ភ្នំពេញៈ សពលោក ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ត្រូវបានក្រុមគ្រួសារសាច់ញាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពរៀបចំពិធីបុណ្យតាមប្រពៃណីនៅភូមិត្រពាំងសំរឹទ្ធ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីសពរបស់លោកត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាលីមកដល់កម្ពុជា កាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
យោងតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព លោកជីវ័ន្ត បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប) នៅក្នុងតំបន់តេសសាលីតក្នុងទីក្រុង Bamako នៃសាធារណរដ្ឋម៉ាលីកាលពីខែធ្នូ ឆ្នាំ ២០២២ ហើយបានទទួលមរណភាពនៅវេលាម៉ោង ២២ និង ៥០ នាទី ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងអាយុ ៤២ ឆ្នាំនៅមន្ទីរពេទ្យកម្រិត ២ TOGO ដោយសារជំងឺផ្លូវដង្ហើម។
នៅវេលាម៉ោង១០ និង ៣០ នាទីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សពរបស់លោកត្រូវបានដឹកជញ្ជូនទៅដល់ទីបញ្ហាការ MINUSMA ក្នុងទីក្រុង Bamako ហើយត្រូវបានតំណាងពិសេសអគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់របស់អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកក្ដីមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពកាលពីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មរណភាពរបស់លោក ជីវ័ន្ត គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើម ១ រូបនៃកងយោធពលខេមរភូមិន្ទ ។
លោកស្រីថ្លែងថា៖ «វីរភាពរបស់លោក ជីវ័ន្ត គឺមានតម្លៃធំធេង មិនអាចកាត់ថ្លៃបានទាំងជាតិនិងអន្តរជាតិ។ មរណភាពរបស់គាត់គឺជាការបាត់បងធនធានមនុស្សដ៏ឆ្នើម ១ រូបនៃកងយោធពលខេមរភូមិន្ទ»។
ចំណែកលោក សេង ភេងសេរី មេបញ្ជាការកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ដែលបច្ចុប្បន្នកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលីក៏បានសរសេរសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសពលោក ភឿក ជីវ័ន្ត ផងដែរ។
នៅក្នុងសារលិខិតនោះលោក ភេងសេរី បានគូសបញ្ជាក់ថា៖ «ការបាត់បង់រូបលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ជាការបាត់បង់ស្វាមីដ៏ល្អឪពុកប្រកបដោយព្រហ្មវិហារធម៌និងជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើម ១ រូបក្នុងកងយោធពលខេមរភូមិន្ទ។ លោកវរសេនីយ៍ទោ គឺជាគំរូវីរភាពដែលបានបំពេញបេសកកម្មជាអន្តរជាតិ និងជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ»។
សពរបស់លោកជីវ័ន្តត្រូវបានគេបូជានៅយប់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ នេះបើតាមការប្រាប់ឱ្យដឹងពីអ្នកស្រីវង្ស ស្រីទូច ដែលជាភរិយារបស់លោក ជីវ័ន្ត។
ថ្វីដ្បិតតែពេលនេះ អ្នកស្រីគឺជាស្ត្រីមេម៉ាយដែលមានកូនតូចៗ ២ នាក់នៅក្នុងបន្ទុក ប៉ុន្តែអ្នកស្រីបានថ្លែងទាំងមោទនភាពថា៖ «ខ្ញុំនឹងចិញ្ចឹមបីបាច់ថែរក្សាកូនទាំង ២ របស់ខ្ញុំឱ្យបានល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ ដូចជាស្វាមីរបស់ខ្ញុំ»។
លោកស្រី ម៉ាលីនដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តំណាងភាគីមួកខៀវកម្ពុជា កំពុងធ្វើការតាមនីតិវិធីជាមួយតំណាង UN ប្រចាំតំបន់បេសកកម្ម ។
បើតាមលោកស្រី ម៉ាលីនដា គិតចាប់តាំងពីឆ្នាំ ២០០៦ មកដល់ឆ្នាំ ២០២៣ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន ១១ រូប និងរងរបួសចំនួន ១៥ រូបអំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ ក្រោមឆត្រអង្គការសហប្រជាជាតិ៕