ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត ខណៈដែលសមាជិកគណបក្សប្រឆាំងបានងាកមកចូលរួមជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានរិះគន់ថា លក់ឧត្តមគតិ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅថ្ងៃទី ១ ខែមីនា លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងមួយរយៈកាលនេះ សមាគមក្រុមយុវជនដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្លាប់គាំទ្របក្សប្រឆាំង ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ប៉ុន្តែបាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាព។ លោកបន្តថា ផ្ទុយទៅវិញ សមាគមក្រុមយុវជនដែលចូលមកគាំទ្ររដ្ឋាភិបាល បែរជាត្រូវបានទទួលការប្រមាថពីគណបក្សមួយចំនួន ឬបុគ្គលមួយចំនួនទៅវិញ។
លោកថា៖ «ខ្ញុំសូមបញ្ជាក់អស់លោកអ្នកមិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ ពួកគេបានដឹងច្បាស់ថា គេគាំទ្របក្សប្រឆាំង អត់បានការក្នុងរយៈពេលកន្លងទៅខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់សម្រាប់ក្រុមយុវជននេះ នៅពេលដែលទៅជួបខ្ញុំ»។
លោកបញ្ជាក់ថា៖ «ពួកគេត្រូវបានទទួលការបណ្តុះបណ្តាលអំពីបដិវត្តន៍ពណ៌ ប៉ុន្តែគេមើលឃើញថា ស្ថានភាពនេះ គេមិនអាចទៅជាមួយនោះទេ។ អ៊ីចឹងវិធីតែមួយគត់របស់គេ គឺរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល បង្កើតជាអង្គការការពារបរិស្ថាន ឬបញ្ហានេះ បញ្ហានោះ ធ្វើការជាមួយរដ្ឋាភិបាលវិញល្អជាង»។
ប៉ុន្តែអ្វីដែលជាបំណងប្រាថ្នានិងជាសេរីភាពនៃការជ្រើសរើសរបស់ពួកគេត្រូវបានទទួលការប្រមាថពីអ្នកនយោបាយ និងបក្សនយោបាយខ្លះ ថាពួកគេបានលក់ឧត្តមគតិទៅវិញ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «អ៊ីចឹងចំណុចនេះខ្ញុំគ្រាន់តែជម្រាបទៅអស់លោកអ្នកដែលតាំងខ្លួនជាប្រជាធិបតេយ្យក៏ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ។ ទាល់តែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថា មនុស្សល្អ ប៉ុន្តែឱ្យតែមកគាំទ្ររដ្ឋាភិបាល សុទ្ធតែមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរជាងនេះគឺប្រមាថថា អ្នកទាំងនោះជាកញ្ជះបរទេសក្នុងពេលដែលខ្លួនស៊ីលុយបរទេស ដើម្បីប្រឆាំងខ្មែរ ឬក៏ឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរ។ អ៊ីចឹងសូមអំពាវនាវឱ្យគោរពសិទ្ធិរបស់ពលរដ្ឋ គោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទើបមិនមានបញ្ហា»។
ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រីស្នើដល់ក្រុមយុវជនដែលទើបចូលរួមជាមួយរដ្ឋាភិបាល មិនត្រូវប្រតិកម្មទៅគណបក្សប្រឆាំងបែបហិង្សានោះទេ គួរធ្វើអ្វីដោយសន្តិវិធី។
លោកថា៖ «ខ្ញុំស្នើថា ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជនដែលក្រុមយុវជនទាំងនេះ ធ្លាប់ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ប្រយ័ត្នគេធ្វើបាតុកម្មត្រឡប់ទៅវិញ។ ឥឡូវនេះគេត្រឹមតែចេញសេចក្តីថ្លែងការណ៍វាយបកទេ គេអត់ទាន់ធ្វើសកម្មភាពអ្វីទេ តែខ្ញុំសូមអង្វរដល់ក្មួយៗកូនៗទាំងឡាយដែលចេញពីបក្សប្រឆាំងមកធ្វើការជាមួយរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយបែបហិង្សាទៅចំពោះគេយើងអាចចេញសេចក្តីថ្លែងការណ៍ពន្យល់បាន កុំធ្វើសកម្មភាពឱ្យហួសពីនេះ»។
បន្ថែមពីនេះលោក ហ៊ុន សែន សម្តែងការសោកស្តាយចំពោះអ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែអត់ស្គាល់អ្វីទៅដែលហៅថា ប្រជាធិបតេយ្យ។ លោកថា៖ «គណបក្សប្រជាជន មិនដែលរារាំងសមាជិករបស់ខ្លួន ទៅនៅបក្សដទៃទេ គឺយើងតែងគោរពសិទ្ធិជ្រើសរើសរបស់គេ»។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក គង់ មូនីកា ថ្លែងថា ការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេសគឺជារឿងល្អព្រោះបង្ហាញអំពីការគោពសិទ្ធិនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែលោកថា អ្វីដែលលោកសង្កេតឃើញកន្លងមកបុគ្គលដែលធ្លាប់នៅជាមួយគណបក្សផ្សេង ហើយទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច តែងតែធ្វើការវាយប្រហារមកលើគណបក្សដែលខ្លួនធ្លាប់គាំទ្រ។
លោកថា៖ «ដូច្នេះហើយបើសិនជាយើងអាចលុបបំបាត់វប្បធម៌បែបនេះបាន ហើយគោរពសិទ្ធិនយោបាយទាំងអស់គ្នា នោះគឺជាការល្អ ហើយខ្ញុំជឿជាក់ថា ការអំពាវនាវរបស់សម្តេច គឺជារឿងមួយដែលល្អ ហើយសម្តេចគួរណែនាំដល់អ្នកដែលចូលរួមជីវភាពជាមួយសម្តេច ឱ្យបញ្ចប់ការវាយប្រហារមកលើគណបក្សដែលខ្លួនធ្លាប់រស់នៅ»។
លោកបន្តថា សម្រាប់គណបក្សភ្លើងទៀន តែងតែគោរពសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយប្រកាន់ភ្ជាប់នូវវប្បធម៌ដែលមិនវាយប្រហារគ្នា និងមិនលាបពណ៌គ្នា។ «ប៉ុន្តែអ្នកដែលវាយប្រហារ លាបពណ៌ នោះគឺជាការយល់ឃើញរបស់បុគ្គលរៀងៗខ្លួនមិនមែនជាជំហររបស់គណបក្សទេ ដូច្នេះហើយយើងត្រូវចែកឱ្យដាច់ពីបញ្ហានេះហើយគណបក្សភ្លើងទៀន មិនដែលធ្វើការវាយប្រហារទៅដល់អ្នកណាមួយដែលមិនចូលរួមជាមួយគណបក្សរបស់ខ្លួនទេ»។
ជាមួយគ្នានេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោរពរាល់ឯកសារគតិយុត្តជាធរមាន ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព របៀបរៀបរយ និងគ្មានអំពើហិង្សា៕