ក្រសួង​សុខាភិបាល បាន​ច្រានចោល​ទាំងស្រុង នូវ​ការចេញផ្សាយ​ព័ត៌មាន​មិនត្រឹមត្រូវ និង​មិនពិត បែប​ប្រឌិត ស្តី​ពី​ករណី​ជំងឺ​ផ្តាសាយ​បក្សី H5N1 ដែល​បាន​រកឃើញ​នៅ​ខេត្ត​ព្រៃវែង​នាពេល​កន្លង​ទៅនេះ ថា​ជាករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ខណៈ​ក្រសួង​បញ្ជាក់​ថា​គឺជា​ករណី​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា គិតត្រឹម​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួង​បានរក​ឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សី H5N1 ចំនួន ២ ករណី​តែប៉ុណ្ណោះ នៅ​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ដែល​ក្នុង​នេះ មាន​កុមារី​អាយុ ១១ ឆ្នាំ ៦ ខែ ម្នាក់​បាន​ស្លាប់ និង​ឪពុក​របស់​កុមារី​រូប​នេះ បាន​ជាសះ​ស្បើយ និង​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រួច​ទៅ​ហើយ។

ក្រសួង​បញ្ជាក់​ថា៖«ករណី​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី H5N1ទាំង ២ នាក់ នេះ ត្រូវ​បាន​សន្និដ្ឋាន​ថា ជា ការ​ចម្លង​វីរុស​ផ្តាសាយ​បក្សី H5N1 ពី​សត្វ​បក្សី​មក​មនុស្ស ដែល​មិនមែន​ជាការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ»។

ជាមួយគ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ព័ត៌មាន​មិនត្រឹមត្រូវ ឬ ព័ត៌មាន​មិនពិត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ស្តី​អំពី​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​កម្ពុជា​នេះ។

ប្រភព​ដដែល​បន្ត​ថា គិតត្រឹម​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុ​សំណាក​សរុប​ចំនួន ៥១ សំណាក (យក​ពី​បុគ្គល​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ចំនួន ២០ នាក់ និង​បុគ្គល​ដែលមាន​រោគសញ្ញា​ដូច​ជំងឺ​គ្រុន​ផ្ដាសាយ​ចំនួន ៣១​នាក់) ត្រូវ​បាន​ប្រមូល យក​ដើម្បី​ធ្វើ​ការវិភាគ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​អវិជ្ជមាន​វីរុស H5N1 ទាំងអស់​។

ក្រុមអង្កេត​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល នៅតែ​បន្ត​មាន​វត្តមាន​នៅ​ខេត្ត​ព្រៃវែង​នៅ​ឡើយ ដើម្បី​អង្កេត​ស្រាវជ្រាវ​រក​ករណី​ជំងឺ​ផ្តាសាយ បក្សី H5N1 ជាបន្ត​ទៀត ហើយ​នឹង​បន្ត​ប្រមូល​វត្ថុ​សំណាក​សម្រាប់​ធ្វើ​វិភាគ ពី​បុគ្គល​ដែល​មាន​រោគសញ្ញា​សង្ស័យ និង​បុគ្គល​មាន​រោគសញ្ញា​ដូច​ជំងឺ​គ្រុន​ផ្តាសាយ​ផងដែរ។

ក្រសួង​បន្ត​ទៀត​ថា ផ្នែក​វីរុស​សាស្ត្រ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​អំពី​វត្តមាន​វីរុស A/H5N1 នៅ​ក្នុង​វត្ថុ​សំណាក​ដែល​បាន​ផ្ញើ​មក​វិភាគ ហើយ​បាន​ធ្វើ​វិភាគ​លម្អិត​នូវ​ហ្សែន (full genome sequencing) ដែល​មាន​នៅ​លើ GISAID កាលពី​ថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ វីរុស​ប្រភេទ A/H5N1 ដែល​បាន​រកឃើញ​លើ​ករណី​នៅ​កម្ពុជា បាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ដែលត្រូវ​បាន​គេ​រំពឹង​ថា វីរុសនេះ​ឆ្លង​ពី​បក្សី​ទៅ​មនុស្ស ប៉ុន្តែ​មិន​បង្ហាញ​ថា វីរុស​នេះ កំពុង​បម្លែង​ខ្លួន ឬ​សម្របខ្លួន​ទៅ ជាការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​។ វីរុស A/H5N1 នៅ​កម្ពុជា មិនមាន​ការបម្លែង​ខ្លួន​ដែលទាក់ទងនឹង​ការកើន​ឡើង​នៃ​ការចម្លង​នៃ​ថនិកសត្វ​នោះ​ទេ។

ក្រសួង​សុខាភិបាល​កម្ពុជា សូម​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ កែ​តម្រូវ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ព័ត៌មាន ដែល​ខ្លួន​ផ្សព្វផ្សាយ និង​ធានាថា​ការរាយការណ៍​របស់​ខ្លួន គឺ​ផ្អែក​លើ​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ត្រឹមត្រូវ និង​ធ្វើ​សម្រង់​ព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ។

ក្រសួង​សុខាភិបាល នឹង​បន្ត​ធ្វើ​ការជូន​ដំណឹង​ដល់​សាធារណ​ជន អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព​តាម​ទំព័រ​ហ្វេសប៊ុក និង​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារ​អប់រំ​សុខភាព ដែល​អាច​ទាញ​យក​មក​មើល និង​ប្រើប្រាស់​បាន។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ក្រសួង​សុខាភិបាល លេខ ១១៥ ដោយ​ឥតគិត​ថ្លៃ ឬ​ទំនាក់ទំនង​ក្រសួង​សុខាភិបាល តាម​លេខ​ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕​

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពីការច្រានចោល​នូវ​ព័ត៌មាន​មិនពិត​ទាក់ទងនឹង​ករណី​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1 នៅ​កម្ពុជា​