឹងដែរថា ក្រសួងបរិស្ថានក៏បានទទួលអាណត្តិក្នុងការរៀបចំ ចងក្រងឯកសារ ដើម្បីស្នើសុំតំបន់កាំពីរហូតទៅដល់ព្រំដែនឡាវក្នុងខេត្តស្ទឹងត្រែងដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក ប៉ុន្តែខាងក្រសួងកំពុងតែស្នើសុំដាក់ក្នុងបញ្ជីត្រៀមសិន ដោយពេលនេះបានបញ្ចប់ការរៀបចំឯកសារនោះរួចរាល់ហើយ។
បើតាមលោក នេត្រ ភក្ត្រា ការចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនេះ គឺជាការតាំងចិត្តខ្ពស់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) លោក សេង ទៀក បានអបអរសាទរ ដោយលោករំពឹងថា ការចេញអនុក្រឹត្យនេះនឹងជួយពង្រឹងបន្ថែមលើការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះបានកំណត់តំបន់អភិរក្សសត្វផ្សោតច្បាស់លាស់ និងមានភាពជាក់លាក់ផងដែរ។
លោក សេង ទៀក បានថ្លែងថា៖ «ខ្ញុំជឿថា អនុក្រឹត្យនេះនឹងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការគ្រប់គ្រងសត្វផ្សោតហ្នឹងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយក៏សង្ឃឹមថា អនុក្រឹត្យនេះនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ច្បាស់លាស់ ដែលនឹងធ្វើឱ្យចំនួនសត្វផ្សោតកាន់តែមានចំនួនកើនឡើង ព្រោះអនុក្រឹត្យនេះ មានខ្លឹមសារជាក់លាក់ច្បាស់លាស់ ដែលធ្វើឱ្យមន្ត្រីអនុវត្តច្បាប់របស់យើងកាន់តែមានភាពជឿជាក់ ទៅលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព»។
សូមរំឭកថា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះពីថ្ងៃទី ២ ខែមករា ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរខេត្តក្រចេះ និងស្ទឹងត្រែង ដែលទាក់ទងនឹងតំបន់អភិរក្សសត្វផ្សោតត្រូវតែទទួលខុសត្រូវដោយមិនត្រូវពឹងតែលើក្រសួងកសិកម្មមួយនោះទេ។
លោកបានថ្លែងថា៖ «តំបន់ផ្សោតនេះត្រូវតែការពារ ដោយសារមានករណីផ្សោតស្លាប់ដោយសារជាប់មងនាពេលកន្លងមកថ្មីៗនេះ ហើយខ្ញុំសុំដាស់តឿនឱ្យមានការយកចិត្តទុកដាក់ តំបន់នេះជាតំបន់អភិរក្សពេញទីដោយគ្មានការលើកលែងទេ។ ទន្លេមេគង្គ សម្បូរដោយសត្វផ្សោត និងសត្វត្រីមួយចំនួនដែលជិតផុតពូជ ដែលត្រូវតែមានការរៀបចំឱ្យបានរៀបរយ ឱ្យបានល្អ»។
សូមបញ្ជាក់ថា គិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ សត្វផ្សោតសរុប ១១ ក្បាលបានស្លាប់ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយសរុបមានចំនួន ២៩ ក្បាល៕