រតនគិរីៈ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានធ្វើការស្តារត្រពាំងចំនួន ១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីជាប្រភពទឹក និងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយង ដែលជិតផុតពូជ ពិសេសគឺនៅក្នុងរដូវក្តៅ។
អង្គការបានលើកឡើងថា ត្រពាំងគឺជាប្រភពទឹកនិងជាទីជម្រកដ៏សំខាន់បំផុតសម្រាប់សត្វត្រយងដែលជិតផុតពូជបំផុតទាំងពីរប្រភេទ (ត្រយងយក្ស និង ត្រយងចង្កំកស) និងសត្វព្រៃជាច្រើនប្រភេទទៀត នៅក្នុងព្រៃរបោះ ជាពិសេសនៅក្នុងរដូវប្រាំង។
ត្រពាំងទាំងនេះកំពុងបាត់បង់តួនាទីក្នុងការគាំទ្រដល់សត្វព្រៃដោយសារគោករាក់និងមានរុក្ខជាតិក្រាស់គ្របដណ្តប់។ ក្នុងគោលបំណងស្តារទីជម្រក អង្គការជីវិតធម្មជាតិនៅកម្ពុជាបានធ្វើការស្តារត្រពាំងចំនួនជ ១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដើម្បីរក្សាមុខងាររបស់ត្រពាំងសត្វត្រយងដែលជិតផុតពូជ។
យោងទៅលើពិធីសារស្តារនិងតាមដានត្រពាំង ក្រុមការងារទីវាលបានធ្វើការត្រួតពិនិត្យនិងតាមដានត្រពាំងជាទៀងទាត់។ កាមេរ៉ាស្វ័យប្រវត្តិត្រូវបានប្រើប្រាស់ដើម្បីតាមដានពីវត្តមានរបស់សត្វព្រៃនៅតាមត្រពាំងដែលបានស្តារ។
លទ្ធផលបឋមនៃការអង្កេតតាមដានបានបង្ហាញថា សត្វព្រៃដែលកំពុងរងគ្រោះនិងជិតផុតពូជមួយចំនួន ដូចជាសត្វត្រយងយក្ស សត្វត្រយងចង្កំកស ត្រដក់តូច កុកពាក់អំបោះជាដើមបានប្រើប្រាស់ត្រពាំងដែលបានស្តាររួចទាំងនោះ។
អង្គការក៏បានបង្ហាញពីកត្តាប្រឈមមួយចំនួនដែលត្រូវបានកត់ត្រាផងដែរដូចជា ការលួចកាមេរ៉ាស្វ័យប្រវត្តិ ការបរបាញ់និងដាក់អន្ទាក់ជាដើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងវិភាគទិន្នន័យនិងរៀបចំរបាយការណ៍លទ្ធផលពីការស្តារត្រពាំងនេះក្នុងឆ្នាំ២០២៤ខាងមុខនេះ៕