បន្ទាយមានជ័យ: សារមន្ទីរបន្ទាយមានជ័យដែលបានបើកទ្វារឱ្យចូលទស្សនាអស់ពេលជិត ១៥ ឆ្នាំ បានតាំងបង្ហាញវត្ថុបុរាណចម្រុះដែលជាសមិទ្ធផលបានពីការបង្ក្រាបអំពើរត់ពន្ធនៅតាមព្រំដែន និងកំណាយនៅតាមបុរាណដ្ឋាននានា។
លោក ចេង វណ្ណា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដបន្ទាយមានជ័យទទួលបន្ទុកសារមន្ទីរនេះ បានឱ្យដឹងថា វត្ថុបុរាណភាគច្រើន ទទួលបានពីសមត្ថកិច្ច ដូចជា អាជ្ញាធរខេត្ដ ខាងភូមិភាគ កងរាជអាវុធហត្ថ និងនគរបាល ដែលបានបង្ក្រាបតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០។
លោកបានឱ្យដឹងថា វត្ថុបុរាណមួយភាគធំ ត្រូវបានចល័តពីបណ្ដាខេត្ដផ្សេងដែលសមត្ថភាពចាប់បានពីឈ្មួញ រួចរក្សាទុកនៅអធិការដ្ឋាន ឬស្នងការដ្ឋាន ហើយនៅពេលពួកគេមិនមានកន្លែងទុកដាក់ ក៏បានប្រគល់វត្ថុទាំងនោះឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទទួលយក។
ដោយត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៩ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូ សារមន្ទីរបានតាំងបង្ហាញវត្ថុបុរាណចំនួន ៤ ប្រភេទ គឺថ្មភក់ សពបុរាណ កុលាលភាជន៍ និងវត្ថុសិល្បៈពីឈើ ដែលវាបានផ្ដល់ចំណេះដឹងជាច្រើនសម្រាប់ស្សានុសិស្សដែលមានបំណងសិក្សាច្បាស់លាស់។
លោក វណ្ណា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចំពោះការទស្សនារបស់សិស្សានុសិស្ស ប្រសិនបើចំជាអ្នកសិក្សា ពួកគាត់នឹងទទួលបានចំណេះដឹងនៃផ្នែកការរចនា ចំណេះដឹងផ្នែកប្រវត្ដិសាស្ដ្រ និងទាក់ទងសិល្បៈរបស់ខ្មែរ»។
លោក ចេង វណ្ណា បានបន្ដថា ជាទូទៅពួកគេមកទស្សនាសារមន្ទីរនេះ ដោយសារតែពួកគេមិនដែលបានឃើញ និងជាការកម្សាន្ដលេង។
ប៉ុន្ដែចំពោះសិស្សានុសិស្សមកជាក្រុម តាមរយៈសាលារៀន មគ្គុទេសក៍នឹងណែនាំអំពីក្បាច់ចម្លាក់អំពីការតាំងកុលាលភាជន៍ និងវត្ថុបុរាណ។ ពួកគេនឹងដឹងអំពីបុព្វបុរសខ្មែរជំនាន់មុនបានបន្សល់អ្វីខ្លះ ដើម្បីទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយ។
សម្រាប់កុលាលភាជន៍ ភាគច្រើនទទួលបានពីកងរាជអាវុធហត្ថចុះបង្ក្រាបការជួញដូរដោយលោក វណ្ណា អះអាងថា គ្រាន់តែចាប់កន្លែងកែច្នៃកុលាលភាជន៍ ១ កន្លែង មានចំនួនរហូតដល់ប្រមាណ ៨០០។
អង្គុយលើកៅអីហ៊ុមព័ទ្ធដោយវត្ថុផលិតពីដីឥដ្ឋចាស់ៗ និងខ្លះមានស្នាមប្រេះផ្គុំពីការបាក់បែក អ្នកស្រីអឿន ណៃគី កំពុងតែចុះបញ្ជីកុលាលភាជន៍ ដែលត្រូវបានធ្វើកំណាយក្នុងស្ថានីយកប់សពភូមិសូភី និងគោកទ្រាស ដោយបន្សល់តាំងពីសម័យយុគដែក មានអាយុកាលចន្លោះពី ៥០០ មុនគ្រិស្ដសករាជ ដល់ ៥០០ឆ្នាំនៃគ្រិស្ដសករាជ។
អ្នកស្រីថ្លែងថា៖ «បុរាណវត្ថុទាំងនេះបានពីកំណាយមានការបាក់បែក និងត្រូវបានបិទផ្គុំឡើងវិញ ព្រមទាំងបានតាំងបង្ហាញក្នុងទូកញ្ចក់ឱ្យមហាជន និងសិស្សានុសិស្សទស្សនាអស់ពេលជាង ១០ ឆ្នាំមកហើយ»។
ជាមន្ដ្រីកិច្ចសន្យា អ្នកស្រី ណៃគី បានបម្រើការងារនៅសារមន្ទីរនេះ តាំងពីឆ្នាំ ២០១៦ ក្នុងនាមជាអ្នកជួសជុលកុលាលភាជន៍។
លោក គី បញ្ញារិទ្ធ អនុប្រធានការិយាល័យសារមន្ទីរខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ខេត្ដបន្ទាយមានជ័យ មានសារមន្ទីរ ៣ ដែលសារមន្ទីរបន្ទាយមានជ័យស្ថិតក្នុងក្រុងសិរីសោភ័ណ សារមន្ទីរតូចមួយ ស្ថិតនៅបរិវេណសាលាស្រុកស្វាយចេក មានផ្ទុកកុលាលភាជន៍ចំនួន ៣២៦ និងសារមន្ទីរទេពកោសាស្នាយ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ មានកុលាលភាជន៍ប្រមាណ ១០០ ដែលមិនទាន់បានចុះបញ្ជីច្បាស់លាស់។
វត្ថុទាំងអស់នៅសារមន្ទីរបន្ទាយមានជ័យ ត្រូវបានចុះបញ្ជីមានចំនួន ២ ១២១ ដុំ/រូប ហើយកុលាលភាជន៍ទាំងអស់មានចំនួន ១ ១៤១ និងមានការចុះបញ្ជីថ្មីចំនួន ៨៧៦ ហើយនៅសល់តូចៗត្រូវបានដាក់ចុះបញ្ជីរួម និងរក្សាទុកក្នុងធុង។
លោកបានឱ្យដឹងថា ក្រៅពីសារមន្ទីរទាំង ៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មានស្ដូបមួយដែលផ្ទុកសុទ្ធតែឆ្អឹង ស្ថិតក្នុងស្រុកអូរជ្រៅ។ ទីនោះមានកុលាលភាជន៍ប្រមាណពី ៣០ ទៅ ៥០។
លោក បញ្ញារិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មែនទែនទៅ យើងមិនទាន់មានមគ្គុទ្ទេសក៍ច្បាស់លាស់ទេ។ ខាងបុរាណវិទ្យា មានតែខ្ញុំម្នាក់នៅទីនេះ និងមន្ដ្រីក្របខ័ណ្ឌ ២-៣ នាក់ និងមន្ដ្រីកិច្ចសន្យា ២-៣ នាក់។ មន្ដ្រីយើងអាចណែនាំបានខ្លះចំពោះកូនសិស្សក៏ដូចជាភ្ញៀវទេសចរដែលមានចម្ងល់។ យើងគ្មានមគ្គុទ្ទេសក៍បរទេសទេ»។
កុលាលភាជន៍ត្រូវបានរៀបចំទុកដាក់នៅជាន់លើនៃសារមន្ទីរ និងត្រូវបានបែងចែកតាមប្រភេទ តាមសម័យកាល នៅលើធ្នើររួចរាល់អស់ហើយ។ ទីនោះ ត្រូវបានបង្កើតឡើងសម្រាប់ជាកន្លែងទស្សនាវត្ថុបុរាណផង និងជាមន្ទីរពិសោធន៍ផង។
លោក បញ្ញារិទ្ធ បាននិយាយថា៖ «ការរក្សាកុលាលភាជន៍នៅជាន់ខាងលើនេះ ដោយសារវាផ្ដល់ភាពងាយស្រួលសម្រាប់ការចូលទស្សនា ជាពិសេសការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស»។
កុលាលភាជន៍ខ្លះនៅល្អស្អាត ខ្លះឆែបតិចតួច ហើយខ្លះទៀតបែកបាក់ជាច្រើនបំណែកដែលទាមទារឱ្យក្រុមការងារធ្វើការជួសជុលតម្រៀបផ្គុំឡើងវិញ។
លោក បញ្ញារិទ្ធ ជាបុរាណវិទូ បានទទួលស្គាល់ថា៖ «ការផ្គុំឡើងវិញ វាពិតជាលំបាក ដោយសារវាផុយដែលត្រូវពង្រឹងតាមមុខរបស់វា មុនពេលបិទផ្គុំ ដោយវត្ថុខ្លះមានរហូតដល់ ៥០ បំណែក។ សម្ភារខ្លះ ពេលភ្ជាប់រួចរាល់ហើយ នៅសល់ប្រហោងតូចមួយទៀត»។
លោកបានឱ្យដឹងថា ក្រុមការងារកំពុងតែស្វែងរកប្រភពនៃវត្ថុនីមួយៗថា តើវាមានប្រភពមកពីណា សម័យកាលណា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបែងចែក ជាពិសេសសម្រាប់អ្នកសិក្សាស្រាវជ្រាវ។
កុលាលភាជន៍មួយចំនួនត្រូវបានធ្វើកំណាយឃើញនៅតាមទីទួលបុរាណ និងក្នុងបរិវេណកប់សពបុរាណ។ លោកបានឱ្យដឹងថា ក្រៅពីកុលាលភាជន៍ក្នុងស្រុក ការតាំងបង្ហាញនៅសារមន្ទីរនោះ ក៏មានតាំងកុលាលភាជន៍បុរាណចិន និងថៃ ដែលត្រូវបានរកឃើញក្នុងផ្នូរ ដែលទំនងជាវត្ថុជំនួញដោះដូរគ្នា។
លោក បញ្ញារិទ្ធ បានបន្ថែមថា វត្ដមានភ្ញៀវដែលភាគច្រើនជាសិស្សមានមធ្យមចន្លោះពីជាង ៣០០ ទៅ ៤០០ នាក់ ក្នុង ១ ខែ។ ចំណែកភ្ញៀវបរទេស មានតែ ៤ ទៅ ៥ នាក់ ក្នុង ១ ខែ ទោះបីជាសារមន្ទីរស្វាគមន៍ភ្ញៀវដោយឥតគិតថ្លៃទាំងភ្ញៀវជាតិ និងអន្ដរជាតិពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រាល់ម៉ោងធ្វើការក៏ដោយ។
លោក Andy Brouwer ជាអ្នកស្រាវជ្រាវឯករាជ្យ និងជាអ្នកនិពន្ធ បានសរសេរលើហ្វេសប៊ុករបស់លោកថា លោកលើកទឹកចិត្ដឱ្យពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាសារមន្ទីរនេះដោយឥតគិតថ្លៃ។
លោកបានបន្ដថា៖ «សារមន្ទីរធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដើម្បីបើកឱកាសឱ្យសិស្សទទួលបានកម្មវិធីអប់រំកេរដំណែលសម្រាប់កុមារដែលជាជំនួយផ្នែកប្រវត្ដិសាស្ដ្របាន ១ ភាគ ៣»។
ពលរដ្ឋភាគច្រើនមិនបានដឹងពីសារមន្ទីរនេះ និងមិនដឹងថា ការទស្សនាមិនឥតគិតថ្លៃទេ រួមទាំងភ្ញៀវបរទេស។ នេះបើតាមលោក វណ្ណា អនុប្រធានមន្ទីរវប្បធម៌ខេត្ត ទទួលបន្ទុកសារមន្ទីរ។
លោកថ្លែងថា៖ «គ្រោងឆ្អឹងដែលយើងដាក់តាំងនេះមាន ៤ ទូដែលបានពីកំណាយស្រាវជ្រាវនៅភូមិសូភី និងកំណាយសង្គ្រោះនៅបន្ទាយឆ្មារ។ គ្រោងឆ្អឹងទាំងនេះខ្មែរយើងបន្សល់តាំងពីមុនសម័យអង្គរ»។
លោក វណ្ណា បានលើកឡើងថា ការថែរក្សាទុករហូតដល់សព្វថ្ងៃនេះ លោកបានពន្យល់ថា សពក្នុងដី ជាពិសេសដីឥដ្ឋមិនងាយពុកផុយ ដូចជា ដីខ្សាច់ និងដីកំបោរនោះទេ។
អនុប្រធានមន្ទីរវប្បធម៌ខេត្ដរូបនេះ ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេស សិស្ស និស្សិតមកក្រេបយកចំណេះដឹងពីសារមន្ទីរបានឱ្យដឹងថា ក្រៅពីសិស្សានុសិស្សចន្លោះពី ៥ ទៅ ១០ នាក់ ក្នុង ១ ថ្ងៃ ប្រជាពលរដ្ឋទូទៅ មិនសូវជាចង់ចូលទស្សនាទេ ដោយសារពួកគេយល់ថា គ្មានអ្វីមើលក្រៅពីខ្មោច និងថ្ម។
លោកបានបញ្ជាក់ថា៖ «ភ្ញៀវភាគច្រើនចូលទៅមើលចាប់អារម្មណ៍វត្ថុកំណាយ ដូចជា អង្កាំ ដែលត្រូវបានដាក់បង្ហាញ។ នាពេលអនាគត ខាងក្រសួងនឹងធ្វើការស្នើសុំលក់សំបុត្រសម្រាប់ភ្ញៀវបរទេស»។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/profile.php?id=100069109016784៕