ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ទុកការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថា ជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។
លោក អ៊ិត សំហេង បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្រ្តីរបស់ក្រសួង ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” រៀបចំឡើងនៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ «គឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាន នៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំតស៊ូគ្រប់បែបយ៉ាង រហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុង នូវការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។ គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង»។
លោកបន្តថា បច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផល ពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះ។
ទិវាអន្តរជាតិនារី ៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប៕