ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវដល់អន្តរជាតិក្នុងការ ជំរុញដំណោះស្រាយបញ្ហាសន្តិភាពពិភពលោក ខណៈអរិភាពមានការកើនឡើងគួរឱ្យព្រួយបារម្ភនៃស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលនៅតែជាក្ដីបារម្ភផងដែរ។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ឥឡូវនេះជាងពេលណាៗទាំងអស់ ពិភពលោកត្រូវការសន្តិភាព និងនីតិរដ្ឋ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ នៅអ៊ុយក្រែនយើងមានការព្រួយបារម្ភដោយសារការកើនឡើងនៃអរិភាពដោយមានតួអង្គពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល។ យើងត្រូវដាក់សន្តិភាពជាបេះដូងនៃសកម្មភាពរបស់យើង។ បទពិសោធន៍របស់យើងក្នុងនាមជាអតីតប្រទេសដែលហែកហួរដោយសង្គ្រាមបង្ហាញថាសង្គ្រាម គឺជាវិធីដ៏អាក្រក់បំផុតក្នុងការបញ្ចប់សង្គ្រាម»។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥២ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស តាមប្រព័ន្ធអនឡាញ លោកបានថ្លែងថា កម្ពុជាគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការ អ.ស.ប លោក António Guterres ក្នុងការ «ដោះស្រាយជម្លោះដោយសន្តិវិធីដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយប្តេជ្ញាចិត្តមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន និងសមភាពអធិបតេយ្យភាព នៃប្រទេសជាសមាជិក»។
លោកបានលើកឡើងថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ានៅតែគួរឱ្យព្រួយបារម្ភ។ ភាពស្មុគស្មាញនៃវិបត្តិ និងមូលហេតុចាក់ឫសយ៉ាងជ្រៅរបស់ប្រទេសនេះ ត្រូវតែត្រូវបានទទួលស្គាល់។ ការបញ្ចប់ទុក្ខលំបាករបស់ប្រជាជនមីយ៉ាន់ម៉ា ការស្តារសន្តិភាព និងការផ្សះផ្សាឡើងវិញ គឺជាគោលដៅតែ ១ គត់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងអំឡុងពេលពេញ ១ ឆ្នាំ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែមីនាថា រដ្ឋទាំងអស់ក្នុងនាមជាសមាជិក អ.ស.ប ត្រូវគោរព និងដើរតាមគោលការណ៍រួមគឺការគោរពសិទ្ធិមនុស្ស និងសន្តិភាព។ សង្គ្រាមតែងតែបង្កវិនាសកម្ម និងការគំរាមកំហែងដល់អាយុជីវិត និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។ ស្មារតីពហុភាគីនិយម និងការចរចាបញ្ចប់សង្គ្រាមដោយសន្តិវិធី គឺជាវិធីសាស្ត្រឈ្នះឈ្នះដែលគួរទទួលយក។
លោកបានបញ្ជាក់ថា៖ «ការលូកដៃចូលកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស ការដាក់ទណ្ឌកម្មក្នុងរូបភាពណាក៏ដោយ និងការផ្តល់សព្វាវុធបន្ថែមដល់គូភាគីជម្លោះ គឺមិនអាចបញ្ចប់សង្គ្រាមបានឡើយ គឺមានតែការអូសបន្លាយនិងវិនាសកម្មបន្ថែមទៀតដែលកត្តាទាំងអស់កម្ពុជាធ្លាប់បានឆ្លងកាត់ និងរងគ្រោះ ២ ដងរួចមកហើយ។ ដូចនេះហើយសន្តិភាពគឺជាស្នូលនៃការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិ»។
ក្នុងកិច្ចប្រជុំនោះ លោក ប្រាក់ សុខុន ក៏បានលើកឡើងពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការបន្តភាពជាដៃគូពិតប្រាកដរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សស្របតាមអាទិភាពជាតិរបស់កម្ពុជា។
ក្រៅពីនេះ លោកបានថ្លែងទៀតថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យសេរីវ័យក្មេង កម្ពុជាបានរៀបចំការបោះឆ្នោតពហុបក្សជាទៀងទាត់ ហើយការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំមុន បានឆ្លុះបញ្ចាំងពីពហុនិយមយ៉ាងល្អបំផុតដោយមានគណបក្សប្រកួតប្រជែងចំនួន ៩ ក្នុងចំណោម ១៧ ទទួលបានអាសនៈនៅទូទាំងប្រទេស។ ប្រទេសកម្ពុជា កំពុងទន្ទឹងរង់ចាំការបោះឆ្នោតសកលនាខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពដែលនឹងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១ ខែមីនា លោក ប្រាក់ សុខុន ក៏បានថ្លែងដែរថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកលពហុប៉ូលនិងស្មុគស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ទាំងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក៕