
លោកហ៊ុន សែន ក្នុងជំនួបជាមួយក្រុមធុរកិច្ចអាមេរិក កាលពីថ្ងៃទី ២៨ កុម្ភៈ។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា បច្ចុប្បន្ននេះទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិក មានភាពប្រសើរឡើងល្អជាងពេលណាៗទាំងអស់។ លោក ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។
នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោក ហ៊ុន សែន ដែលបានស្រង់ប្រសាសន៍ដែលលោក ហ៊ុន សែន ថ្លែងទៅកាន់ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ។
លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់លោក ហ៊ុន សែន ដែលថ្លែងថា ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកកាន់តែមានភាពប្រសើរពី ១ ថ្ងៃ ទៅ ១ ថ្ងៃ តាមរយៈទិដ្ឋភាពទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជា និងអាមេរិក ត្រូវបន្តយកចិត្តទុកដាក់បន្ថែម លើការធ្វើពាណិជ្ជកម្មជាមួយគ្នានេះ»។
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកលោក ម៉ៃឃើល មីឆាឡាក់ បានកោតសរសើរកម្ពុជា ដែលទទួលជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ២០២២ ដែលបានជួយបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិកលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់ដល់ទំនាក់ទំនងអាមេរិកនិងអាស៊ានផង។
លោក មីឆាឡាក់ បញ្ជាក់ដូច្នេះថា៖ «គោលបំណងមកកាន់កម្ពុជានាពេលនេះគឺសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ ១៩។ ក្នុងនោះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងឧស្សាហកម្មដែលរងគ្រោះខ្លាំង ក៏ដូចជាលើកកម្ពស់វិស័យឯកជនរបស់អាមេរិក»។
គួរបញ្ជាក់ថា លោកលោក ម៉ៃឃើល មីឆាឡាក់ (Michael Michalak) ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន មានតួនាទីជាអនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានបណ្តាក្រុមហ៊ុនជាច្រើនតួយ៉ាង ក្រុមហ៊ុនConoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens& Partners។
លោក រ៉ូ វណ្ណៈ អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយ យល់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្នហាក់មិនសូវមានភាពល្អប្រសើរឡើយ ហើយការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីជាភាសាការទូតមួយ។
លោកបានលើកឡើងថា៖ «ទំនាក់ទំនងប្រទេសទាំង ២ នៅមានរកាំរកូសច្រើនដោយមូលហេតុដែលអាមេរិកថា កម្ពុជាធ្លាក់ចុះនៃប្រជាធិបតេយ្យ លម្ហសេរីភាពនយោបាយ សហជីព សារព័ត៌មាន។ កម្ពុជានៅក្នុងជម្លោះនៃការប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិនក្នុងតំបន់ ខណៈអាមេរិកនៅបន្តចោទកម្ពុជាថា រណបចិន ជាពិសេសការចោទលើលទ្ធភាពនៃវត្តមានយោធាចិន នៅមូលដ្ឋានទ័ពរាម ទោះបីកម្ពុជាបានច្រានចោលហើយក្តី»។
ទោះជាយ៉ាងណាក្តី លោក រ៉ូ វណ្ណៈ ថា ការធ្វើពិពិធកម្មការទូត គឺជារឿងសំខាន់ដែលកម្ពុជាគួរផ្តោតលើនយោបាយការទូតសេដ្ឋកិច្ច ជាមួយមហាអំណាចនានា ដែលជាក្តីសង្ឃឹមនៃការអភិវឌ្ឍសង្គមជាតិ ហើយអាចកាត់បន្ថយអរិភាពជាមួយមហាអំណាចតួយ៉ាងសហរដ្ឋអាមេរិកជាដើម។ កម្ពុជាគួរលើកកម្ពស់នយោបាយផ្ទៃក្នុងខ្លួន ដោយផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពខាងនយោបាយនិងសង្គមស៊ីវិល ដែលជាកត្តាជំរុញទំនាក់ទំនងនឹងមហាអំណាច។
ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា នៅក្នុងការសង្កេតពីកម្រិតទំនាក់ទំនងរដ្ឋនិងរដ្ឋ គេអាចពិនិត្យមើលលើទិដ្ឋភាពច្រើនជ្រុង តួយ៉ាង នយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម សង្គមវប្បធម៌ ទំនាក់ទំនងរវាងមេដឹកនាំនិងមេដឹកនាំ និងជ្រុងនានាទៀត។ សម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក លោក គិន ភា ឯកភាពចំពោះការលើកឡើងរបស់លោក ហ៊ុន សែន។
លោក គិន ភា គូសបញ្ជាក់ថា៖ «ខ្ញុំឯកភាព ចំពោះការលើកឡើងរបស់សម្តេច ព្រោះទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេស ២ មានការកើនឡើងជាលំដាប់ សូម្បីក្នុងដំណាក់កាលកូវីដ ១៩ ក្តី ជាក់ស្តែងការនាំចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងរង្វង់ទឹកប្រាក់ជិត ១ ម៉ឺនលានដុល្លារ ដែលជាទំហំពាណិជ្ជកម្មមួយធំ ដែលជាសូចនាករសម្រាប់វាស់វែងពីកម្រិតទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក»។
ទោះជាយ៉ាងណាលោក គិន ភា យល់ថា ភាគីទាំង ២ ត្រូវការស្វែងយល់ពីគ្នាបន្ថែមទៀត ទៅលើទិដ្ឋភាពនយោបាយ ដែលអាមេរិកតែងលើកឡើងពីកង្វល់នានា ចំណែកកិច្ចការបរទេស សហរដ្ឋអាមេរិកនៅតែសង្ស័យលើវត្តមានយោធាចិននៅកម្ពុជា៕
វីដេអូ៖