ភ្នំពេញៈ ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តវិវត្តកាន់តែស្មុគស្មាញ ក្រសួងការបរទេស កំពុងបើកកិច្ចពិភាក្សាពីផលប៉ះពាល់នៃការប្រែប្រួលភូមិសាស្ត្រនយោបាយ មកលើកម្ពុជា ការគិតគូរជាយុទ្ធសាស្ត្រ និងគោលជំហរក្នុងស្ថានភាពដ៏ស្មុគស្មាញនេះ ដើម្បីការពារឱ្យបាននូវប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ របស់ក្រសួងការបរទេសនាថ្ងៃទី ១ ខែមីនា។
ក្នុងពិធីបើកសន្និបាតនេះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសថ្លែងថា៖ «ក្នុងបរិបទដែលសង្គ្រាមនៅអ៊ុយក្រែន បន្តវិវត្តកាន់តែស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់នោះ តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក»។
លោកបន្តថា៖ «ប្រធានបទទី ១ នៃការពិភាក្សារបស់យើងនឹងផ្តោតទៅលើផលប៉ះពាល់នៃការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងនេះមកលើកម្ពុជា ការគិតគូរជាយុទ្ធសាស្ត្រការប្រកាន់គោលការណ៍ គោលជំហររបស់យើងក្នុងស្ថានភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់នេះដើម្បីការពារឱ្យបាននូវប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង»។
រដ្ឋមន្ត្រីរូបនេះ លើកឡើងថា កំណែទម្រង់ផ្ទៃក្នុងក្រសួងការបរទេសកម្ពុជាបាននាំមកនូវផ្លែផ្កាជាច្រើន ក្នុងការលើកកម្ពស់ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពមុតស្រួចនៃអ្នកការទូតកម្ពុជា។ យ៉ាងណាក៏ដោយ ក៏ការកែទម្រង់នេះ នឹងត្រូវបន្តទៅទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស និងជួរអ្នកការទូត ទៅជាសេនាធិការ និងជាយុទ្ធជនឈានមុខក្នុងការការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកជំរុញដល់មន្ត្រីការទូត និងមន្ត្រីទាំងអស់ត្រូវខិតខំប្រមូលផ្ដុំបញ្ញាញាណ ជជែកវែកញែក ផ្លាស់ប្តូរទស្សនៈគ្នា លើកជាគំនិតផ្តួចផ្តើម ជាផែនការ និងវិធានការការងារសំដៅសម្រេចឱ្យបាននូវបេសកកម្ម «ដ៏ឧត្តុង្គឧត្តម» ជូនដល់ប្រទេសកម្ពុជា ពិសេសនៅក្នុងកិច្ចការពារផលប្រយោជន៍ និងលើកស្ទួយកិត្យានុភាពជាតិ។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ខ្ញុំជឿជាក់ថា សន្និបាតរបស់យើងនឹងប្រព្រឹត្តទៅដោយភាពសកម្ម និងជូនពរឱ្យកិច្ចពិភាក្សារបស់យើងទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់»។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសថ្លែងក្នុងពិធីនេះថា ឆ្នាំ ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗបង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្មុគស្មាញឡើង រវាងមហាអំណាចធំៗ ការផ្ទុះឡើងនូវសង្គ្រាមនៅអឺរ៉ុប ដែលតិចណាស់នឹកស្មានដល់ ហើយដែលបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបង្កើតវិបត្តិស្បៀងនិងថាមពល ក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញដោយលំបាកពីផលប៉ះពាល់ពហុវិស័យដោយជំងឺរាតត្បាតកូវីដ ១៩។
លោកបន្តថា ការប្រកាន់ជំហរ «យ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់» របស់កម្ពុជាគាំទ្រគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងសង្គ្រាមនៅអ៊ុយក្រែនបានកែសម្រួលយ៉ាងខ្លាំងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយបណ្តាប្រទេសបស្ចិមលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ ដោយបង្ហាញឱ្យឃើញច្បាស់នូវការប្រកាន់នយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ។
លោក អ៊ុច បូររិទ្ធ ថ្លែងថា ២០២២ ជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានជាលើកទី ៣ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ មក។ ការពិត ឆ្នាំណាក៏អាស៊ានជួបប្រទះ និងត្រូវដោះស្រាយការប្រឈមក្នុងកម្រិត និងទម្រង់ផ្សេងៗគ្នាដែរប៉ុន្តែក្នុងប្រវត្តិសាស្ត្រ ៥៥ ឆ្នាំរបស់ខ្លួន អាស៊ានមិនដែលប្រឈម និងបញ្ហាគ្រោះថ្នាក់ច្រើនបែបនេះ និងក្នុងពេលតែមួយដូចក្នុងឆ្នាំ ២០២២ នោះទេ។
លោកថ្លែងថា៖ «ស្ថានការណ៍នេះ បានតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់នៃក្រសួងការបរទេសយើង ក្រោមការណែនាំជាប់ជាប្រចាំពីសម្តេចតេជោនាយករដ្ឋមន្ត្រីបង្កើនមិនត្រឹមតែកិច្ចប្រឹងប្រែង ការអត់ធ្មត់ក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រឹងប្រែងសំលៀងភាពវាងវៃ រក្សាការប្រុងប្រយ័ត្ន និងជំរុញឱ្យដល់កម្រិតខ្ពស់បំផុតនូវគ្រប់មធ្យោបាយការទូត ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តនយោបាយការបរទេសដែលឯករាជ្យ និងផ្អែកលើច្បាប់ និងផ្អែកលើផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជនយើង»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១ ខែមីនាថា កម្ពុជាតែងតែសម្តែងកង្វល់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះប្រជាជន និងផលប៉ះពាល់តំបន់និងសកលដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ លោកបន្តថា នៅក្នុងបរិបទសន្តិសុខសកលដែលមានសភាពស្រួចស្រាល់និងគ្រោះថ្នាក់នេះ ក្នុងនាមកម្ពុជាជារដ្ឋត្រូវទាមទារឱ្យរដ្ឋទាំងអស់មិនថា តូចឬធំ ត្រូវគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនិងស្មារតីសន្តិភាព និងពហុភាគីនិយមក្នុងការដោះស្រាយវិបត្តិសន្តិសុខនេះ។
លោក ម៉េងដាវិត ថ្លែងថា៖ «ផែនការសន្តិភាព ១២ ចំណុចរបស់ចិន គឺជាគំនិតផ្តួចផ្តើមដ៏មានប្រសិទ្ធភាពមួយក្នុងការជំរុញការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងឈានទៅរកការចរចាសន្តិភាព»៕