ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍ដល់ក្រសួងវិប្បធម៌ និងវិចិត្រសិល្បៈ សិក្សារួមគ្នាជាមួយប្រទេស ៤ ទៀត ដែលជាប្រទេសជិតខាងមានវប្បធម៌ប្រហាក់ប្រហែលគ្នា ដើម្បីចុះរួមគ្នានូវបញ្ជីសម្បត្តិបេតកភណ្ឌវប្បធម៌ «សង្ក្រាន្ត» ដើម្បីឈានទៅបញ្ចប់ជម្លោះលើការធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ។
ថ្លែងនៅក្នុងពិធីជួបផ្ទាល់ជាមួយសិល្បករសិល្បការិនីប្រមាណជាង ៤ ០០០នាក់ នៅក្នុងព្រឹត្តិការណ៍នៃការប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៥ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ដើម្បីឈានទៅការបញ្ចប់នៃការដណ្តើមសិទ្ធិកាន់កាប់លើព្រឹត្តិការណ៍«សង្ក្រាន្ត» លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងឡាវលើបញ្ហាចុះបញ្ជីរួមគ្នានេះ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឱ្យមានការសិក្សារួមគ្នាក្នុងចំណោមប្រទេសទាំង៤ គឺ កម្ពុជា ថៃ ឡាវ និង មីយ៉ាន់ម៉ា លើលទ្ធភាពនៃការចុះបញ្ជីរួមគ្នាលើប្រភេទក្បាច់គុនប្រដាល់ ដែលប្រទេសនីមួយៗអាចដាក់ឈ្មោះរបស់ខ្លួន នៅពេលដែលកីឡានោះត្រូវរៀបចំប្រកួតនៅប្រទេសណាដែលជាម្ចាស់ផ្ទះ។ ការធ្វើបែបនេះនឹងបញ្ចប់ជម្លោះពាក្យសម្តីដែលប្រទេសណាមួយប្រុងអះអាងជារបស់ខ្លួននោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យការកសាងរូបសំណាក និងព្រះពុទ្ធបដិមា ត្រូវមានក្បួនខ្នាតត្រឹមត្រូវ ព្រោះក្រោយការធ្វើអភិសេករួចហើយ គ្មានអ្នកណាហ៊ានកែសម្រួលនោះទេ។
«ពេលអភិសេករួចហើយ អត់មានអ្នកណាទៅប៉ះពាល់បាននោះទេ។អ៊ីចឹងទេ រូបនេះបន្សល់ទុក១០០ទៅ២០០ឆ្នាំ ដែលលើកឡើង [របប] ប៉ុល ពតទេ ដែលវាយចោលនោះ ហើយ ក្រៅពីនោះ គ្មានអ្នកណាហ៊ានវាយចោលទេ។ អ៊ីចឹងសូមឱ្យក្រសួងយកចិត្តទុកដាក់លើបញ្ហានេះ»។
នៅក្នុងការថ្លែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងថា ប្រធានបទសម្រាប់ទិវាវប្បធម៌ជាតិ ដែលផ្សារភ្ជាប់ជាមួយយុវជនគឺត្រូវបានរៀបចំឡើងអស់រយៈពេលជិត១ទសវត្សរ៍ទៅហើយ ប៉ុន្តែប្រធានបទនេះនៅតែសំខាន់និងសមស្របគ្រប់កាលៈទេសៈ។
នៅក្នុងការជួបជុំជាមួយអ្នកសិល្បៈទាំងជាង ៤ ០០០នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យសិល្បករនិងសិល្បការិនី ចូលរួមតែងនិពន្ធបទចម្រៀងដែលទាក់ទងនឹងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍
ហៅកាត់ «ស៊ីហ្គេម»លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យកាន់តែកក្រើកនិងអធិកអធមដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏លើកទឹកចិត្តឱ្យវត្តអារាមបង្កើតវង់ភ្លេងពិណពាទ្យ នៅតាមវត្តអារាមឱ្យបានច្រើន ដែលវង់ភ្លេងទាំងនោះនឹងផ្តល់ឱកាសបណ្តុះបណ្តាលភ្លេងដល់ កុមារនិងយុវជនប្រមាណ៦ទៅ៧នាក់ក្នុង១វង់ភ្លេង ហើយភ្លេងនោះនឹងបម្រើដល់សេចក្តីត្រូវការរៀបចំតាមប្រពៃណីនៅតាមផ្ទះប្រជាជន ពេលដែលត្រូវរៀបចំកម្មវិធី៕